សហជីពកម្ពុជា នៅថ្ងៃពុធនេះបង្ហាញជំហរប្រឆំាងដាច់ខាត ចំពោះការប៉ុនប៉ងរបស់តំណាងនិយោជក នៅលើពិភពលោក ដែលបានស្នើឲ្យដកចេញសិទ្ធិធ្វើកូដកម្មជាមូលដ្ឋានរបស់កម្មករ នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
ការបង្ហាញជំហរនេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍រួមមួយ និងការធ្វើសន្និសីទសារព័ត៌មាន នៅទីស្នាក់ការរបស់សហភាពការងារកម្ពុជា(CLC) នាព្រឹកថ្ងៃពុធទី១៨ ខែកុម្ភៈ ឆ្នំា២០១៥។
សេចក្តីថ្លែងការណ៍រួមរបស់សហជីពកម្ពុជា រួមមានសហភាពការងារកម្ពុជា សហភាពសហជីពកម្ពុជា សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ចុះថ្ងៃទី១៨ ខែកុម្ភ នេះឲ្យដឹងថា ក្នុងនាមខ្លួនជាតំណាង សហជីពអន្តរជាតិ IPUC ប្រចំាកម្ពុជា ដែលជាសមាជិករបស់សហជីពពិភពលោក ប្រឆំាងដាច់ខាតចំពោះតំណាងនិយោជកប្រចំានៅគណៈកម្មការ កិច្ចប្រជុំការងារថ្នាក់អន្តរជាតិ ដែលធ្វើមួយឆ្នាំម្ដង ILO-ILC (ILO-GB) ដែលបានស្នើឲ្យមានការលុបចោលសិទ្ធិធ្វើកូដកម្ម ចេញពីសិទ្ធិជាមូលដ្ឋានរបស់កម្មករ ដូចមានចែងក្នុងអនុសញ្ញា អង្គការពលកម្មអន្តរជាតិ ILO។
សេចក្តីថ្លែងការណ៍រួមបន្ថែមថា បើទោះបីជាមានប្រទេសភាគច្រើនជាសមាជិកអង្គការការពលកម្មអន្តរជាតិ ILO បានដាក់បញ្ចូលសិទ្ធិកូដកម្ម ជាសិទ្ធិមូលដ្ឋាននៅក្នុងរដ្ឋធម្មនុញ្ញច្បាប់ការងារ និងអនុសញ្ញា ILO យ៉ាងណាក៏ដោយ ក៏តំណាងនិយោជកតែងតែយាយី និងបំពារបំពានសិទ្ធិកូដកម្មយ៉ាងខ្លំាងដែរ ព្រោះតែនិយោជកមានទ្រពសម្បត្តិច្រើន មានអំណាច និងជាអ្នកជួលកម្មករផ្ទាល់ និងពេលខ្លះមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយមន្ត្រីនយោបាយ ។
ថ្លែងក្នុងសន្និសីទប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា ប្រសិនបើតុលាការ ICJ សម្រេចដកសិទ្ធិកូដកម្ម ជាសិទ្ធិមូលដ្ឋានរបស់កម្មករ តាមការស្នើរបស់និយោជកមែននោះការប៉ុនប៉ងរបស់និយោជក នឹងកាន់តែបង្កឱកាសឲ្យនិយោជកគាបសង្កត់ និងធ្វើទុក្ខបុកម្នេញដល់កម្មករ ខណៈបច្ចុប្បន្ននិយោជកភាគច្រើនមិនបានគោរពសិទ្ធិកម្មករ។
លោកថ្លែងថា«វាជាឧបករណ៍ច្បាប់មួយ ធ្វើឲ្យនិយោជកនៅជុំវិញពិភពលោក នឹងបង្កើនការយាយីបំពារបំពាន និងរំលោភច្បាប់ និងរំលោភទៅលើសិទ្ធិកម្មករកាន់តែខ្លាំងទៅ ពេលនោះហើយកម្មករទៅជាអ្នករងគ្រោះហើយ ទៅជារបបទាសភាពនៅក្នុងសម័យថ្មី នេះគឺជាអ្វីដែលយើងយល់ឃើញ ដោយសារតែទោះបីជាច្បាប់កម្ពុជាមានការចែងយ៉ាងតឹងពីសិទ្ធិកម្មករ ជាសិទ្ធិមូលដ្ឋានយ៉ាងណាក៏ដោយ ក៏នៅតែនិយោជកឆ្លាតបាន ប៉ុន្តែយើងត្រូវបានឈ្នះក្តីមកវិញ ដោយសារច្បាប់អត់មានចែង ប៉ុន្តែបើសិនជាត្រូវដក យើងនឹងមានបញ្ហា»។
ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជាលោក ជួន មុំថុល មានប្រសាសន៍ថា បច្ចុប្បន្នកម្មករមិនមានសិទ្ធិអ្វីច្រើនសម្រាប់តវ៉ាទេ គឺមានតែសិទ្ធិធ្វើកូដកម្មដោយសន្តិវិធីនេះ ដើម្បីតបតទៅនឹងនិយោជក ដែលពួកគាត់មានការមិនពេញចិត្តនឹងបញ្ហាអ្វីមួយ ហើយបើបំបាត់សិទ្ធិនេះទៀតកម្មករនឹងរងគ្រោះ។
លោកថា«យើងអំពាវនាវដល់និយោជកទាំងអស់ហ្នឹង កម្មករអត់មានលុយទេ កម្មករមានអាសិទ្ធិតែបន្តិចហ្នឹង បើដកសិទ្ធិហ្នឹងអស់ទៀត សិទ្ធិធ្វើកូដកម្មហ្នឹង មានន័យថាកម្មករហ្នឹងជាដុំឈើហើយ យើងចង់អំពាវនាវអញ្ចឹង»។
លោកអាត់ ធន់ បានឲ្យដឹងថាកាលពីម្សិលមិញលោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ក៏គំាទ្រចំពោះសំណើរបស់សហជីពដែរ គឺសុំកុំឲ្យលុបចោលសិទ្ធិធ្វើកូដកម្មជាមូលដ្ឋានរបស់កម្មករ ហើយថាលោកនឹងព្យាយាមបញ្ចុះបញ្ចូលទៅកាន់រដ្ឋាភិបាលប្រទេសក្នុងអាស៊ានឲ្យគំាទ្រការប្រឆំាងរបស់សហជីពលើពិភពលោក។
គួរបញ្ជាក់ថា កាលពីចុងឆ្នំា២០១៤ អង្គការពលកម្មអន្តរជាតិ ILOបានយកសំណើរបស់ក្រុមនិយោជកដែលសុំសម្រេចដកសិទ្ធិកូដកម្មជាសិទ្ធិមូលដ្ឋានរបស់កម្មករ ទៅកាន់តុលាការអន្តរជាតិ ICJ៕
VOD
ដោយ៖ ជន ស្រីណុច និង ខាន់ លក្ខិណា | ថ្ងៃពុធ ទី18 កុម្ភៈ 2015
No comments:
Post a Comment