Wednesday, February 18, 2015

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ថា​ប្រព្រឹត្ត​អំពើពុករ​លុយ​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​ដល់​តុលាការ​ភ្នំពេញ​ថា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ពុករលួយ ករណី​ដោះលែង​ឪពុក​ម្ដាយ​ឧកញ៉ា​ថោង សារ៉ាត់ ដោយ​លោក​ស្នើឲ្យ ក្រសួង​យុត្តិធម៌ និង​ឧត្តម​ក្រុមប្រឹក្សានៃចៅ​ក្រមពិនិត្យ​មើល​បញ្ហា​នេះ​ជាបន្ទាន់​។

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ​កុម្ភៈ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ថា មិន​បាន​ចាត់វិធានការ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​លើ​ករណី​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​នានា ជាពិសេស​ការដោះលែង​ឪពុក​ម្ដាយ​លោក​ឧកញ៉ា​ថោង សារ៉ាត់ ដែល​សាលាឧទ្ធរណ៍​បាន​បដិសេធ​ពាក្យសុំ​នៅ​ក្រៅ​ឃុំ ហើយ​សំណុំរឿង​កំពុង​បញ្ជូន​ទៅ​តុលាការ​កំពូល ប៉ុន្តែ​បែរជា​ចៅក្រម​សាលាដំបូង​សម្រេច​ដោះលែង​ទៅវិញ​។ លោក​មានប្រសាសន៍ថា «​ហើយ​អា​ច្បាប់​ហ្នឹង ក្រែងលោ​ច្បាប់​ក្រដាស់​មួយរយ ហើយ​មួយរយ​តា​វា​ម៉ា​លាន​សន្លឹក ថា​ត្រឹមតែ​ហាសិប​ម៉ឺន​សន្លឹក​ចុះ វា​ត្រូវ​ប្រាំ​លាន​»​។​

​កន្លង​ទៅ​ឧកញ៉ា ថោង សារ៉ាត់ បាន​ផ្សាយ​ខ្សែអាត់​សំឡេង​មួយ អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជួយ​អន្តរាគមន៍​ករណី​ដែល​ចោទថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើឃាត​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ក្នុង​ខ្សែអាត់​សំឡេង​នោះ​ឧកញ៉ា​ថោង សារ៉ាត់ អះអាងថា ប្រើប្រាស់​លុយ​រាប់​ម៉ឺន​ដុល្លារ​លើ​ប្រព័ន្ធតុលាការ​។ លោក​លើកឡើង​ថា «​ទៅ​ខ្ចី​គេ​ខ្ចី​ឯង លក់​គ្រឿងអលង្ការ​មួយចំនួន​ដែល​នៅសល់ ដើម្បី​យក​ទៅ​ដូរ​តូ​ឲ្យ​តុលា​ចាយវាយ​ខ្ចាតខ្ចាយ​រាប់សិប​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ហើយ​ប៉ា​ម៉ាក់​ខ្ញុំ​អត់​បាន​ចេញ​ហើយ គេ​យក​ទៅ​ទៀត ទារ​ច្រើនណាស់ គាត់​ហួងហែង​ស៊ី​គ្រួសារ​ខ្ញុំ​តែ​ម្តង វា​អាក្រក់​ខ្លាំងណាស់​»​។

​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​ដឹងថា មាន​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​នេះ​យូរ​មក​ហើយ​។ លោក​បន្តថា អ្វី​ដែល​ដែល​ប្រជាពលរដ្ឋ​ចង់​ឃើញ គឺ​ការកែទម្រង់​ជា​ប្រព័ន្ធ និង​វិស័យ​អទិភាព​ផ្សេងៗ ដូច​ដែល​សង្គម​ស៊ីវិល​បាន​រកឃើញ​។ លោក​ព្រាប កុល បន្តថា ការបង្ក្រាប​អំពើ​ពុករលួយ​នេះ មិនមែន​ធ្វើ​ម្តងម្កាល​នោះទេ គឺ​ត្រូវ​ធ្វើ​ជា​ប្រចាំ ជា​ប្រព័ន្ធ ដូច​ភ្លៀងរលឹម ទើប​មាន​ប្រសិទ្ធភាព​។​

​យោង​តាម​ស្រាវជ្រាវ​របស់​អង្គការ​តម្លាភាព​កម្ពុជា និង​ការ​ស្រា​ជ្រាវ​របស់​អង្គកា​រមូលិ​ធិ​អាស៊ី ស្តី​ពី​អំពើ​ពុករលួយ​នៅ​កម្ពុជា​បានឲ្យដឹងថា អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ស្ថិត​ក្នុង​លំដាប់​ទី​១ ស្ថាប័ន​នគរបាល​ស្ថិតក្នុង​លំដាប់​ទី​២ និង​សេវា​សាធារណៈ​ស្ថិត​ក្នុង​លំដាប់​ទី​៣​។​

VOD
ដោយ៖​ ថោ ស៊ីណា​ | ថ្ងៃពុធ ទី18 កុម្ភៈ 2015

No comments:

Post a Comment