Monday, February 23, 2015

សកម្មជន​អារ៉ែង លោកអាឡិច ត្រូវ​បាន​ចាប់ខ្លួនហើយ​​

សកម្មជនអារ៉ែង លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែល​ជាជន​ជាតិ​អេស្ប៉ាញ ត្រូវ​បាន​ចាប់ខ្លួនហើយ​នៅ​រសៀល​ថ្ងៃ​ចន្ទនេះ។

អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា​លោក​អាឡិច​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋានមួយ​ក្បែរ​ផ្សាររាត្រី រាជធានីភ្នំពេញ​ នៅ​វេលាម៉ោង​ប្រហែល​១និង​៣០នាទី​ ។ លោក​បន្ត​ថា​​ក្រុម​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​ឧត្តម​សេនីយ៍មួយ​រូប​មិន​ស្គាល់​ឈ្មោះ បាន​ចាប់ខ្លួន​លោកអាឡិច ដាក់​រថយន្ត​មួយ ​។ លោក​មិន​ទាន់​អាច​បញ្ជាក់​ថា​តើ​សមត្ថកិច្ច​នឹង​បញ្ជូន​លោក​អាឡិច​ទៅ​ណា​នោះ​ទេ ។ លោក​ថា​លោក​កំពុង​​ធ្វើ​ដំណើរ​ទៅ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បី​តាម​ដាន​ករណីនេះ ។​

ការ​ចាប់ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ ប្រតិកម្ម​នឹង​អ្ន​ក​រិះគន់​រដ្ឋាភិបាល​ដែល​មិន​បានពន្យារ​ទិដ្ឋា​ការ​​ដល់​សកម្មជន​​ការ​ពារ​​​ព្រៃ​ឈើ​នៅ​តំបន់​​អារ៉ែង លោក លោក​ អាឡិច ឲ្យបន្ត​​រស់​នៅប្រទេស​កម្ពុជា​បន្ត​ទៀត។​ ក្នុងពិធីចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍ថា ប្រទេស​កម្ពុជា​ជា​​រដ្ឋអធិបតេយ្យមួយ ហើយ​ប្រសិន​បើ​​ជន​បរទេស​ និង​ប្រជាជន​ខ្មែរ​ណា​បំពាន គឺ​ត្រូវ​តែ​មានទោស ។ លោក​នាយករដ្ឋមន្រ្តី​បន្ត​ថា​ ករណីនេះ កំពុង​តែ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​កាន់​តែ​អាក្រក់ ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ និង​ត្រូវ​ចូល​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​កម្ពុជា ។ លោក​បញ្ជាក់​ថា​«​គេ​សុខចិត្ត​ឲ្យ​នៅ​រហូត​ដល់​អស់ទិដ្ឋាការ។ អញ្ចឹង​យើង​ចេញ​ទៅ​សិន​ទៅ រួចហើយ​ចាំ​សុំត្រឡប់​មកវិញ វា​ទាស់ខុសអី។ ចាំបាចប់ង្កើតស្ថានភាពនេះ(ឲ្យ​កាន់​តែ​អាក្រក់)។ តែ​គេ​បណ្តេញចេញ​ហើយ​ វាត្រូវ​ចូលក្នុង​បញ្ជីខ្មៅ។ វា​ចប់​ហើយ។ អាហ្នឹង​ហើយ​គេថា​ចង់​ជ្រុល…»។

VOD មិនទាន់អាច​សុំ​ការ​បញ្ជាក់​ភ្លាមៗ​ពី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​នៅឡើយទេ ។

លោក អា​ឡិច ជា​ជនជាតិ​អេស្ប៉ាញ​ដែល​បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ជាង​១០​ ឆ្នាំមកហើយ និង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់លាស់ ព្រមទាំង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថា មាតា​ធម្មជាតិ ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង ។ ​ទិដ្ឋាការ​របស់លោក​អាឡិច បាន​ផុតកំណត់​កាលពី​ថ្ងៃទី​២០​ ខែកុម្ភៈ ឆ្នាំ​២០១៥ ៕

VOD
ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី23 កុម្ភៈ 2015

No comments:

Post a Comment