អ្នកនាង ស៊ុន ណារីម៉ូនីកា នាពេលកន្លងមក (រូបភាព៖ វង្ស សុម៉ាលីន) |
ក្នុងជំនួបដោយផ្ទាល់ តារាកំប្លែងដែលនៅតែមានប្រជាប្រិយភាពខាងក្រមិចក្រមើមរូបនេះនិយាយថា អ្នកនាងបានទទួលសិទ្ធិរួចហើយ ក្នុងការរៀបចំក្រុមហ៊ុនផ្លូវការមួយ ដែលមានសេវាស្វែងរកគូស្រករឲ្យជនជាតិខ្មែរ ដែលចង់ទៅរស់នៅប្រទេសបារាំង តាមរយៈអាពាហ៍ពិពាហ៍។ ក្រុមហ៊ុននោះទំនងជាមានឈ្មោះថា "ស៊ុនណារីម៉ូនីការ ស្វែងរកគូស្រករ" ដោយប្រទេសដែលអ្នកនាងមានសិទ្ធិធានាទៅគឺប្រទេសបារាំង ដែលអ្នកនាងរស់នៅ ។ អ្នកនាងលើកឡើងពីការដុតដៃដុតជើងយ៉ាងសកម្មក្នុងការរៀបចំជាការិយាល័យចំនួន២កន្លែង ដោយមួយកន្លែងស្ថិតនៅភ្នំពេញ និងមួយកន្លែងស្ថិតនៅទីក្រុងប៉ារីស ខណៈដែលសេវានោះក៏ត្រូវប្រកាសឡើងតាមបណ្ដាញហ្វេសប៊ុក ដើម្បីឲ្យមានការដឹងឮទូលំទូលាយ។
អញ្ចឹងហើយទើបអ្នកនាងឡើងចុះៗស្រុកខ្មែរយ៉ាងចម្លែក ដើម្បីរៀបចំបុគ្គលិកពេញលេញឲ្យក្លាយជាទីប្រឹក្សាក្នុងការចាត់ចែងពីសេវាស្វែងរកគូស្នេហ៍ សម្រាប់ជនជាតិខ្មែរដែលចង់ទៅរស់នៅស្របច្បាប់ក្នុងប្រទេសបារាំង និងសម្រាប់ជនបរទេស ឬជនជាតិខ្មែរជាអាណិកជនដែលចង់បានគូជីវិតនៅក្នុងប្រទេសកម្ពុជា។ អ្នកនាងនិយាយថា «កន្លងមកបងនៅបារាំង បងជួយណែនាំខ្មែរយើងឲ្យបានការជាមួយគ្នាច្រើនណាស់អូន ទើបបងនឹកឃើញបើកក្រុមហ៊ុនហ្នឹងឡើងតែម្ដង ដើម្បីរកស៊ីផង ដើម្បីជួយខ្មែរយើងឲ្យបានទៅរស់នៅស្របច្បាប់នៅហ្នឹងផង ។ ប្រហែលជាខែបីខែបួន ក្រុមហ៊ុនបងដំណើរការហើយ ព្រោះខាងបារាំងទើបតែឲ្យច្បាប់»។
អ្នកនាងប្រាប់ថានៅក្នុងប្រទេសបារាំងអ្នកនាងមានទំនាក់ទំនងជាមួយជនជាតិខ្មែរ និងជនជាតិអ៊ឺរ៉ុបច្រើនណាស់ ដោយសារតែនៅទីនោះ អ្នកនាងគឺជាអ្នកកំប្លែងផង និងច្រៀងរាំ នៅក្នុងរង្គសាលមួយក្នុងទីក្រុងប៉ារីស។ ក្នុងនោះអ្នកនាងក៏ទទួលរៀបចំការប្រគំតន្ត្រី ដើម្បីចេញច្រៀងតាមខេត្តនានារបស់ប្រទេសបារាំង និងឧស្សាហ៍ចេញច្រៀងនៅសហរដ្ឋអាមេរិក និងកាណាដាមិនសូវខានផងដែរ។ អ្នកនាងបន្តថា នៅក្នុងប្រទេសបារាំងមានកំលោះក្រមុំច្រើនណាស់ ដែលចង់មានប្ដីឬប្រពន្ធជាជនជាតិខ្មែរ ប៉ុន្តែពួកគេមិនដឹងទាក់ទងខាងណាឲ្យច្បាស់ ទើបអ្នកនាងសម្រេចសុំសិទ្ធិបើកក្រុមហ៊ុនឡើង ដើម្បីជួយជនជាតិខ្មែរក្នុងស្រុកឲ្យបានគូជីវិតនៅក្នុងប្រទេសបារាំង និងជួយឲ្យពួកគេបានចេញទៅរស់នៅស្របច្បាប់នៅទីនោះផង។
អ្នកនាងស្នើឲ្យជនជាតិខ្មែរ ដែលមានបំណងចង់ទៅរស់នៅប្រទេសបារាំង តាមរយៈអាពាហ៍ពិពាហ៍ទាក់ទងក្រុមហ៊ុនរបស់អ្នកនាង ឬទទួលព័ត៌មានក្នុងPage របស់អ្នកនាង ដើម្បីពិភាក្សាគ្នាសម្រាប់លក្ខខណ្ឌចាត់ចែង ឲ្យឈានដល់ការធានាចេញទៅរស់នៅទីនោះបន្ទាប់ពីមានអាពាហ៍ពិពាហ៍។ អ្នកនាងនិយាយថា «សេវាហ្នឹងអត់ពិបាកទេ ហើយបងក៏អត់យកលុយមុនអីដែរ គឺខាងបងជួយរកមនុស្សទាល់តែភាគីម្ខាងៗពេញចិត្តហើយបានរៀបការចេញទៅប្រទេសបារាំង ទើបតម្រូវឲ្យបង់លុយ ព្រោះនៅបារាំងយើងអត់ចេះតែធ្វើបានទេ តែខូចឈ្មោះម្ដងសុំសិទ្ធិគេបើកស្អីក៏មិនបានដែរ អត់មានទៅបោកអ្នកណាកើតទេ»។
អ្នកនាងលើកឡើងពីការវិបាកក្នុងការចាត់ចែងសេវានេះ ប៉ុន្តែបានថ្លែងប្រាប់ថា ពេញចិត្តដោយសារតែនៅប្រទេសបារាំង អ្នកនាងស្គាល់ជនជាតិខ្មែរ និងជនបរទេសដែលចង់បានគូស្រករនៅស្រុកខ្មែរច្រើន និងគិតដូចគ្នាថានៅក្នុងប្រទេសខ្មែរ ក៏មិនខ្វះអ្នកចង់បានប្ដីប្រពន្ធនៅក្នុងប្រទេសបារាំង ព្រមជាមួយនឹងឱកាសចេញទៅរស់នៅទីនោះស្របច្បាប់ ។ អ្នកនាងនិយាយថា «កន្លងមកបងធ្លាប់ធានាតារាសិល្បៈទៅច្រៀងនៅបារាំងច្រើន ប៉ុន្តែពួកហ្នឹងក្រឡុកយើងពេក ទើបបងបិទចោល ឥឡូវបងបើកក្រុមហ៊ុនជួយស្វែងរកគូស្រករហ្នឹងវិញ ព្រោះអាហ្នឹងវាអត់រញ៉េរញ៉ៃ ហើយនៅបារាំងមានតែក្រុមហ៊ុនបងទេ ដែលបារាំងវាឲ្យលិខិតស្របច្បាប់ហ្មង ព្រោះយើងនៅហ្នឹងមានក្រេឌីតល្អ»។
អ្នកនាងគ្រោងដឹករថយន្ត៣គ្រឿងពីបារាំង មកឲ្យក្រុមហ៊ុនការងារចាត់ចែងការងារ ក្រោយពេលការិយាល័យក្រុមហ៊ុនដំណើរការ ដោយសារតែរថយន្តនៅទីនោះមានតម្លៃទាប និងទំនើបដែលចំណេញជាងទិញនៅស្រុកខ្មែរ ។
គួរបញ្ជាក់ថា អ្នកនាងស៊ុន ណារីម៉ូនីកា គឺជាតារាកំប្លែងដែលមានឈ្មោះបោះសំឡេង និងជាអតីតភរិយាបងប្រុសរបស់នាយកុយ គឺនាយជ្រុញ ។ អ្នកនាងបានចាកចេញពីប្រទេសកម្ពុជាប្រមាណជាង១០ឆ្នាំមកហើយ ក្រោយពីកេរ្តិ៍ឈ្មោះល្បីល្បាញជាមួយនាយកុយ ។ រយៈពេល៤ឆ្នាំចុងក្រោយ អ្នកនាងត្រូវគេឃើញឡើងចុះស្រុកខ្មែរញឹក ខណៈដែលការច្រៀងរាំលើឆាកទូរទស្សន៍ក្នុងស្រុកក៏ចាប់ផ្ដើមមានជាថ្មីក្នុងដំណើរលើកនេះ។ អ្នកនាងអះអាងថា ក្រោយក្រុមហ៊ុនដំណើរការ អ្នកនាងនឹងឡើងចុះស្រុកខ្មែរញឹកជាងមុន ដោយគ្រោងទទួលការងារសិល្បៈពេញលេញផង ៕
VOD
ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃពុធ ទី18 កុម្ភៈ 2015, 09:00 AM
No comments:
Post a Comment