នៅទីក្រុងប៉ារីស ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧២ អនុសញ្ញាស្តីអំពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកបានបង្កើតជាផ្លូវការ។ មកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៥ ទើបអនុសញ្ញាចាប់ផ្តើមមានសុពលភាព ហើយគិតមកដល់ឆ្នាំ២០១៤ មានប្រទេសជាសាមាជិកចំនួន១៩១ជាហត្ថាលេខី។
តាំងពីបង្កើតអនុសញ្ញាការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅឆ្នាំ១៩៧២មក គិតត្រឹមឆ្នាំ២០១៤មានតំបន់បេតិកភណ្ឌពិភពលោកចំនួន១០០៧បានបញ្ចូលជាបេតិកភណ្ឌពិភពលោក ក្នុងនោះមានបេតិកភណ្ឌផ្នែកវប្ប--ធម៌ចំនួន៧៧៩ បេតិកភណ្ឌផ្នែកធម្មជាតិចំនួន១៩៧ និងបេតិកភណ្ឌវប្បធម៌-ធម្មជាតិចំនួន៣១។
ជាលក្ខណៈប្រវត្តិសាស្ត្រ តាំងពីឆ្នាំ១៩៧២មកដល់សព្វថ្ងៃនេះ ទើបតែមានតំបន់២ប៉ុណ្ណោះដែលត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។ តំបន់បេតិកភណ្ឌពិភពលោកដែលបានដកចេញមាន២៖ ទី១នៅអារ៉ាបៀនអូរីស (Arabian Oryx Sanctuary)នៃប្រទេសអូមែន(សហព័ន្ធអារ៉ាប់) ដែលត្រូវគេដកនៅឆ្នាំ២០០៧ ដោយសាររដ្ឋាភិបាលនៃប្រទេសនោះស្នើសុំបង្រួមតំបន់ការពារ ព្រោះថាសម្បត្តិដែលត្រូវការពារបានបាត់បង់ច្រើន។ ម្យ៉ាងតំបន់នោះជាប្រភពប្រេងកាត និងឧស្ម័ន ប្រទេសជាម្ចាស់ផ្ទះក៏ស្នើសុំដកចេញវិញ។ ទី២នៅទ្រេសឌេនអេល (Dresden Elbe Valley) ប្រទេសអាល្លឺម៉ង់ដែលត្រូវគេដកពីបញ្ជីនៅឆ្នាំ២០០៩ ដោយសាររដ្ឋាភិបាលសង់ស្ពានថ្មីស្រឡាងមួយនៅកណ្តាលតំបន់បេតិកភណ្ឌនេះ ដែលគណកម្មការយល់ថា សំណង់ស្ពានថ្មីធ្វើឲ្យប៉ះពាល់ដល់ទេសភាពវប្បធម៌របស់តំបន់។
ក្នុងអត្ថបទនេះ ខ្ញុំសូមនិយាយអំពីផ្នែកវប្បធម៌ ជ្រើសយកករណីតំបន់អង្គរ ដើម្បីពញ្ញាក់ស្មារតី។ កាលបើសម្បត្តិវប្បធម៌របស់ប្រទេសណាមួយចូលជាសម្បត្តិវប្បធម៌ពិភពលោកហើយ សម្បត្តិវប្បធម៌នោះនឹងក្លាយទៅជាសម្បត្តិនៃពិភពលោកទាំងមូល(OUTSTANDING UNIVERSAL VALUE) ដែលប្រទេសជាសមាជិកនៃអនុសញ្ញាត្រូវចូលរួមថែរក្សា អភិរក្ស និងលើកតម្លៃសម្បត្តិវប្បធម៌នោះសម្រាប់ជាប្រយោជន៍សាកល។ មិនត្រឹមប៉ុណ្ណោះ សម្បត្តិវប្បធម៌នោះនឹងត្រូវគណៈកម្មការបេតិកភណ្ឌពិភពលោកចូលរួមជួយជាផ្នែកហិរញ្ញវត្ថុ និងកិច្ចការអភិរក្ស ជួសជុលដោយមានអ្នកជំនាញអន្តរជាតិចូលរួមវាយតម្លៃ ត្បិតវាមិនមែនសម្រាប់ប្រទេសណាមួយតែឯងទៀតទេ ប៉ុន្តែសម្រាប់មនុស្សជាតិលើសាកលលោកនាបច្ចុប្បន្នកាល និងអនាគតកាល។ ទន្ទឹមនឹងនេះ គណកម្មការបេតិកភណ្ឌពិភពលោកមានសេចក្តីណែនាំដល់ដំណើរការគ្រប់គ្រង ថែរក្សា និងអភិរក្សដើម្បីធានាថាសម្បត្តិវប្បធម៌នោះមានការអនុវត្តត្រឹមត្រូវតាមបច្ចេកទេសស្តង់ដារអន្តរជាតិ។ បញ្ជាក់ម្តងទៀតថា មិនមែនស្តង់ដារជាតិទេ វាជាស្តង់ដារកម្រិតអន្តរជាតិ។
កាលណានិយាយថា «អង្គរវត្ត» សម្រាប់សំដៅតែបរិវេណនៃប្រាសាទអង្គរវត្ត ហើយបើកាលណាខ្ញុំប្រើពាក្យថា «អង្គរ» ពាក្យនេះសំដៅទៅតំបន់អង្គរទាំងមូល។
មានជាតិសាសន៍ច្រើនលើលោកយើងនេះបានស្គាល់អង្គរស្ទើរគ្រប់ៗគ្នា។ ខ្ញុំធ្លាប់ឮមិត្តខ្ញុំដែលគេធ្លាប់ទៅរៀននៅស្រុកក្រៅ គេតែងណែនាំខ្លួនថា ខ្ញុំមកពីនេះពីនោះ។ ភាគច្រើនមិត្តភក្តិខ្ញុំប្រាប់ថា ពេលនិយាយថា«កម្ពុជា» ឥតមានអ្នកណាស្គាល់ទេ ប៉ុន្តែបើនិយាយថា «អង្គរវត្ត» គេនាំគ្នាងក់ក្បាលព្រមៗគ្នា។ មែនឬ?
អង្គរជាបុរាណដ្ឋានដែលសម្បូណ៌ទៅដោយសំណង់សាសនាបុរាណ ហើយស្ថិតនៅចន្លោះបឹងទន្លេសាប និងភ្នំ គូលែន។ ភស្តុតាងផ្នែកបុរាណវិទ្យាបង្ហាញថា នៅតំបន់អង្គរមានមនុស្សរស់នៅតាំងពីដើមដំបូងនៃគ.សមកម្ល៉េះ ហើយក៏មានមនុស្សរស់នៅបន្តរហូតមកដល់សព្វថ្ងៃនេះ។ នៅសម័យកណ្តាលវិញ(ស.វទី១៥-១៨) ទោះបីរាជធានីខ្មែរប្តូរទៅលង្វែក ក្រោយមកទៅឧដ្តុងយ៉ាងណាក្តី ប៉ុន្តែបូជនីយដ្ឋានអង្គរមួយនេះនៅតែជាទីគោរពបូជារបស់ខ្មែរ និងសាសន៍ដទៃរៀងដរាប។
ក្នុងចំណោមបេតិកភណ្ឌពិភពលោករូបី១០០៧ និងអរូបី៣៦៤ កម្ពុជាទើបតែបញ្ចូលសម្បត្តិវប្បធម៌បានចំនួន៤ប៉ុណ្ណោះ។ បើគិតមកត្រឹមឆ្នាំ២០១៤នេះ គឺមានបេតិកភណ្ឌរូបី២ (ប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ) និងបេតិកភណ្ឌអរូបី២ (របាំព្រះរាជទ្រព្យ និងល្ខោនស្បែកធំ)។ សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែព្យាយាមបញ្ចូលសម្បត្តិវប្បធម៌ក្នុងបេតិកភណ្ឌពិភពលោកបន្ថែមទៀត។ សូមបញ្ជាក់ថា កម្ពុជាមិនទាន់មានបេតិកភណ្ឌពិភពលោកផ្នែកធម្មជាតិទេ។
នៅឆ្នាំ១៩៩២ តំបន់អង្គរបានបញ្ចូលជាបេតិកភណ្ឌពិភពលោក។ ការបញ្ចូលគ្រានោះស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌក្នុងគ្រាអាសន្ន។ ពេលនោះ យើងមិនទាន់បានរៀបចំឯកសារឪ្យបានគ្រប់គ្រាន់ទេ ព្រោះសង្គ្រាមទើបបានបញ្ចប់ថ្មោងថ្មី។ ពោលគឺ មិនទាន់គ្រប់លក្ខខណ្ឌពេញលេញនៅឡើយ ហើយគេទុកពេលឲ្យយើងសិក្សា និងរៀបចំឯកសារបន្ថែមដោយមានអ្នកជំនាញទាំងខ្មែរ និងបរទេសធ្វើការជាមួយគ្នាសស្រាក់សស្រាំ។ ពេលនោះហើយដែលគេចាប់ផ្តើមរៀបចំតំបន់ការពារអង្គរដោយបែងចែកជា៥តំបន់គឺ តំបន់១ជាតំបន់រមណីយដ្ឋានមានប្រាសាទ តំបន់២ជាតំបន់ឧទ្យានបុរាណវត្ថុត្រូវការពារ។ល។ដូចមានចែងក្នុងមាត្រា២នៃព្រះរាជ្យក្រឹត្យស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ លេខ០០១នស ចុះថ្ងៃទី២៨ ឧសភា ១៩៩៤។
បន្ទាប់មក បង្កើតអាជ្ញាធរអប្សរាដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរដែលមានស្វ័យភាពរដ្ឋបាល និងហិរញ្ញវត្ថុ ដូចមានចែងក្នុងព្រះរាជ្យក្រឹត្យលេខ នស/រកត/០២៩៥/១២ ថ្ងៃទី១៩ កុម្ភៈ ១៩៩៥។ នៅឆ្នាំ១៩៩៩ អាជ្ញាធរអប្សរាត្រូវប្តូរឲ្យស្ថិតនៅក្រោមអាណាព្យាបាលទីស្តីការគណៈរដ្ឋមន្ត្រីសម្របតាមលក្ខន្តិកៈគតិយុត្តិនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល។ ដើម្បីឲ្យកាន់តែច្បាស់នៅឆ្នាំ២០០៤ ព្រះរាជ្យក្រឹត្យលេខនស/រកត/០៩០៤/២៦៧ ថ្ងៃទី២០ កញ្ញា ២០០៤ បានសម្រួលមាត្រាខ្លះ ដោយមានខ្លឹមសារថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធានក្រុមប្រឹក្សានៃអាជ្ញាធរអប្សរា និងជាប្រធានអាជ្ញាធរអប្សរា។ ហើយវាជាឆ្នាំដែលអង្គរបានត្រូវបញ្ចូលជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូគ្រប់តាមលក្ខខណ្ឌនៃបេតិកភណ្ឌពិភពលោក។
តាំងពីតំបន់អង្គរចូលជាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២ ស្ថាប័នជាច្រើនមកពីបណ្តាប្រទេសផ្សេងៗមកជួយជ្រោមជ្រែងផ្នែកថវិកា សិក្សាស្រាវជ្រាវ ថែរក្សាសម្បត្តិវប្បធម៌មួយនេះដោយបានផ្តល់ជាអ្នកជំនាញមកផង។ ប្រទេសទាំងនោះមានដូចជា ឥណ្ឌា បារាំង ជប៉ុន អាល្លឺម៉ង់ ចិន កូរ៉េខាងត្បូង អូស្ត្រាលី អ៊ីតាលី អាមេរិច ញូវហ្សែលេន ស្វីស ហុងគ្រី ថៃ សិង្ហបុរី។ល។ បើតាមការថ្លែងសុន្ទរកថារបស់ឧបនាយករដ្ឋមន្ត្រី សុខ អាន នៅពេលបុណ្យអង្គរសង្ក្រាន្តនៅឆ្នាំ២០១៤បានឪ្យដឹងថា កិច្ចការខាងលើទាំងអម្បាលនេះចំណាយមូលនិធិអន្តរជាតិជាង៥០០លានដុល្លារ មានគម្រោងជាង៧០ បង្កើតដោយ២០ប្រទេស និងអង្គការអន្តរជាតិ៣០ក្រោមការសម្របសម្រួលអំពីគណកម្មការសម្របសម្រួលអន្តរជាតិ(ICC-Angkor)។
ចំនួនមូលនិធិខាងលើនេះច្រើនណាស់ដែលកម្ពុជាជាម្ចាស់ផ្ទះមិនអាចមានលទ្ធភាពផ្គត់ផ្គង់បានទេ។ ទោះយកចំណូលសារុបប្រចាំឆ្នាំពីការចូលមើលអង្គរមកផ្គត់ផ្គង់ ក៏តិចជាងជិត១០ដងឯណោះ។ ចំណែក អ្នកជំនាញតាមស្ថាប័នទាំងនោះក៏កម្ពុជាកំពុងតែខ្វះខាតដែរមកដល់ពេលនេះ។ ការចុះបញ្ជីអង្គរវត្តជាបេតិកភណ្ឌពិភពលោកនេះសោត វាក៏ជួយផ្សព្វផ្សាយមួយផ្នែកឪ្យពិភពលោកដឹងថា អង្គរវត្តមានតែមួយគត់នៅលើលោក ហើយជាតម្លៃរបស់ពិភពលោកទាំងមូលដែលតាំងទីនៅប្រទេសកម្ពុជា។ បើចង់មើលអង្គរវត្ត ទាល់តែទៅកម្ពុជា។
ចុះបើដកអង្គរវត្តចេញពីបញ្ជីវិញ? តើខាត ឬចំណេញ? វានឹងមិនមានបញ្ហាធំដំអ្វីទេ បើកម្ពុជាជាប្រទេសអ្នកមាន និងមានធនធានមនុស្សច្រើន។ ប្រសិនបើមានរឿងបែបនេះកើតឡើងមែន វាមិនត្រឹមតែធ្វើឪ្យអង្គរកាន់តែដុនដាបទេ តែមុខមាត់ប្រទេសជាម្ចាស់ដៃគូរក៏កាន់តែអាម៉ាសពេកណាស់ទៅទៀតលើឆាកអន្តរជាតិ ព្រោះថែរក្សាសម្បត្តិវប្បធម៌មិនអាចកាត់ថ្លៃមួយមិនបាន។ ករណីដោយឡែក ប្រទេសខ្លះស្នើចុះបញ្ជីបេតិកភណ្ឌពិភពលោក តែសុំដកចេញវិញនាពេលក្រោយពីពិនិត្យឃើញថា ការចេញមានប្រយោជន៍ច្រើនជាងចុះបញ្ជីក៏មាន។
ការដកបេតិកភណ្ឌពិភពលោកណាមួយពីបញ្ជីមិនមែនជារឿងពិបាកឡើយ ដូចតំបន់ទាំង២ខាងលើជាភស្តុតាងជាក់ច្បាស់។ ជារៀងរាល់ឆ្នាំ មួយឆ្នាំ២ដង គណៈកម្មការសម្របសម្រួលអន្តរជាតិដោយមានទូតប្រទេសបារាំង និងជប៉ុនជាសហប្រធានតែងតែបើកកិច្ចប្រជុំ ដើម្បីវាយតម្លៃ ពិនិត្យ និងផ្តល់អនុសាសន៍លើតំបន់បេតិកភណ្ឌអង្គរមួយនេះជាដរាប។ ទោះយ៉ាងនេះក្តី កិច្ចការពារ ថែរក្សា អភិរក្សបេតិកភណ្ឌមួយនេះជាភារកិច្ចសំខាន់តែមួយគត់របស់អាជ្ញាធរអប្សរាក្រោមការបញ្ជាពីទីស្តីការគណៈរដ្ឋមន្ត្រី ហើយអាជ្ញាធរក៏ត្រូវដឹងថា កិច្ចការទាំងនេះបើធ្វើតែម្នាក់ឯងនឹងមិនអាចគង់វង្សឡើយ ដរាបណាខ្វះការចូលរួមពីប្រជាពលរដ្ឋ ពិសេសអ្នកអង្គរ។ ប៉ុន្តែបញ្ហាធំត្រង់ថា ប្រជាពលរដ្ឋរកគន្លិះមិនទាន់ឃើញនៅឡើយថា ខ្លួនជាម្ចាស់ស្រុកទទួលបានអ្វីខ្លះពីអង្គរនេះហើយឬនៅ?
សូមចងចាំថា ការថែរក្សាអង្គរជារឿងជាតិទាំងមូលមិនត្រូវច្របល់គ្នាដូចនំបញ្ចុកជាមួយបក្សនយោបាយទេ។ សូមពលរដ្ឋទាំងអស់រួមគ្នាដើម្បីថែរក្សាអង្គរតាមវិជ្ជាដែលខ្លួនមានជាដរាបតរៀងទៅ៕
VOD
ដោយ៖ យារ ឆវាន់ | ថ្ងៃពុធ ទី18 កុម្ភៈ 2015, 09:19 PM
No comments:
Post a Comment