Showing posts with label មតិយោបល់. Show all posts
Showing posts with label មតិយោបល់. Show all posts

Saturday, February 21, 2015

លិខិត​មិត្ត​អ្នកអាន​៖ ប្រសិនបើ​អង្គរ​ត្រូវ​ដកចេញ​...?​

នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៧២ អនុសញ្ញា​ស្តី​អំពី​កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក​បាន​បង្កើត​ជា​ផ្លូវការ​។ មកដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​១៩៧៥ ទើប​អនុសញ្ញា​ចាប់ផ្តើម​មាន​សុពលភាព ហើយ​គិត​មកដល់​ឆ្នាំ​២០១៤ មាន​ប្រទេស​ជា​សា​មាជិក​ចំនួន​១៩១​ជា​ហត្ថាលេខី​។

​តាំង​ពី​បង្កើត​អនុសញ្ញា​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​នៅ​ឆ្នាំ​១៩៧២​មក គិត​ត្រឹម​ឆ្នាំ​២០១៤​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន​១០០៧​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ក្នុងនោះ​មាន​បេតិកភណ្ឌ​ផ្នែក​វ​ប្ប​--​ធម៌​ចំនួន​៧៧៩ បេតិកភណ្ឌ​ផ្នែក​ធម្មជាតិ​ចំនួន​១៩៧ និង​បេតិកភណ្ឌ​វប្បធម៌​-​ធម្មជាតិ​ចំនួន​៣១​។

ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ តាំងពី​ឆ្នាំ​១៩៧២​មកដល់​សព្វថ្ងៃនេះ ទើបតែ​មាន​តំបន់​២​ប៉ុណ្ណោះ​ដែល​ត្រូវ​ដកចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ​។ តំបន់​បេតិកភណ្ឌ​ពិភពលោក​ដែល​បាន​ដកចេញ​មាន​២៖ ទី​១​នៅ​អា​រ៉ា​បៀ​ន​អូ​រី​ស (Arabian Oryx Sanctuary)​នៃ​ប្រទេស​អូ​មែន​(​សហព័ន្ធ​អារ៉ាប់​) ដែល​ត្រូវ​គេ​ដក​នៅ​ឆ្នាំ​២០០៧ ដោយសារ​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ស្នើសុំ​បង្រួម​តំបន់​ការពារ ព្រោះ​ថា​សម្បត្តិ​ដែល​ត្រូវ​ការពារ​បាន​បាត់បង់​ច្រើន​។ ម្យ៉ាង​តំបន់​នោះ​ជា​ប្រភព​ប្រេងកាត និង​ឧស្ម័ន ប្រទេស​ជា​ម្ចាស់ផ្ទះ​ក៏​ស្នើ​សុំ​ដក​ចេញ​វិញ​។ ទី​២​នៅ​ទ្រេស​ឌេ​ន​អេ​ល (Dresden Elbe Valley) ប្រទេស​អាល្លឺម៉ង់​ដែល​ត្រូវ​គេ​ដក​ពី​បញ្ជី​នៅ​ឆ្នាំ​២០០៩ ដោយសារ​រដ្ឋាភិបាល​សង់ស្ពាន​ថ្មីស្រឡាង​មួយ​នៅ​កណ្តាល​តំបន់​បេតិកភណ្ឌ​នេះ ដែល​គណកម្មការ​យល់​ថា សំណង់​ស្ពាន​ថ្មី​ធ្វើឲ្យប៉ះពាល់​ដល់​ទេសភាពវប្បធម៌​របស់​តំបន់​។​

​ក្នុង​អត្ថបទ​នេះ ខ្ញុំ​សូម​និយាយ​អំពី​ផ្នែក​វប្បធម៌ ជ្រើស​យក​ករណី​តំបន់​អង្គរ ដើម្បី​ពញ្ញាក់​ស្មារតី​។ កាល​បើ​សម្បត្តិ​វប្បធម៌​របស់​ប្រទេស​ណាមួយ​ចូល​ជា​សម្បត្តិ​វប្បធម៌​ពិភពលោក​ហើយ សម្បត្តិ​វប្បធម៌​នោះ​នឹង​ក្លាយទៅជា​សម្បត្តិ​នៃ​ពិភពលោក​ទាំងមូល​(OUTSTANDING UNIVERSAL VALUE) ដែល​ប្រទេស​ជា​សមាជិក​នៃ​អនុសញ្ញា​ត្រូវ​ចូលរួម​ថែរក្សា អភិរក្ស និង​លើក​តម្លៃ​សម្បត្តិ​វប្បធម៌​នោះ​សម្រាប់​ជា​ប្រយោជន៍​សាកល​។ មិន​ត្រឹម​ប៉ុណ្ណោះ សម្បត្តិ​វប្បធម៌​នោះ​នឹង​ត្រូវ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ចូលរួម​ជួយ​ជា​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ចការ​អភិរក្ស ជួសជុល​ដោយ​មាន​អ្នកជំនាញ​អន្តរជាតិ​ចូលរួម​វាយតម្លៃ ត្បិត​វា​មិនមែន​សម្រាប់​ប្រទេស​ណា​មួយ​តែ​ឯង​ទៀត​ទេ ប៉ុន្តែ​សម្រាប់​មនុស្សជាតិ​លើ​សាកលលោក​នា​បច្ចុប្បន្នកាល និង​អនាគតកាល​។ ទន្ទឹមនឹងនេះ គណកម្មការ​បេតិកភណ្ឌ​ពិភពលោក​មាន​សេចក្តីណែនាំ​ដល់​ដំណើរការ​គ្រប់គ្រង ថែរក្សា និង​អភិរក្ស​ដើម្បី​ធានា​ថា​សម្បត្តិ​វប្បធម៌​នោះ​មាន​ការអនុវត្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​ស្តង់ដារ​អន្តរជាតិ​។ បញ្ជាក់​ម្តងទៀត​ថា មិនមែន​ស្តង់ដារ​ជាតិ​ទេ វា​ជា​ស្តង់ដារ​កម្រិត​អន្តរជាតិ​។
​កាលណា​និយាយថា «​អង្គរវត្ត​» សម្រាប់​សំដៅ​តែ​បរិវេណ​នៃ​ប្រាសាទ​អង្គរវត្ត ហើយ​បើកាលណា​ខ្ញុំ​ប្រើ​ពាក្យ​ថា «​អង្គរ​» ពាក្យ​នេះ​សំដៅ​ទៅ​តំបន់​អង្គរ​ទាំងមូល​។

​មាន​ជាតិ​សាសន៍​ច្រើន​លើ​លោក​យើង​នេះ​បាន​ស្គាល់​អង្គរ​ស្ទើរ​គ្រប់ៗ​គ្នា​។ ខ្ញុំ​ធ្លាប់​ឮ​មិត្ត​ខ្ញុំ​ដែល​គេ​ធ្លាប់​ទៅ​រៀន​នៅ​ស្រុក​ក្រៅ គេ​តែង​ណែនាំ​ខ្លួន​ថា ខ្ញុំ​មក​ពី​នេះ​ពី​នោះ​។ ភាគច្រើន​មិត្តភក្តិ​ខ្ញុំ​ប្រាប់​ថា ពេល​និយាយថា​«​កម្ពុជា​» ឥត​មាន​អ្នកណា​ស្គាល់​ទេ ប៉ុន្តែ​បើ​និយាយថា «​អង្គរវត្ត​» គេ​នាំ​គ្នា​ងក់ក្បាល​ព្រមៗ​គ្នា​។ មែនឬ​?

​អង្គរ​ជា​បុរាណ​ដ្ឋា​ន​ដែល​សម្បូណ៌​ទៅ​ដោយ​សំណង់​សាសនា​បុរាណ ហើយ​ស្ថិត​នៅ​ចន្លោះ​បឹង​ទន្លេសាប និង​ភ្នំ គូលែន​។ ភស្តុតាង​ផ្នែក​បុរាណវិទ្យា​បង្ហាញថា នៅ​តំបន់​អង្គរ​មាន​មនុស្ស​រស់​នៅ​តាំង​ពី​ដើមដំបូង​នៃ​គ​.​ស​មកម្ល៉េះ ហើយក៏​មាន​មនុស្ស​រស់​នៅ​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ នៅ​សម័យ​កណ្តាល​វិញ​(​ស​.​វ​ទី​១៥-១៨) ទោះបី​រាជធានី​ខ្មែរ​ប្តូរ​ទៅ​លង្វែក ក្រោយមក​ទៅ​ឧ​ដ្តុង​យ៉ាងណាក្តី ប៉ុន្តែ​បូជនីយដ្ឋាន​អង្គរ​មួយ​នេះ​នៅតែ​ជាទី​គោរពបូជា​របស់​ខ្មែរ និង​សាសន៍​ដទៃ​រៀង​ដរាប​។

​ក្នុងចំណោម​បេតិកភណ្ឌ​ពិភពលោក​រូបី​១០០៧ និង​អរូបី​៣៦៤ កម្ពុជា​ទើបតែ​បញ្ចូល​សម្បត្តិ​វប្បធម៌​បាន​ចំនួន​៤​ប៉ុណ្ណោះ​។ បើ​គិត​មក​ត្រឹម​ឆ្នាំ​២០១៤​នេះ គឺ​មាន​បេតិកភណ្ឌ​រូបី​២ (​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ព្រះវិហារ​) និង​បេតិកភណ្ឌ​អរូបី​២ (​របាំ​ព្រះ​រាជទ្រព្យ និង​ល្ខោនស្បែក​ធំ​)​។ សព្វថ្ងៃនេះ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ព្យាយាម​បញ្ចូល​សម្បត្តិ​វប្បធម៌​ក្នុង​បេតិកភណ្ឌ​ពិភពលោក​បន្ថែមទៀត​។ សូមបញ្ជាក់​ថា កម្ពុជា​មិនទាន់មាន​បេតិកភណ្ឌ​ពិភពលោក​ផ្នែក​ធម្មជាតិ​ទេ​។
​នៅ​ឆ្នាំ​១៩៩២ តំបន់​អង្គរ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​។ ការបញ្ចូល​គ្រានោះ​ស្ថិត​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ក្នុង​គ្រា​អាសន្ន​។ ពេលនោះ យើង​មិនទាន់​បាន​រៀបចំ​ឯកសា​រ​ឪ្យ​បាន​គ្រប់គ្រាន់​ទេ ព្រោះ​សង្គ្រាម​ទើប​បាន​បញ្ចប់​ថ្មោងថ្មី​។ ពោល​គឺ មិន​ទាន់​គ្រប់​លក្ខខណ្ឌ​ពេញលេញ​នៅឡើយ ហើយ​គេ​ទុក​ពេល​ឲ្យ​យើង​សិក្សា និង​រៀបចំ​ឯកសារ​បន្ថែម​ដោយ​មាន​អ្នកជំនាញ​ទាំង​ខ្មែរ និង​បរទេស​ធ្វើការ​ជាមួយគ្នា​សស្រាក់សស្រាំ​។ ពេល​នោះ​ហើយ​ដែល​គេ​ចាប់ផ្តើម​រៀបចំ​តំបន់​ការពារ​អង្គរ​ដោយ​បែងចែក​ជា​៥​តំបន់​គឺ តំបន់​១​ជា​តំបន់​រមណីយដ្ឋាន​មាន​ប្រាសាទ តំបន់​២​ជា​តំបន់​ឧទ្យាន​បុរាណវត្ថុ​ត្រូវការពារ​។​ល​។​ដូច​មានចែង​ក្នុង​មាត្រា​២​នៃ​ព្រះរាជ្យក្រឹត្យ​ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​-​អង្គរ លេខ​០០១​នស ចុះ​ថ្ងៃ​ទី​២៨ ឧសភា ១៩៩៤​។

​បន្ទាប់មក បង្កើត​អាជ្ញាធរ​អប្សរា​ដើម្បី​ការពារ​រមណីយដ្ឋាន និង​រៀបចំ​តំបន់​អង្គរ​ដែល​មាន​ស្វ័យភាព​រដ្ឋបាល និង​ហិរញ្ញវត្ថុ ដូច​មានចែង​ក្នុង​ព្រះរាជ្យក្រឹត្យ​លេខ នស​/​រកត​/០២៩៥/១២ ថ្ងៃទី​១៩ កុម្ភៈ ១៩៩៥​។ នៅ​ឆ្នាំ​១៩៩៩ អាជ្ញាធរ​អប្សរា​ត្រូវ​ប្តូរ​ឲ្យ​ស្ថិតនៅក្រោម​អាណាព្យាបាល​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្រប​តាម​លក្ខន្តិកៈ​គតិយុត្តិ​នៃ​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​។ ដើម្បី​ឲ្យ​កាន់តែ​ច្បាស់​នៅ​ឆ្នាំ​២០០៤ ព្រះរាជ្យក្រឹត្យ​លេខ​នស​/​រកត​/០៩០៤/២៦៧ ថ្ងៃទី​២០ កញ្ញា ២០០៤ បាន​សម្រួល​មាត្រា​ខ្លះ ដោយ​មាន​ខ្លឹមសារ​ថា រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​អាជ្ញាធរ​អប្សរា និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​។ ហើយ​វា​ជា​ឆ្នាំ​ដែល​អង្គរ​បាន​ត្រូវ​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ដោយ​អង្គការ​យូណេស្កូ​គ្រប់​តាម​លក្ខខណ្ឌ​នៃ​បេតិកភណ្ឌ​ពិភពលោក​។​

​តាំង​ពី​តំបន់​អង្គរ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ឆ្នាំ​១៩៩២ ស្ថាប័ន​ជាច្រើន​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​មក​ជួយ​ជ្រោមជ្រែង​ផ្នែក​ថវិកា សិក្សា​ស្រាវជ្រាវ ថែរក្សា​សម្បត្តិ​វប្បធម៌​មួយ​នេះ​ដោយ​បាន​ផ្តល់​ជា​អ្នកជំនាញ​មក​ផង​។ ប្រទេស​ទាំងនោះ​មាន​ដូចជា ឥណ្ឌា បារាំង ជប៉ុន អាល្លឺម៉ង់ ចិន កូរ៉េខាងត្បូង អូស្ត្រាលី អ៊ីតាលី អា​មេ​រិច ញូ​វ​ហ្សែ​លេន ស្វីស ហុងគ្រី ថៃ សិង្ហ​បុរី​។​ល​។ បើ​តាម​ការ​ថ្លែង​សុន្ទរកថា​របស់​ឧបនាយករដ្ឋមន្ត្រី សុខ អាន នៅ​ពេល​បុណ្យ​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំ​២០១៤​បានឪ្យដឹងថា កិច្ចការ​ខាងលើ​ទាំង​អម្បាល​នេះ​ចំណាយ​មូលនិធិ​អន្តរជាតិ​ជាង​៥០០​លាន​ដុល្លារ មាន​គម្រោង​ជាង​៧០ បង្កើត​ដោយ​២០​ប្រទេស និង​អង្គការ​អន្តរជាតិ​៣០​ក្រោម​ការសម្របសម្រួល​អំពី​គណកម្មការ​សម្របសម្រួល​អន្តរជាតិ​(ICC-Angkor)​។

​ចំនួន​មូលនិធិ​ខាងលើ​នេះ​ច្រើន​ណាស់​ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​មិន​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​បាន​ទេ​។ ទោះ​យក​ចំណូល​សារុប​ប្រចាំឆ្នាំ​ពី​ការ​ចូល​មើល​អង្គរ​មក​ផ្គត់ផ្គង់ ក៏​តិចជាង​ជិត​១០​ដង​ឯណោះ​។ ចំណែក អ្នកជំនាញ​តាម​ស្ថាប័ន​ទាំងនោះ​ក៏​កម្ពុជា​កំពុងតែ​ខ្វះខាត​ដែរ​មក​ដល់ពេលនេះ​។ ការចុះបញ្ជី​អង្គរវត្ត​ជា​បេតិកភណ្ឌ​ពិភពលោក​នេះ​សោត វា​ក៏​ជួយ​ផ្សព្វផ្សាយ​មួយ​ផ្នែក​ឪ្យ​ពិភពលោក​ដឹងថា អង្គរវត្ត​មានតែ​មួយ​គត់​នៅ​លើ​លោក ហើយ​ជា​តម្លៃ​របស់​ពិភពលោក​ទាំងមូល​ដែល​តាំងទី​នៅ​ប្រទេស​កម្ពុជា​។ បើ​ចង់​មើល​អង្គរវត្ត ទាល់តែ​ទៅ​កម្ពុជា​។​

​ចុះបើ​ដក​អង្គរវត្ត​ចេញពី​បញ្ជី​វិញ​? តើ​ខាត ឬ​ចំណេញ​? វា​នឹង​មិន​មាន​បញ្ហា​ធំ​ដំ​អ្វី​ទេ បើ​កម្ពុជា​ជា​ប្រទេស​អ្នកមាន និង​មាន​ធនធាន​មនុស្ស​ច្រើន​។ ប្រសិនបើ​មាន​រឿង​បែប​នេះ​កើតឡើង​មែន វា​មិន​ត្រឹមតែ​ធ្វើឪ្យ​អង្គរ​កាន់តែ​ដុនដាប​ទេ តែ​មុខមាត់​ប្រទេស​ជា​ម្ចាស់​ដៃគូរ​ក៏​កាន់តែ​អាម៉ាស​ពេក​ណាស់​ទៅ​ទៀត​លើ​ឆាក​អន្តរជាតិ ព្រោះ​ថែរក្សា​សម្បត្តិ​វប្បធម៌​មិន​អាច​កាត់ថ្លៃ​មួយ​មិនបាន​។ ករណី​ដោយឡែក ប្រទេស​ខ្លះ​ស្នើ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក តែ​សុំ​ដកចេញ​វិញ​នា​ពេល​ក្រោយ​ពី​ពិនិត្យឃើញថា ការ​ចេញ​មាន​ប្រយោជន៍​ច្រើន​ជាង​ចុះបញ្ជី​ក៏មាន​។​

​ការដក​បេតិកភណ្ឌ​ពិភពលោក​ណាមួយ​ពី​បញ្ជី​មិនមែនជា​រឿង​ពិបាក​ឡើយ ដូច​តំបន់​ទាំង​២​ខាងលើ​ជា​ភស្តុតាង​ជាក់ច្បាស់​។ ជា​រៀងរាល់ឆ្នាំ មួយឆ្នាំ​២​ដង គណៈកម្មការ​សម្របសម្រួល​អន្តរជាតិ​ដោយ​មាន​ទូត​ប្រទេស​បារាំង និង​ជប៉ុន​ជា​សហប្រធាន​តែងតែ​បើក​កិច្ចប្រជុំ ដើម្បី​វាយតម្លៃ ពិនិត្យ និង​ផ្តល់​អនុសាសន៍​លើ​តំបន់​បេតិកភណ្ឌ​អង្គរ​មួយ​នេះ​ជា​ដរាប​។ ទោះ​យ៉ាងនេះក្តី កិច្ចការពារ ថែរក្សា អភិរក្ស​បេតិកភណ្ឌ​មួយ​នេះ​ជា​ភារកិច្ច​សំខាន់​តែមួយគត់​របស់​អាជ្ញាធ​រ​អប្សរា​ក្រោម​ការបញ្ជា​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​អាជ្ញាធរ​ក៏​ត្រូវ​ដឹង​ថា កិច្ចការ​ទាំង​នេះ​បើ​ធ្វើ​តែ​ម្នាក់ឯង​នឹង​មិន​អាច​គង់វង្ស​ឡើយ ដរាបណា​ខ្វះ​ការចូលរួម​ពី​ប្រជាពលរដ្ឋ ពិសេស​អ្នក​អង្គរ​។ ប៉ុន្តែ​បញ្ហា​ធំ​ត្រង់​ថា ប្រជាពលរដ្ឋរ​ក​គន្លិះ​មិនទាន់​ឃើញ​នៅ​ឡើយ​ថា ខ្លួន​ជា​ម្ចាស់​ស្រុក​ទទួលបាន​អ្វីខ្លះ​ពី​អង្គរ​នេះ​ហើយ​ឬ​នៅ​?

​សូម​ចងចាំ​ថា ការថែរក្សា​អង្គរ​ជា​រឿង​ជាតិ​ទាំងមូល​មិន​ត្រូវ​ច្របល់​គ្នា​ដូច​នំ​បញ្ចុក​ជាមួយ​បក្សនយោបាយ​ទេ​។ សូម​ពលរដ្ឋ​ទាំង​អស់​រួមគ្នា​ដើម្បី​ថែរក្សា​អង្គរ​តាម​វិជ្ជា​ដែល​ខ្លួន​មាន​ជា​ដរាប​តរៀង​ទៅ​៕

VOD
ដោយ៖​ យារ ឆ​វាន់​ | ថ្ងៃពុធ ទី18 កុម្ភៈ 2015, 09:19 PM​

Friday, February 20, 2015

​សង្គម​ស៊ីវិល​ថា គម្រោង​ចាប់បញ្ជូនលោក អា​ឡិច ចេញពី​កម្ពុជា ខុសច្បាប់​អន្តោប្រវេសន៍​​

​អ្នកច្បាប់​អះអាងថា គម្រោង​ចាប់​បញ្ជូន​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អា​រ៉ែ​ង លោក អា​ឡិច ចេញពី​កម្ពុជា គឺ​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់​អន្តោប្រវេសន៍ ។​

​ការអះអាង​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ បើ​លោក អា​ឡិច មិន​ព្រម​ចាកចេញ​ពី​កម្ពុជា ពេល​ទិដ្ឋាការ​របស់​លោក​ផុតកំណត់ ។​

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ពន្យល់​ក្នុង​កម្មវិធី​តុមូល​VOD កាលពី​ថ្ងៃ​ពុធ​ម្សិញ​មិញថា លិខិតឆ្លងដែន​របស់​លោក អា​ឡិច​នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ស្អែក​នេះ តែ​លោក​អា​ឡិច អាច​បន្ត​ស្នាក់នៅ​កម្ពុជា​បាន ដោយ​មិនបាច់​ទៅសុំ​បន្ត​ទិដ្ឋាការ​ថ្មី ដោយ​ត្រូវ​បង់​ប្រាក់​ពិន័យ​៥​ដុល្លារ​ក្នុង​១​ថ្ងៃ ។ លោក​ថា លោក​អា​ឡិច គឺជា​ជន​បរទេស​មិនមែន​អន្តោប្រវេសន៍ ដែល​ក្រសួង​មហាផ្ទៃ​មិន​អាច​យក​ច្បាប់​អន្តោប្រវេសន៍ ទៅ​អនុវត្ត​លើ​បុគ្គល​នោះបានទេ ។

​លោក នី ចរិយា បញ្ជាក់ថា បើ​ក្រសួង​មហាផ្ទៃ​ចាប់​បញ្ជូន​លោក​អា​ឡិច​ចេញ​ពីម្ពុ​ជា នោះ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល ព្រមទាំង​ប្រយោជន៍​ប្រទេសជាតិ ។ លោកមានប្រសាសន៍ថា «ការដេញអាឡិចមួយ វាមិនប៉ះពាល់តែអាឡិចតែម្នាក់ឯង អាឡិចម្នាក់ឯងគ្រាន់តែជាមនុស្សម្នាក់ក្នុងចំនោមមនុស្សរាប់លាននាក់ក្នុងពិភពលោក ចុះថ្ងៃណាមួយលោតាវិនិយោគទុនដែលគេមក ស្រាប់តែគេនឹងប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា យើងមិនសប្បាយចិត្តនឹងអំពើប្រឆាំងអំពើពុករលួយ អត់ឲ្យវីសាគេថាតើវិនិយោគ លុយដែលគេយកមកវិនិយោគរាប់ពាន់លានអី គេអាចដោះស្រាយបានទេ អាហ្នឹងគឺជាបញ្ហាមួយធំណាស់ដែលបង្ហាញឲ្យវិនិយោគទុនបរទេសគេលែងមានជំនឿទៅលើរដ្ឋាភិបាល»។

​មន្ត្រី​នាយកដ្ឋាន​ជនបរទេស​មិន​អន្តោប្រវេសន៍ លោក សុខ វាសនា មានប្រសាសន៍ថា នៅ​ថ្ងៃ​២០​ខែ​កុម្ភៈ​ស្អែក​នេះ លិខិតឆ្លងដែន​លោក​អា​ឡិច​ត្រូវ​ផុតកំណត់ ។ លោក​បន្តថា បើ​ផុតកំណត់​៣០​ថ្ងៃ តាម​អនុក្រឹត្យ ត្រូវ​ចាប់​បញ្ជូន​ជន​មិន​មែន​អន្តោប្រវេសន៍​នោះ​ចេញពី​កម្ពុជា ។ លោកលើកឡើងថា «តាមច្បាប់របស់យើង អនុក្រិតយើង វាលើស៣០ថ្ងៃគាត់ត្រូវតែបង់ផាកពិន័យ ហើយចាប់បញ្ជូនចេញ អត់មានបញ្ហា ឬក៏យើងមិនបានហាមឃាតថាអត់ឲ្យគាត់ចូលវិញទេ ចឹងគាត់មានសិទ្ធិគ្រាន់តែផុតទិដ្ឋាការហ្នឹង ឲ្យគាត់អញ្ជើញចេញ ហើយមានសិទ្ធិចូលមកវិញសុំទិដ្ឋាការថ្មីម្តងទៀត»។

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក អា​ឡិច ប្រាប់​VOD​ថា បើ​រដ្ឋាភិបាល​ពិតជា​ចង់​ឲ្យ​លោក​ចាកចេញ​ពី​កម្ពុជា នោះ​លោក​នឹង​ចាកចេញ ។ តែ​លោក​មិន​មាន​ជំនឿ​ថា បាន​ត្រឡប់​មក​កម្ពុជា​វិញ​ទេ ។​

​កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ចេញ​លិខិត​មួយ​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យជួយ​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ក្នុ​ង​ទឹកដី​កម្ពុជា​ដល់​លោក​អា​ឡិច ដើម្បី​ជួយ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ។ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​មហាផ្ទៃ​លោក ឯម សំអាន បាន​ចេញ​លិខិត​ឆ្លើយតប​នឹង​ករណី​នេះ​ដែល​មាន​ខ្លឹមសារ​ថា ក្រសួង​តម្រូវ​ឲ្យ​លោក អា​ឡិច ចាកចេញ​ពី​កម្ពុជា​មួយរយៈ​សិន តែ​លោក​អេ​ឡិច​អាច​ត្រឡប់​មក​សុំ​ទិដ្ឋាការ​ស្នាក់​នៅ​កម្ពុជា​ជា​ថ្មី​វិញ​នៅពេល​ណា​ក៏​បាន ព្រោះ​ក្រសួង​មិន​មាន​គោលការណ៍​ណាមួយ​ហាម​មិនឲ្យ​ជនបរទេ​សរូបនេះ​ស្នាក់​នៅ​កម្ពុជា​នោះទេ​។​

​ដោយឡែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​លោក កឹម សុខា ក៏​បាន​ផ្ញើលិខិត​មួយ​ទៅ​ប្រធានរដ្ឋសភា​លោក ហេង សំរិន និង​មួយទៀត​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​ដែល​មាន​ខ្លឹមសារ​ដូច​គ្នា គឺ​សុំ​ឲ្យ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​បន្ត​ទិដ្ឋការដ​ល់​លោក​អាឡិ​ចបាន​ស្នាក់នៅ​ក្នុង​ទឹកដី​កម្ពុជា ដើម្បី​ជួយ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា តែ​មិន​ទាន់​មាន​ការឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ ។​

​តាម​ការស្ទង់មតិ​តាមរយៈ​ហ្វេ​សប៊ុក​របស់​VOD​ចំនួន​២​ថ្ងៃ​នេះ​ឃើញថា​៩៩​ភាគរយ នៃ​អ្នកលេង​ហ្វេ​ស​ប៊ុកជាង​៤០០០​នាក់ មិន​យល់ស្រប​នឹង​ការសម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការបណ្តេញ​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អា​រ៉ែ​ង លោក អា​ឡិច (Alex Gonzalez-Davidson) ចេញពី​ប្រទេស​កម្ពុជា​ឡើយ ។​

សូមជម្រាបថា លោក អា​ឡិច ជា​ជនជាតិ​អេ​ស្ប៉ា​ញ បាន​មក​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​នេះ​ជាច្រើន​ឆ្នាំ ចេះ​និយាយ​ភាសា​ខ្មែរ​ច្បាស់ និង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថា មាតា​ធម្មជាតិ ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង ខេត្ត​កោះកុង​៕

VOD
ដោយ៖​ ណាត សុភាព​ | ថ្ងៃព្រហស្បតិ៍ ទី19 កុម្ភៈ 2015, 05:36 PM​

Wednesday, February 18, 2015

សង្គមស៊ីវិលយល់ថាអំណាចតុលាការនៅតែស្ថិតក្នុងកណ្តាប់ដៃនាយករដ្ឋមន្ត្រី​

ក្រុម​អ្នក​វិភាគ និង​អ្នកឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស លើក​ឡើង​ថា ការ​ដែល​រដ្ឋាភិបាល ប្រកាស​ឲ្យចាត់​​វិធា​នការ លើ​ម​ន្ត្រី​តុ​លាការ ដែលអសកម្ម បង្ហាញ​ពីរូបភាព ធ្វើកំណែងទម្រង់ តាមបែប​ត្រួត​ត្រាប្រ​ព័ន្ធ​យុ​ត្តិធម៌។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ ម្សិលមិញប​ញ្ជា​​​​​​​ឲ្យ ក្រសួង​ពាក់ព័ន្ធ មានទាំង​ក្រសួងយុត្តិធម៌ ឧត្តមក្រុ​​មប្រឹក្សា​​នៃ​អង្គ​ចៅ​ក្រមផង បើកការ​​ស៊ើបអ​ង្កេត​​ប​​​​​​ន្ទា​​ន់​​​​​មួយ ​ដើម្បី​ចាត់វិធានការ​ លើ​​ម​​ន្ត្រី​​​​​​​សា​លាដំបូងរាជធានី​ភ្នំពេញ ​ដែលលោករក​ឃើញ​ថា ធ្លាប់​ដោះ​លែ​​​ង​ជន​ជាប់​ចោទ ទាក់​ទិន​នឹង​ឃាត​​កម្ម​​​​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េងជឺ ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​ប្រសាសន៍​ថា««​ខ្ញុំ​ថា​អា​កាន់​ព្រនុង ម៉េច​ក៏​វា​ជាប់គុក គ្រាន់​តែ​កាន់​ព្រនុង​វា​ជាប់គុក ជាប់ឃុំ ដ៏​អានេះ​កាំភ្លើង​ដ៏​ប្រាំបី​ដើម វា​ទៅ​ជា​រួចខ្លួន ទៅឲ្យ​នៅ​ក្រៅ​ឃុំ រួច​ហើយ​ប្រាប់ ចេះ​ទៅតាម​ចាប់​បាន​វិញ កុំ​អី​រឿង​ធំ​ណាស់ ប៉ិន​រឿង​ដែល​វា​អស្ចារ្យ វា​នៅ​កន្លែង​នៀក ម្សិលម៉ិញ​ខ្ញុំ​ពិនិត្យ​សុំនុំរឿង​ដែល​ខ្ញុំ​ស្នើសុំ​ឲ្យ​មាន​ការ​ធ្វើ​ អធិការកិច្ច​ទៅ​លើ​ឧត្តម​ក្រុមប្រឹក្សា​ចៅក្រម​ធ្វើ​អធិការកិច្ច​លើ​ សុំនុំរឿង​មួយនេះ ព្រោះ​អ​ញ្ចេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​មិន​ព្រមឲ្យ​នៅ​ក្រៅ​ឃុំ​ទេ ព្រោះ​ខ្ញុំ​ត្រូវ​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌ ធ្វើ​របាយការណ៍​ឲ្យ​ខ្ញុំ​ដែរ​រឿង​ហ្នឹង​វា​យ៉ាង​ម៉េច បាន​ខ្ញុំ​មាន​សំណើរ​សុំ​ធ្វើ​អធិការកិច្ច​ហ្មង ព្រោះ​បើ​មិនចឹង​រដ្ឋាភិបាល​ធ្វើងា​ប់ទាំង​ខ្លួន​ទៀតក៏​មិន​គ្រប់គ្រាន់​នឹង ​ការបំផ្លាញ​របស់​ចៅក្រម​ខ្លះ​ទេ​»។​

ក្រោយ​នាយក​រដ្ឋ​មន្ត្រី​ព្រមាន​ឲ្យចាត់​វិធានការ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អាំង មាលតី ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​។

ប្រធាន​ស៊ើប​អង្កេត​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា យល់​ថា ដើម្បី​ធានា​ពីយុត្តិ ធ៌​មសង្គម រដ្ឋាភិបាល​ត្រូវ​ជំរុញ​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព ជា​ជាង​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​គោរព​អនុសាសន៍។ លោក​ថា ការ​ដក​តំណែង​ប្រធាន​តុលាការ​ភ្លាមៗ​នេះ ជា​ភស្តុតាង​មួយ​ទៀត​បញ្ជាក់​ថា ប្រព័ន្ធ​យុត្តិ​ធម៌​ស្ថិត​ក្រោ​ម​កណ្តាប់​ដៃ​នាយក​រដ្ឋមន្ត្រី។

លោក​បន្តថា«ឥឡូវ​យើ​ងគួរ​​តែ​ពិ​និត្យ​មើលថា​ នៅ​ពេល​ដែល​នាយក​រដ្ឋ​មន្រ្តី​និយាយ​បាន​ តុលាការ​ហ្នឹង​កំរើក​ទៅ បានឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​ហ្នឹង​កំរើក​ទៅ​ អញ្ចឹង​វា​បង្ហាញ​ថា តុលាការ​ដែល​ស្ថិត​នៅ​ក្រោម​អំណាចបុគ្គល ក្រោម​អំណាច​លនាយក​រដ្ឋ​មន្ត្រី​អញ្ចឹង​ គឺជាតុលាករមួយ​ដែលមិន​អាចធានាបាន​រក​យុត្តិ​ធម៌ជូន​ប្រជាពល​រដ្ឋ​ទូទៅ​ទេ»។​​

អ្នក​វិ​ភាគ​សង្គម លោក អ៊ូ វីរៈ អះអាង​ថា លោក​គ្មាន​ជំនឿ​ច្រើន​លើវិធានការ​នេះទេ ដោយ​លោក​អះអាង​ថា កន្ល​ងទៅ​លោក​នាយក​រដ្ឋមន្ត្រី ក៏ធ្លាប់​សន្យា​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ រហូតដាក់ជីវិត តែ​ទី​បំផុត​មិនអាច​ទប់​​​​ស្កាត់​បាន។ ប៉ុន្តែ​លោក​យល់​ថា ចំណាត់ការ​នេះ អាច​បង្ហាញ​ថា គណបក្ស​ប្រជា​​ជន​កម្ពុជា​ចង់​ស្តារប្រ​​ជា​ប្រិ​​យ​​ភាព​ឡើង​វិញ ដោយ​លែង​ហ៊ាន​ជិះសេះ​លែង​ដៃ​ដូច​អាណត្តិ​មុនៗ។

លោក​បន្តថា«ចំពោះខ្ញុំបើ​សិន​ជា​ចង់​ឲ្យតុលាការមាន​ប្រ​សិទ្ធភាព​ ទាល់តែធ្វើ​កំណែ​ទម្រង់ច្បាប់​ទាំង​៣​ ដែល​ចង​តុលាការ​ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម បើ​សិន​ជាអត់​អញ្ចឹង​ទេ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​គាត់​ ជា​ស្ថាប័ន​នយោ​បាយ អញ្ចឹង​គាត់ចាំតែមើល​រឿង​នយោ​បាយ​តើ»។ ​ ​ ​

នា​យ​កប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល យល់ថា វិធានការ​របស់រដ្ឋាភិបាល​ពេល​នេះ ​អា​​ច​ជា​ការ​ធ្វើកំណែ​ទម្រង់ តាម​អនុសាសន៍​របស់​សង្គមស៊ីវិល ដែលរកឃើញ​ថា កា​រផ្តល់​សេ​វានៅ​កម្ពុជា មានអំ​ពើ​ពុករលួយ​ជា​ប្រព័ន្ធ។ ម្យ៉ាង​ទៀត​លោក​ថា វិធានការ​នេះ​ធ្វើ​ឲ្យ​មន្ត្រីតុ​​លា​ការ​ផ្សេ​​ង​ទៀ​ត ខ្លាច​បាត់​​ប​ង់តំ​​​ណែ​ង​តាម​អំណាច​នាយក​រដ្ឋម​ន្ត្រីទៅ​វិញ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយអះអាងថា ក្រ​សួ​​​ង​​លោក ទទួល​យក​ពាក្យ​បណ្ដឹង​ទាំង​អស់​សូម្បី​តែពលរដ្ឋ​សាមញ្ញ ដែល​ជួបប្រ​ទះនឹង​អំពើអយុត្តិធ​ម៌​ណា​មួ​​យ​ ដើម្បី​ពិចារណា​វិធានការ​ច្បាប់ មិនមែនចាំ​តែ​ទទួល​បញ្ជា​ពី​រដ្ឋាភិបាល​ទេ។

យ៉ាង​ណា​ក៏​ដោយ​នៅ​អាណត្តិទី៥នេះ រដ្ឋាភិបាល​បាន​ធ្វើ​ច្បាប់​យ៉ាង​តិច​ចំនួន​៣ នូវអ្វីដែល​រដ្ឋាភិបាល​អះអាង​ថា ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា។​ ប៉ុន្តែសង្គមស៊ីវិល​រក​ឃើញ​ថា​ច្បាប់ ធ្វើកំណែ​ទម្រង់​ដែល​កំពុង​ចូ​​ល​ជាធរមាន​នោះ រឹត​តែបង្កើន​អំណាច​ឲ្យ​រដ្ឋាភិ​បាល​ត្រួត​ត្រា​តុលាការ​ទៅវិញ​ទេ។

៽VOD
ដោយ៖​ លោក ញឹម សុខន​ | ថ្ងៃពុធ ទី18 កុម្ភៈ 2015