ប៉ាន់ រិទ្ធា
![]() |
សារ និងរូបថតបង្ហាញសកម្មភាពសិល្បៈរបស់លោក ឡារី។ ហ្វេសប៊ុក |
ភ្នំពេញៈ មើលទៅភាពឌឺដងដាក់គ្នារបៀបសង្គ្រាមពាក្យសម្តីរវាងតារាសម្តែងប្រុសដែលមហាជនភាគច្រើនស្គាល់ថាជាតារាប្រុសរូបសង្ហាជាសកម្មជន ឬ មាននិន្នាការទៅរកគណបក្សប្រឆាំងលោក សោភ័ណ្ឌ ឡារី មិនព្រមបញ្ចប់កម្តៅឡើយដោយក្រោយពីតារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះសារលាតត្រដាងពីជីវិតសិល្បៈ ២ ទសវត្សរ៍ តារាបក្សសង្គ្រោះជាតិរូបនេះក៏បង្ហាញរូបថតដែលបញ្ជាក់ថាលោកក៏ជាអ្នកសិល្បៈមួយរូបយ៉ាងជាក់ច្បាស់ដែរ។
ថ្មីៗនេះ លោក សោភ័ណ្ឌ ឡារី បានបង្ហោះរូបថតទាំងចាស់ និងថ្មីៗ មានភាពពាក់ព័ន្ធទៅកិច្ចការងារនៅក្នុងវិស័យសិល្បៈច្រើនសន្លឹក ហាក់ដូចជាមានចេតនាមួយចង់បង្ហាញអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបច្ចុប្បន្នគឺជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលបានចាត់ទុករូបលោកថាមិនមែនអ្នកសិល្បៈនោះ។
ដូចជាការបង្ហោះរូបថតចាស់កាលខ្លួននៅក្មេងសង្ហាជាងពេលនេះប៉ុន្មានសន្លឹក ដោយមានក្លែមសម្តីជាសារតាមហ្វេសប៊ុកថា៖ «ខ្ញុំស្រណោះរាងរៅកាលនៅសង្ហា និងកំពុងតែសម្តែងរឿងភាគឲ្យទូរទស្សន៍ក្នុងស្រុកមួយចំនួន!ហិ!ហិ!ហិ!»។
មិនតែប៉ុណ្ណោះគេក៏ឃើញរូបថតជាច្រើនទៀតដែលបានបង្ហោះលាយឡំគ្នារវាងសកម្មភាពជួយសង្គម និងសិល្បៈតាមទំព័រហ្វេសប៊ុកតារាប្រុសរូបនេះដដែល ដោយមានសារដ៏វែងអន្លាយថា៖ «អរុណសួស្តី ពុកម៉ែ បងប្អូនមិត្តភក្តិទាំងអស់គ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុក!ម្សិលមិញខ្ញុំរវល់តែរឿងយួនវ៉ៃសម្លាប់ខ្មែរ និងផ្តល់អណ្តូងទឹកដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង។ ខ្ញុំភ្លេច មិនបានបង្ហោះបង្ហាញអំពីសកម្មភាព និងភ័ស្តុតាង ដែលបញ្ជាក់ថា ខ្ញុំជាអ្នកសិល្បៈ ដែលអ្នកស្រីប្រធាន សមាគមថ្មោងថ្មីចោទប្រកាន់ខ្ញុំថា ខ្ញុំពុំមែនជាអ្នកសិល្បៈនោះទេ គ្មានឆន្ទៈ និងសតិសម្បជញ្ញៈជាពលរដ្ឋខ្មែរឡើយ។ ខាងក្រោមនេះជាសកម្មភាពខ្ញុំថតជាមួយលោកស្រីប្រធាន»។
មុននេះភាពភ្ញាក់ផ្អើលផ្ទុះឡើងកក្រើកពិភពសិល្បៈជាមួយឆន្ទៈគាំទ្រមុតមាំពីសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន បានប្រតិកម្មទៅនឹងសមាជិកសភាខ្មែរ-អូស្រ្តាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា លោក ហុង លីម និងបានចេញមុខធ្វើញត្តិថ្កោលទោសដែលបញ្ឆេះឡើងជាសង្គ្រាមពាក្យសម្ដីផ្ញើឆ្លងឆ្លើយក្នុងបណ្តាញសង្គមហ្វេសប៊ុក រវាងរូបនាង និងអតីតតារាសម្តែងបាត់បង់ឱកាសការងារសិល្បៈព្រោះគាំទ្របក្សសង្គ្រោះជាតិ លោក សុភ័ណ្ឌ ឡារី ដែលបានស្នើទៅអ្នកនាង ចន ច័ន្ទលក្ខិណា។
ក្នុងគណនីហ្វេសប៊ុក «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» អមដោយរូបថតឈររួមជាមួយមន្ត្រីនាំពាក្យនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមន្ត្រីទូត នៅស្ថានទូតអូស្ត្រាលីនោះ ក៏បានបរិយាយសារបង្ហាញបន្ថែមថា នាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៦ ៖ «ខ្ញុំបាទតំណាងសមាគមមិត្តសិល្បៈ រួមជាមួយនឹងអ្នកតវ៉ាមួយចំនួនទៀត បានដាក់ញតិ្តស្នើសុំការអន្តរាគមន៍ និងថ្កោលទោស ជូនរដ្ឋសភាជាតិ ព្រឹទ្ធសភា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ ថ្វាយព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងករណី លោក ហុង លីម តំណាងរាស្ត្រជាតិខ្មែរ-អូស្ត្រាលី ដែលបានប្រមាថ មាក់ងាយលើរបបកម្ពុជាបច្ចុប្បន្ន»។
ក្រោយពីផ្ទុះសម្ដីតទល់ជាមួយលោក សុភ័ណ្ឌ ឡារី អ្នកនាង ចន ច័ន្ទលក្ខិណា ចំអកទៅវិញថា ៖ «ឆ្លើយតបទៅនឹងការលើកឡើងដោយគ្មានមូលដ្ឋាន និងភ័ស្តុតាងច្បាស់លាស់ របស់បុគ្គលសកម្មជនគណបក្ស CNRP នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន គឺគ្រាន់តែជាការឆ្លៀតឱកាសកេងចំណេញនយោបាយ សម្រាប់តែគណបក្សនយោបាយរបស់ខ្លួន និងផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីភាពគ្មានឆន្ទ: និងសតិសម្បជញ្ញៈជាពលរដ្ឋខ្មែរឡើយ»៕
No comments:
Post a Comment