ប៉ាន់ រិទ្ធា
![]() |
សារអំពាវនាវលក់ដីធ្លី ផ្ទះសំបែងសរុប ៣៥ ម៉ឺនដុល្លាររបស់អ្នកនាង ខាត់ សុឃីម។ ហ្វេសប៊ុក |
ភ្នំពេញ: ខណៈថ្មីៗនេះ តារាចម្រៀងស្រីបុរាណលាយសម័យ សម្បូរទេពកោសល្យអ្នកនាង ខាត់ សុឃីម ឧស្សាហ៍បង្ហោះរូប និងសារពាក់ព័ន្ធនឹងស្ថានភាពគ្រួសារខ្លួន ដូចជាសារចុងក្រោយនេះ នាងបានប្រកូកប្រកាសលក់ដី និងផ្ទះជាច្រើនកន្លែងតាមហ្វេសប៊ុក ចម្ងល់ជាច្រើនបានចោទសួរថា តើចេតនាបង្ហាញពីតម្រូវការប្រាក់បែបបន្ទាន់បែបនេះ អ្នកនាង ខាត់ សុឃីម យកទៅធ្វើអ្វី ឬក៏ដើម្បីចែកកេរមរតករវាងសមាជិកគ្រួសារឲ្យដាច់ស្រេច?
សារនោះអ្នកនាង ខាត់ សុឃីម បានបង្ហោះថា៖ «ហា!ហា!ប្រកាសលេងៗ ក្រែងដាច់មែនទែន! ស្របពេលគេកំពុង Update ស្រុកទេសល្មម កុំឲ្យយូរណាមហាមិត្ត ត្រូវចិត្តទិញភ្លាម មួយណាក៏បាន តបានណា!» មានប្រាប់ទីតាំងដី និងផ្ទះល្វែងប្រកាសលក់ទាំងនោះមានចំនួន ៦ នៅភ្នំពេញចំនួន ៤ កន្លែង នៅខេត្តសៀមរាប និងកំពត ហើយតាមតម្លៃប្រកាសលក់គិតសរុបចំនួនជាង ៣៥ ម៉ឺនដុល្លារអាមេរិក។
បន្ទាប់ពីសាកសួរតាមទូរស័ព្ទកាលពីម្សិលមិញ អ្នកនាង ខាត់ សុឃីម បានប្រាប់ថា៖ «ពិតជាបានប្រកាសលក់ដី និងផ្ទះច្រើនកន្លែងមែន!ហើយក៏ជាពិតជាត្រូវការប្រាក់បែបបន្ទាន់ដែរ។ តែមិនមែនជាការលក់ដូរបែបចែកទ្រព្យគ្នានោះទេ ជាការប្រកាសលក់ដើម្បីយកប្រាក់មកធ្វើការអភិវឌ្ឍលើមុខរបរប្រចាំថ្ងៃឲ្យបានល្អប្រសើរ»។
អ្នកនាង ខាត់ សុឃីម បន្តឲ្យដឹងទៀតថា៖ «តាមពិតទៅនាងខ្ញុំគិតថា ដល់វ័យត្រូវគិតដើម្បីពង្រឹងមុខរបររបស់ខ្លួនកាន់តែមានទ្រង់ទ្រាយធំជាងមុន។ ជីវិតជួបការលំបាកច្រើនហើយ និងមានបំណងចង់ឲ្យខ្លួនឯងមានជីវិតរស់រវើកជាងហ្នឹង។ ខ្ញុំពង្រីកក្រុមតន្ត្រីសម័យឲ្យក្លាយជាទ្រង់ទ្រាយខ្នាតយក្សតែម្តង និងសម្អាងការវិញគឺមានលក្ខណៈសព្វគ្រប់សម្រាប់អតិថិជន។ នេះហើយគឺជាមូលហេតុ ដែលនាងខ្ញុំត្រូវអំពាវនាវប្រកាសលក់ដី និងផ្ទះជាទ្រព្យខំរកបានកន្លងមកនោះ ដើម្បីយកប្រាក់មកបង្វិលធ្វើដើមទុនរកស៊ីបំពេញក្តីរំពឹងមួយនេះ»។
មហិច្ឆតារបស់តារាចម្រៀងស្រីមិនខ្វះស្ទីលក្រមិចក្រមើមទាំងសម័យ និងបុរាណ អ្នកនាង ខាត់ សុឃីម មិនត្រឹមតែប៉ុណ្ណឹងទេ។អ្នកនាងបានបង្ហើបថា៖ «នាងខ្ញុំមានបំណងចង់នាំយកកាបូប Brand មួយម៉ាក តែសុំមិនទាន់ប្រាប់ឈ្មោះឡើយ។ តែធានាថា មានឈ្មោះល្បីលំដាប់ពិភពលោកតែម្តង នាំមកពីប្រទេសអាមេរិក។ លើសពីនេះ នាងខ្ញុំក៏ចៀសឲ្យផុតពីពាក្យរិះគន់នៃមជ្ឈដ្ឋានខ្លះដែរថា ជីវភាពអ្នកសិល្បៈបានត្រឹមតែល្អមើលប៉ុណ្ណោះ មិនជាល្អស៊ីនោះឡើយ»៕
No comments:
Post a Comment