Friday, August 19, 2016

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ស្នើ​ ក្រសួង​មហាផ្ទៃ ចាត់​វិធាន​ការ​ផ្លូវច្បាប់​ទៅ​លើ​កញ្ញា ធី សុវណ្ណាថា

Khmer Times
ប៉ិច សុធារី

កញ្ញា ធី សុវណ្ណាថា អមពីខាងក្រោយ​ដោយលោក ស្រី ចំរើន​ ដែល​ល្បី​ខាង​ប្តី​ងរឿង​អាស្រូវ​ស្នេហា នៅក្នុងកម្មវិធីវេទិកាសាធារណៈកម្លងមក​។ រូបថត សហការី​

ភ្នំពេញ៖(ខ្មែរថាមស៍)សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ស្នើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិនិត្យ និង​មាន​វិធាន​ការ​ផ្លូវច្បាប់​ទៅ​លើ​សកម្មភាព​របស់ កញ្ញា ធី សុវណ្ណថា ​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម ក្នុង​ករណី​មាន​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ខណៈ​ដែល​កញ្ញា​តែង​ប្រើប្រាស់​វេទិកា​សាធារណៈ​របស់​ខ្លួន ទៅ​រិះគន់​ ​និង​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​ជាប់​ជា​ប្រចាំ។

​ក្នុង​លិខិត​របស់ លោក ឡេង សេងហុង​ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ចុះ​ថ្ងៃ​ទី​១៦​សីហា ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ថា​ ​ក្នុង​នាម​ជា​ប្រធាន​អង្គការ កញ្ញា ធី សុវណ្ណថា តែង​បាន​ធ្វើ​សកម្មភាព​តាម​រយៈ​វេទិកា​សាធារណៈ​របស់​ខ្លួន និង​បង្ហោះ​លើ Facebook ធ្វើ​ការ​ស្ទង់​មតិ បរិហារ​រិះគន់ និង​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង​ ជាប់​ជា​ប្រចាំ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ផ្ដោត​ការ​សង្ស័យ​ថា សកម្មភាព​ទាំង នោះ​ ​អាច​ប្រព្រឹត្ត​ផ្ទុយ​នឹង​មាត្រា​៤ ​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​និង​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ ស្ដីពី​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អង្គការ​មិន​មែន​រដ្ឋាភិបាល។​

​លិខិត​ដដែល បាន​ស្នើ​ថា៖ «សូម​សំណូមពរ​សម្តេច​មេត្តា​ពិនិត្យ​មើល​ និង​មាន​វិធាន​ការ​ផ្លូវច្បាប់​ទៅ​លើ​សកម្មភាព​របស់​កញ្ញា ធី សុវណ្ណថា ​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម (ក្នុង​ករណី​មាន​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន)»។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ក្រុម​មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​មើល​ផ្លូវច្បាប់ លើ​ករណី​នេះ​ហើយ តែ​លទ្ធផល​យ៉ាង​ណា​នោះ នៅ​ពុំ​ទាន់​បាន​ដឹង​នៅ​ឡើយ។

លោក​ថា៖ «សម្តេច​លោក​បាន​​ណែនាំ​ឲ្យ​ជំនាញ​ពិនិត្យ​បញ្ហា​ហ្នឹង​ហើយ មុន​លិខិត​ហ្នឹង​មក​ដល់​ទៀត ចាំ​មើល​ជំនាញ​គេ​ពិនិត្យ​ធ្វើការ​វាយ​តម្លៃ​រឿង​នេះ​សិន»។​

​កញ្ញា ធី សុវណ្ណថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​​នៅ​ថ្ងៃ​ម្សិលមិញ​នេះ។​

​ការ​ស្នើ​របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ធ្វើ​ឡើង​ខណៈ​ដែល​សាធារណជន មើល​ឃើញ​ថា កញ្ញា ធី សុវណ្ណថា បាន​រៀបចំ​វេទិកា​សាធារណៈ​ជិត ៣០​នៅ​តាម​បណ្តា​ខេត្ត​នានា ក្នុង​នាម​ជា​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម ដែល​ក្នុង​វេទិកា​នោះ កញ្ញា​បាន​ធ្វើ​ការ​ស្ទង់​មតិ​ប្រជាពលរដ្ឋ និង​រិះគន់​ធ្ងន់ៗ​ទៅ​លើ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​បាន​បង្ហោះ​វីដេអូ​សកម្មភាព​វេទិកា​នោះ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ​របស់​កញ្ញា​ផង​ដែរ។​

​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ព្រះ​តេជគុណ អុន ស៊ិន បាន​មាន​សង្ឃ​ដីកា​ comment ​នៅ​លើ​ទំព័រ ​Facebook ​របស់​កញ្ញា​ថា អង្គការ មិន​អាច​ដើរ​នយោបាយ​បម្រើ​បក្ស​ណា​មួយ​ឡើយ គឺ​ត្រូវ​មាន​សុចរិត​ភាព​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះ​ត្រង់ និង​មិន​លម្អៀង​និន្នាការ​នយោបាយ​ណា​មួយ​ឡើយ។

ព្រះអង្គ​បាន​បញ្ជាក់​ថា៖ «ឈប់​បាន​ឈប់​ទៅ កុំ​យក​ឈ្មោះ​អង្គការ​ជា​ឈ្នាន់​នយោបាយ​លម្អៀង​ទៅ​ម្ខាង ខាង​បក្ស​កាន់​អំណាច​អី វា​មិន​ត្រឹម​ត្រូវ​ទេ»៕

No comments:

Post a Comment