ដោយ: ដាវុធ
ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីព្រោះថា នេះ គឺជាការចុះឈ្មោះបោះឆ្នោតថ្មីឡើងវិញទាំងស្រុង ដោយប្រព័ន្ធកុំព្យូទ័រ។
បើតាមសេចក្ដីអំពាវនាវ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ លោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា អនុលោមតាមច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តម្រូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦។ ការចុះឈ្មោះនេះ គឺជាការចុះឈ្មោះបោះឆ្នោតថ្មីឡើងវិញទាំងស្រុង ដោយប្រព័ន្ធកុំព្យូទ័រ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោតទាំងអស់ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ដែលខ្លួនកំពុងរស់នៅ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោកស៊ិក ប៊ុនហុក បានថ្លែងបន្តថា ការមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ គឺជាលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ ឆ្នាំឡើងទៅ គិតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ អាចទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាតំណាងរបស់ខ្លួន។ បើគ្មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ទេនោះ នឹងពុំអាចបោះឆ្នោតនៅឆ្នាំ២០១៧ បានឡើយ។
អាស្រ័យហេតុនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់បណ្តាគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គការសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយនូវខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរ បានយល់ជ្រូតជ្រាប អំពីសារសំខាន់ នៃការចុះឈ្មោះបោះឆ្នោត កាលបរិច្ឆេទនៃការចុះឈ្មោះ និងជួយជំរុញ ឲ្យប្រជាពលរដ្ឋខ្មែរ ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នានិងទាន់ពេលវេលា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា បណ្តាគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គការសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងចូលរួមសហការតាមាករអំពាវនាវ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឲ្យការរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពរដ្ឋគ្រប់ៗគ្នា៕

No comments:
Post a Comment