Friday, August 19, 2016

សុខ មុន្នី​ពិសី លេង​មួយ​ក្បាច់​នេះ​សិច​ស៊ី​កប់​ស៊េរី​ហ្មង!

ភ្នំពេញ ប៉ុស្តិ៍
ស៊ូ វុទ្ធី

កញ្ញា មុន្នី​ពិសី ក្នុង​ថ្ងៃ​ខួប​កំណើត​។ ហ្វេសប៊ុក​

ភ្នំពេញ: តារា​សម្តែង​ស្រី​លេច​ឈ្មោះ​លើ​វិថី​សិល្បៈ តោង​កាលីប​បងស្រី​ជីដូន​មួយជា​កំពូល​តារា​ចម្រៀង​ ពីរោះ​ទាំង​សំនៀង និង​ល្បី​ទាំងទឹក​ចិត្ត​មនុស្សធម៌​អ្នក​នាង មាស សុខ​សោភា កញ្ញា សុខ មុន្នី​ពិសី ​ទម្លាយ​ភាពស្ងប់​ឈឹងពី​ការងារ​សិល្បៈ​ទាំង​វ័យ​ក្មេងខ្ចី​ លើ​ទស្សនីយ​ភាព​សម្ញែង​ដើមទ្រូង​ស្ទើរនឹង​លេច​ឃើញ​កំពូល​ភ្នំ ទាំងមិន​ញញើត​ការ​រិះគន់​ និង​បម្រាម​ពី​ក្រសួង​នោះ។

តារា​សម្តែង​មាឌ​ធំដំ​បង​ ដែល​កំពុង​ក្រសោប​បាន​ប្រជា​ប្រិយ​ភាពពី​អាជីព​សិល្បៈ​ កញ្ញា សុខ មុន្នី​ពិសី កាល​ពីរាត្រី​ថ្ងៃទី ១៥ ខែ​សីហា បាន​ចំណាយ​លុយខ្ទង់​ពាន់​ដុល្លារ​ ​ធ្វើ​ពិធីខួប​កំណើត​ក្នុងវ័យ ២៤ ឆ្នាំ នៅក្នុង​ហាង​មួយ​នៅក្នុង​ផ្សារ​ អ៊ីអន​ម៉ល​។ បើទោះ​ជាការ​ធ្វើ​នោះ​ក្នុងភាព​ស្ងៀម​ស្ងាត់​ ប៉ុន្តែ​គេឃើញ​មានការ​ចូលរួម​ពីភ្ញៀវ​ដែល​ជា​តារា​សិល្បៈ​ច្រើន​គួរសម​ដែរ​​ ពិសេស​វត្តមាន​បងស្រី​ជីដូន​មួយ​នាង​ អ្នក​នាង​ មាស សុខ​សោភា និង​កវី មាស សុខ​រតនៈ​នោះ។​

នៅ​ក្រោយ​ការ​បញ្ចប់​ពិធី​ខួប​កំណើត ​តារា​សម្តែង​នាង សុខ មុន្នី​ពិសី មិន​ត្រឹមតែ​មហាជន​ចំណាំ​ច្បាស់​ថា ​នាង​ជាប្អូន​ស្រីជី​ដូន​មួយ​នឹង​ មាស សុខសោភា​ ទេ នាង​ក៏ត្រូវ​បានគេ​ប្រសិទ្ធ​នាមងារ​ឲ្យ​ភ្លាមៗ​ដែរ​ថា ​ជា​កំពូល​តារា​សិចស៊ី​ ហ៊ាន​ចំហ​ទ្រូង បន្ទាប់​ពីនាង ដេននី ក្វាន់។

មើល​ឃើញ​ពី​ភាព​សិចស៊ី​ចំហ​ទ្រូង​លេច​ចេញ​កូនភ្នំ​នៅ​កណ្តាល​វាល​នោះ ​ក៏ផ្ទុះ​ចេញ​ការ​រិះគន់​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុកថា តារា​សម្តែង​នាង សុខ មុន្នី​ពិសី មិន​ត្រឹមតែ​អត់​ខ្វល់ពី​កា​របើ​កភ្នែក​សម្លឹង​ មើល​ភាព​សិចស៊ី​របស់​នាង​នោះទេ តារា​រូបនេះ​ថែម​ទាំង​បញ្ចេញ​សា្នម​ញញឹម ហាក់​ដូចជា គ្មាន​រឿង​អ្វីកើត​ឡើង ចំពោះ​ខ្លួន​នៅ​ពេល​មាន​មហាជន​ជា​ច្រើន ធ្វើ​ការ​រិះគន់​។

តែ​ទោះ​យ៉ាង​ណា​ស្រី​ស្រស់​មាឌ​ដំបង​វ័យ ២៤ ឆ្នាំ​ កញ្ញា សុខ មុន្នីពិសី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ម្សិលមិញ​ថា៖ «ចំពោះ​រឿង​សិចស៊ី​នេះ​ ខ្ញុំមិន​បាន​គិតថា វា​ជា​រឿង​ហួស​ហេតុ​អីទេ»។

នាង​បញ្ជាក់​ថា៖ «ព្រោះ​ថា ខ្ញុំ​ស្លៀក​ពាក់​នោះ​ វាជា​កម្មវិធី​ផ្ទាល់​ខ្លួនខ្ញុំ​ ខ្ញុំមិន​បាន​ស្លៀកពាក់​ក្នុង​កម្មវិធី​ឡើង​ឆាក​ខន​សឺ​ត ឬ​ក៏សម្តែង​ផង​ហ្នឹង។ ខ្ញុំ​ចង់​ស្លៀក​ម៉េច​ក៏បាន​ដែរ ​វាជា​កម្មវិធី​ខ្ញុំ​នោះ​»។

ស្រី​ស្រស់​រូបនេះ​ក៏​អះអាង​ទៀត​ថា៖ «ម្យ៉ាង​សម្លៀក​បំពាក់​ដែល​ខ្ញុំ​ស្លៀក​ពាក់​យប់​ខួប​កំណើត​នោះ វាជា​រ៉ូប​វែង មិន​មែន​ជា​បែប​ខើច​លើ ខើច​ក្រោម​ឯណា គ្រាន់​តែ​វាល​ដើម​ទ្រូង​តែ​ប៉ុណ្ណឹង»។

ជាមួយ​ការ​លើក​ឡើង​នោះ កញ្ញា សុខ មុន្នីពិសី ដែល​ច្រាន​ចោល​សម្ដី​អេចអូច​ថា នាង​ធ្វើខួប​កំណើត​បាន​មាន​បុរស​គូ​ស្នេហ៍​​ចាំ​ចំហ​ហោប៉ៅ​ចេញ​លុយ​នោះ នាង​ក៏ពោល​ឡើង​ទៀត​ថា៖ «ចំពោះ​ការ​ស្លៀកពាក់​នោះ សិចស៊ី​បន្តិច​មែន ប៉ុន្តែ​មិនជា​ជ្រុល​ពេក​ ឬខ្លាច​ក្រសួង​ហៅ​ណែនាំ​នោះ​ទេ»។

តារា​សម្ដែង​ស្រី​រូបនេះ​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា វាមិន​ដល់​ថ្នាក់​ហ្នឹង​ទេ ហើយ​ការ​ស្លៀកពាក់​របស់​ខ្ញុំនេះ​ ក៏មិន​មាន​ការមិន​ពេញ​ចិត្ត​ណា​មួយ​ពីសាច់​ញាតិ​ខ្ញុំ​ដែរ ព្រោះ​គាត់​ក៏យល់​ថា មិនជ្រុល​ដែរ និងជា​កម្មវិធី​ផ្ទាល់​ខ្លួន​ផង​»៕

No comments:

Post a Comment