Friday, August 19, 2016

ក្រុង​ឡុងដ៍​បើក​បារ៍​លម្ហ​មេឃ​ផ្គាប់​ចិត្ដ​អ្នក​និយម​ននល​គក

ភ្នំពេញប៉ុស្តិ៍

​រានហាល​អគារ​ជាន់​ទី ៦០ ឆ្លុះ​គោល​ដៅ​ទេស​ចរណ៍​ល្បី​ៗ​ បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​និយម​អាក្រាត​កាយ​។

ក្រុងឡុងដ៍: រាន​ហាល​អាក្រាត​ដំបូង​របស់​ជាតិ​នឹងបើក​សម្ពោធ​ក្នុង​ទីក្រុង​ឡុងដ៍​នៅ​សប្ដាហ៍​នេះ​ បំណង​ដើម្បី​លើក​ទឹក​ចិត្ដ​ទៅដល់​ភ្ញៀវ​ដោះ​សម្លៀក​បំពាក់​របស់​ខ្លួន​ចេញ​ ខណៈ​ពួកគេ​មក​ដល់​ទីតាំង​របស់​អ្នក​ធម្មជាតិ​និយម​នេះ។

រាន​ហាល​លើ​ដំបូល​អគារ​ជាន់ទី ៦០ នៅ Parliament Square អាច​គយគន់​ទេសភាព​នៃ​គោល​ដៅ​ទេស​ចរណ៍​សំខាន់​ៗ​របស់​ទីក្រុង​ រួមទាំង នាឡិកា Big Ben កង​បង្វិល​យក្ស London Eye និង​ព្រះ​វិហារ Westminster​។

​ភ្ញៀវ​អាច​ធ្វើ​លំហាត់​ប្រាណ​ទាំង​អាក្រាត​លើ​កម្រាល​ម៉ូស័រ​លោត​។

ភ្ញៀវ​ទេសចរ​មាន​ឱកាស​គេង​សំដិល​ថ្ងៃក្នុង​អំឡុង​ពេល​កម្សាន្ដ​វិស្សម​កាលនា​រដូវ​ក្ដៅ​ ខណៈ​ដែល​រីករាយ​នឹង​ភេសជ្ជៈ​ត្រជាក់​ចិត្ដ​នៅបារ៍​លម្ហមេឃ​។ វា​ទំនង​ថា រាន​ហាល​លើដំបូល​អគារ​នេះជា​ផ្នែកមួយ​នៃ​ទំនាក់​ទំនង​ក្រុម​អាក្រាត​និយម​ដែល​កំពុង​ពង្រីក​សមាជិក​នៅ​ទូទាំង​ក្រុង​ ដែលទើប​នឹងបើក​សម្ពោធ​នៅរយៈ​ពេល​តែប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​ភោជ​នីយដ្ឋាន​អាក្រាត​ដំបូង​បង្អស់​នៅក្រុង​ឡុងដ៍​ដាក់​ដំណើរ​ការ។

ភ្ញៀវ​ដែល​ស្វែងរក​ភាព​រំជើប​រំជួល​លើសពី​ដំណើរ​ផ្សង​ព្រេង ក៏​នឹងអាច​រីករាយ​ជាមួយ​នឹង​សកម្មភាព​ហាត់​ប្រាណ​នៅ​ក្នុងស្ថាន​ភាព​អាក្រាត​ល្ហើយ​ខ្លួននៅ​លើ​បាល់​រំយោល ឬ​លោត​លើ​សំណាញ់​ម៉ូស័រ។ ដំបូល​អគារ​ខ្ពស់​គឺជា​ទីតាំង​ថត​របស់ NOW TV ដើម្បី​ផ្សព្វផ្សាយ​ពីការ​បើក​សម្ពោធ​កម្មវិធី​កម្សាន្ដ​ដែល​ផ្ដល់​សេរីភាព​ឲ្យខ្លួន​ឯង​ថ្មី​។

​កាន់តែ​ជក់​ចិត្ដ​ជាមួយ​នឹង​ភេសជ្ជៈ​ស្រស់​ៗក្នុង​សួន​ក្បាល​លើ​ដំបូល។

លោក ហ្គីដុន ខេតហ្ស៍ ជា​នាយក​គ្រប់គ្រ​ងទូរទស្សន៍ NOW TV បាន​និយាយ​ថា៖ «ជា​ប្រជា​ជាតិ​មួយ​ វា​ទំនង​ថា យើង​បង្កើន​ឱកាស​ដោយ​សេរី​ឲ្យ​ខ្លួនឯង​កាន់តែ​ច្រើន​ឡើង​។ យើង​អាច​នឹងបន្ដ​បំបែក​ទំនៀម​ទម្លាប់​ចាស់​គំរឹល​ដែល​ដំបូង​គឺ​កិច្ច​សន្យា​ផ្សេង​ៗ និង​បច្ចុប្បន្ន គឺ​សម្លៀក​បំពាក់»។

រាន​ហាល​សម្រាប់​អ្នក​និយម​អាក្រាត​ត្រូវ​បាន​បើក​ដំណើរ​ការ​បន្ទាប់​ពីការ​ស្រាវជ្រាវ​ថ្មីមួយ​ដែលបាន​បង្ហាញ​ថា យុវវ័យ​អង់គ្លេស​បច្ចុប្បន្ន​គឺជា​ជំនាន់ «ឥត​ខ្វល់​ខ្វាយ​» ខណៈ​ពួកគេ​មិន​ចង់​ជួប​ទពិសោធ​ជីវិត​ឥត​សេរីភាព​ដូច​ឪពុក​ម្ដាយ​គេ​។

ជា​មធ្យម យុវវ័យ​អង់គ្លេស​អាយុ​ក្រោម ៣០ ឆ្នាំ បានកាត់​បន្ថយ​រវាង​ចំណង​សម្ព័ន្ធភាព​ស្នេហា​ខ្ជាប់ខ្ជួន​ ៣៨ ភាគរយ​ ហើយ​ពួកគេ​រស់នៅ​តាម​បណ្ដា​ប្រទេស​នានា​ ២៨ ភាគរយ និង​ផ្លាស់ប្ដូរ​ការងារ​នៅ​តាម​អង្គភាព​នានា ១៥ ភាគរយ​លើសពី ៣០ ឆ្នាំ​មុន​។

ដូច្នេះ បើ​ចាប់​អារម្មណ៍​ លោក​អ្នកចុះ​ឈ្មោះ​មុន​តាម​រយៈ​គេហទំព័រ nowtv.uk/comboterrace៕

No comments:

Post a Comment