Saturday, September 10, 2016

មន្ត្រី​នាំពាក្យ ៖ លិខិត​របស់​តំណាងរាស្ត្រ​អាមេរិក​គ្មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ទេ

រស្មី​កម្ពុជា
​ដោយ៖ វិបុល



(​ភ្នំពេញ​) ៖ កម្ពុជា ជា​រដ្ឋ​ឯករាជ្យ មិនអាច​ទទួលយក​សំណើ​របស់​តំណាងរាស្ត្រ​សហព័ន្ធ​សហរដ្ឋអាមេរិក ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​ប្រកបដោយ​សេរី និង​យុត្តិធម៌​ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់​​ព័ន្ធ​នោះទេ​។​

​នេះ​ជាការ​អះអាង​របស់លោក​សុខ ឥសាន មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ការឆ្លើយតប​ទៅនឹង​ប្រធាន​គណៈកម្មាធិការ​​កិច្ចការបរទេស​នៃ​សភាតំណាងរាស្ត្រ​របស់ សហរដ្ឋអាមេរិក លោក អេ​ដ រ៉​យ ដែល​កាលពី​ថ្ងៃ​អង្គារ ទី​៧​ខែកញ្ញា​បាន​ផ្ញើលិខិត​ទៅកាន់​​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ប្រសិនបើ​ការបោះឆ្នោត​នៅពេល​ខាង​គ្មាន​ការចូលរួម​ដោយ​សេរី​ពី​ថ្នាក់ដឹកនាំ​គណ​​បក្ស​សង្គ្រោះ​ជាតិ​ទេ នោះ​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​ក៏​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ ហើយ​សហរដ្ឋអាមេរិក​នឹងមិន​​អាច​ទទួលយក​បានទេ​ចំពោះ​លទ្ធផល​ពី​ការបោះឆ្នោត​នោះ​។​

​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​ក្រៅ​ស្រុក​មួយ លោក សុខ ឥសាន បាន​ច្រានចោល​លិខិត​របស់លោក អេ​ដ រ៉​យ (Ed Royce)​ប្រធាន​​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការបរទេស​នៃ​រដ្ឋសភា សហរដ្ឋអាមេរិក ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស​កម្ពុជា បើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា ចូលរួម​ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​គ្មាន​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​។​

​មន្ត្រី​នាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ​អះអាងថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ហើយ​ថា លិខិត​របស់លោក អេ​ដ រ៉​យ​គ្មាន​ឥទ្ធិពល​អ្វី​លើ​នីតិរដ្ឋ​របស់​​កម្ពុជា នោះទេ​។

​លោក​បន្តថា ពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ នៅតែ​អាច​ចូលរួម​ការបោះឆ្នោត​តាម​ធម្មតា បើទោះបីជា​គ្មាន​វត្តមាន​លោក សម រង្ស៊ី​និង​​លោក កឹម សុខា ក៏ដោយ​៖ “...​ទោះបីជា លោក សម រង្ស៊ី គ្មាន​វត្តមាន ប៉ុន្តែ​ខ្ញុំ​គិតថា រឿង​លោក សម រង្ស៊ី​ជា​រឿង​បុគ្គល​សុទ្ធសាធ​ដែល​គាត់​ប្រព្រឹត្ត​ល្មើសច្បាប់​ហើយ​ត្រូវ​ប្រឈម ចំពោះមុខ​ច្បាប់​...​បរទេស​ខ្លះ​ហ្នឹង​គួរតែ​យល់​បញ្ហា​ពិត​នៅ​កម្ពុជា យ៉ាងម៉េច​ហើយ​កុំ​យក​មនុ​ស្សម្នាក់​ដែលមាន​ទោស​ហើយ មាន​សាលក្រម​ស្ថាពរ​របស់​តុលាការ​ហើយ ហើយ​មក​ចង់​ស្ទូច​ស្ទង់​ហ្នឹង តើ​វា​មាន​ប្រយោជន៍​អី​ខ្លះ​...”​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក សុខ ឥសាន បញ្ជាក់​ជំហរ​ថា ការលើកលែងទោស​ឲ្យ​លោក សម រង្ស៊ី​ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត​​លើក​នេះ នឹងមិន​អាចធ្វើ​ទៅបាន​ទេ លុះត្រាតែ​មេដឹកនាំ​បក្សប្រឆាំង​រូបនោះ​ចូលខ្លួន​ទទួលទោស​តាមផ្លូវ ច្បាប់​ជាមុនសិន​៖“...​បើ​និយាយ​ពី សម រង្ស៊ី ឲ្យ​ចូល​ស្រុក​វិញ គឺ​មិនអាច​ទៅរួច​ជាដាច់ខាត​...​រឿង​របស់គាត់​គឺជា​រឿង​បរិហាកេរ្តិ៍​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដល់​គេ​ប្ដឹងទៅ ត្រូវ​តុលាការ​កាត់ទោស អ៊ីចឹង​ហើយ​ឲ្យ​យើង​ថា​ម៉េច​...”៕

No comments:

Post a Comment