រស្មីកម្ពុជា
ដោយ៖ វិបុល
(ភ្នំពេញ) ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ តំណាងរាស្ត្រនៃក្រុមសភាមតិភាគច្រើន បានចេញលិខិតចំហមួយផ្ញើជូនទៅកាន់ថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកអាស៊ាននិងថ្នាក់ដឹកនាំនៃប្រទេសនានានៅលើពិភពលោកដើម្បីជាការឆ្លើយតបនឹងលិខិតចំហរបស់គណបក្សប្រឆាំងនៅកម្ពុជា ដែលបានចោទប្រកាន់គណបក្សកាន់អំណាចថា បានរំលោភលើកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស។
តាមរយៈលិខិត ដែលមានប្រវែង៣ទំព័ររបស់ក្រុមសភាមតិភាគច្រើន ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេងបានថ្កោលទោសយ៉ាងម៉ឺតម៉ាត់ចំពោះលិខិតចំហរបស់គណបក្សសង្គ្រោះជាតិ ដែលបានចោទប្រកាន់មិនត្រឹមត្រូវ លើគណបក្សកាន់អំណាចថាបានរំលោភលើកិច្ចព្រមព្រៀងសន្ធសញ្ញាទីក្រុងប៉ារីស។
លិខិតដដែលនេះបានលើកឡើងថា តាមពិតនោះ គឺគណបក្សប្រឆាំងទៅវិញទេ ដែលបានរំលោភលើសន្ធិសញ្ញាទីក្រុងប៉ារីសដោយបានព្យាយាមធ្វើឲ្យអន្ដរាយដល់លទ្ធិប្រជាធិបតេយ្យ និងស្ថាប័ននយោបាយរបស់ប្រទេសដែលត្រូវបានកសាងជាជំហ៊ានៗក្នុងរយៈពេលប៉ុន្មានទសវត្សមកនេះ។
ជាមួយគ្នានេះដែរ ក្រុមសភាមតិភាគច្រើនក៏បានបញ្ជាក់ថា សន្ធិសញ្ញាទីក្រុងប៉ារីស គឺត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរួចទៅហើយ ហើយត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយរដ្ឋាភិបាល។ ប៉ុន្តែផ្ទុយទៅវិញ គណបក្សប្រឆាំងតែងតែអង្គុយលើច្បាប់ដោយទាញយកផលប្រយោជន៍នៃអភ័យឯកសិទ្ធិរបស់ពួកគេ ដើម្បីបម្រើគោលបំណងនយោបាយ និងភាពអាត្មានិយមរបស់ពួកគេ៕
No comments:
Post a Comment