ថ្មីៗ
និពន្ធដោយ: ខន ចំប៉ា
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី ៦ ខែកញ្ញា នេះ ដោយបានស្នើឲ្យរដ្ឋាភិបាល បង្កបរិយាកាសងាយស្រួល ក្នុងការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី និងក្នុងការបង្កើតសមាគម នៅមុនការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ។
លោកស្រី រ៉ាវីណា សេមដាសានី (Ravina Shamdasani) អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពជា បានបង្ហាញពីក្តីបារម្ភអំពីបរិយាកាសនៅកម្ពុជា ដែល ខ្លួនអះអាងថា កំពុងការបំភិតបំភ័យកាន់តែខ្លាំងឡើងៗដល់អ្នកនយោបាយ អ្នកគាំទ្ររបស់បក្សប្រឆាំង សង្គមស៊ីវិល និងអ្នកធ្វើបាតុកម្មដោយសន្តិវិធីក្នុងប្រទេសកម្ពុជា។
តាមរយៈសេចក្តីប្រកាសព័ត៌មានពីក្រុងហ្សឺណែវ លោកស្រី រ៉ាវី ក៏បានស្នើឲ្យអាជ្ញាធរទាំងឡាយគោរពឲ្យបានម៉ឺងម៉ាត់បទដ្ឋានអន្តរជាតិ ស្តីពីការជំនុំជម្រះក្តីដោយយុត្តិធម៌ នៅក្នុងអំឡុងពេលនីតិវិធីរឿងក្តីព្រហ្មទណ្ឌ រាប់ទាំងការធាឲ្យមានតម្លាភាព ក្នុងការគ្រប់គ្រងប្រព័ន្ធយុត្តិធម៌ផងដែរ។
ការស្នើរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សគឺបន្ទាប់ពីមានការដាក់រនាំងបិទផ្លូវម្តុំទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៥ ខែកញ្ញា ដើម្បីរារាំងការដង្ហែញត្តិរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅកាន់ស្ថានទូតនៃប្រទេសមហាអំណាច ជាពិសេសប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ។ ការស្នើនេះ ក៏ស្របពេលដែលតុលាការកាត់ក្តីលើសំណុំរឿងរបស់ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ។ ឯកឧត្តម កឹម សុខា ត្រូវបានចោទពីបទ «បដិសេធក្នុងការចូលខ្លួន» ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
ឆ្លើយតបនឹងការស្នើនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក ថាមិនមានសារៈប្រយោជន៍ក្នុងការពង្រឹងនីតិរដ្ឋនៅកម្ពុជានោះឡើយ។ លោក បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖ «កម្ពុជាធ្វើអ្វីគឺស្របទៅតាមច្បាប់របស់កម្ពុជា។ យើងមានច្បាប់ យើងធ្វើអ្វីស្របតាមនីតិវិធីច្បាប់របស់យើង គ្រាន់តែអនុវត្តន៍តាមគោលការណ៍អន្តរជាតិ ដើម្បីពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជា»។
លោកបន្តថា ការរារាំងការជួបជុំនានា ក្នុងបំណងធ្វើបដិវដ្តពណ៌ ឬដើម្បីបង្កចលាចល និងអសន្តិសុខនៅក្នុងសង្គមកម្ពុជា គឺរដ្ឋាភិបាលមិនអនុញ្ញាតនោះទេ ហើយនេះគឺជាតួនាទីរបស់រដ្ឋាភិបាលដែលត្រូវធានាសុវត្ថិភាពជូនពលរដ្ឋរបស់ខ្លួន៕
No comments:
Post a Comment