Thursday, September 8, 2016

បារាំងស្នើយ៉ាងទទូច ឲ្យវៀតណាមដោះលែង ជនជាប់ឃុំ ០៤នាក់ ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់លោក ហ្វ្រង់ស័រ ហូឡង់

Fresh News



(ហូជីមីញ)៖ បាំរាំងបានស្នើ ឲ្យវៀតណាមដោះលែងអ្នកទោស ចំនួន០៤នាក់ ដែលធ្វើការតវ៉ាប្រឆាំងនឹង រដ្ឋាភិបាលរៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់ប្រធាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់ (Francois Hollande) មកកាន់ប្រទេសកុម្មុយនីស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦។

តាមរដ្ឋមន្រ្តីអមដំណើរ លោកប្រធានាធិបតីបាន ឲ្យដឹងថា ជនដែលកំពុងជាប់ឃុំខ្លួនទាំង ០៤នាក់រួមមាន ជនកាតូលិក ជាអ្នកសរសេរអត្ថបទលើគេហទំព័រ (Blogger) អ្នកការពារសិទ្ធិដីធ្លី និងសកម្មជន ដែលជនទាំងនេះ បានព្យាយាមបង្កើតជា ចលនាប្រឆាំង នៅក្នុងប្រទេសវៀតណាម ហើយឈ្នោះរបស់ អ្នកទាំងបួន បានបញ្ជូនទៅឲ្យអាជ្ញាធរ ប្រទេសវៀតណាម តាមការបញ្ជារបស់លោក Francois Hollande។

ប្រទេសវៀតណាម តែងរងការរិះគន់ជាញឹកញាប់ ដោយសារតែភាពគ្មានការអត់ឱន ទៅលើជនណា ដែលបង្ហាញពីការមិនពេញចិត្ត ចំពោះរដ្ឋាភិបាល ដោយអ្នករិះគន់លើរបបគ្រប់គ្រងនៅ ក្នុងប្រទេសនេះ តែងត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារ ហើយរាល់សារព័ត៌មាន និងស្ថានីយទូរទស្សន៍ ទាំងអស់សុទ្ធតែ ស្ថិតនៅក្រោម ការគ្រប់គ្រង របស់រដ្ឋាភិបាលវៀតណាម។

គួរបញ្ជាក់ដែរថា ដំណើរទស្សនៈកិច្ចរបស់ ប្រធានាធិបតីបារាំង លោក Francois Hollande ធ្វើឡើងរយៈពេល ពីរថ្ងៃ នៅក្នុងប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីចំណងសេដ្ឋកិច្ចដ៏ប្រសើរ រវាងប្រទេសទាំងពីរ ហើយក៏ បានឆ្លៀតឱកាសលើកយកបញ្ហា សិទ្ធិមនុស្សនៅវៀតណាម មកជជែកពិភាក្សាជាសាធារណៈផងដែរ។ លោក Hollande បាននិយាយក្នុងជំនួបទ្វេភាគី ក្នុងគោលបំណងក្រើនរំលឹក រដ្ឋាភិបាលវៀតណាម ឲ្យគោរពតាមច្បាប់ អន្តរជាតិស្តីពីបញ្ហាសិទ្ធិមនុស្ស និង បានបង្កត់ធ្ងន់ថា «សិទ្ធិមនុស្ស មិនអាចត្រូវបានរំលោភបំពាន ដោយកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ឬសន្តិសុខជាដាច់ខាត» ៕

មេដឹកនាំអាស៊ាន បង្ហាញការគាំទ្រខ្លាំងចំពោះផែនការអភិវឌ្ឍន៍​របស់ជប៉ុន នៅក្នុងតំបន់អាស៊ាន

Fresh News



(ភ្នំពេញ)៖ មេដឹកនាំទាំង១០រូប របស់អាស៊ាន បានបង្ហាញនូវការគាំទ្រខ្លាំងចំពោះផែនការអភិវឌ្ឍន៍របស់ប្រទេសជប៉ុននៅក្នុងតំបន់អា ស៊ាន ដែលមានដូចជាការ ការវិនិយោគ ការបណ្តុះធនធាន​មនុស្ស ការកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ និងការពង្រីកវិស័យទេសចរណ៍ជាដើម។

គោលគំនិតគាំទ្រលើផែនការអភិវឌ្ឍន៍របស់ជប៉ុន ពីសំណាក់មេដឹកនាំអាស៊ាន ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី១៩ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមការចេញផ្សាយលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃដដែលនេះ។

យោងតាមការចេញផ្សាយនៅលើទំព័រ Facebook របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា មេដឹកនាំអាស៊ាន បានមើលឃើញថា ប្រទេសជប៉ុន បាននិងកំពុងដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន ហើយជប៉ុន បានក្លាយទៅជាដៃគូពាណិជ្ជកម្ម និងវិនិយោគលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសចិន។

នៅឆ្នាំ២០១៥កន្លងទៅនេះ ពាណិជ្ជកម្មរវាងអាស៊ាន និងជប៉ុន បានឈានដល់ ២៣៩.៤ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគផ្ទាល់ពីជប៉ុនមកអាស៊ានមានចំនួន ១៧.៤ប៊ីលានដុល្លារអាមេរិក។

Facebook នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តថា មេដឹកនាំអាស៊ានបានស្វាគមន៍ការគាំទ្ររបស់ជប៉ុន ដល់ការអភិវឌ្ឍសហគ្រិនមីក្រូធុនតូច និងមធ្យមនៅក្នុងតំបន់ និង បានកត់សម្គាល់ពីការពង្រឹង នៃការចរចាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ។ ជាមួយគ្នានេះមេដឹកនាំអាស៊ានបានរំពឹងទុកថា ជប៉ុននឹងបន្តគាំទ្រ លើផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងបានស្វាគមន៍គំនិតផ្តួចផ្តើម របស់ជប៉ុនក្នុងការពង្រឹកភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធមានគុណភាព និង គោលការណ៍ G7 Ise Shima សម្រាប់ការលើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមានគុណភាព។

ទន្ទឹមនឹងនេះមេដឹកនាំអាស៊ានបានលើកទឹកចិត្តដល់ការគាំទ្ររបស់ជប៉ុន សម្រាប់ការតភ្ជាប់តាមផ្លូវអាកាសកាន់តែប្រសើរឡើងរវាងអាស៊ាននិជប៉ុន និងបានស្វាគមន៍កិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន ស្តីពីកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ក្នុងតំបន់លើកទី១។

មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍គំនិតផ្តួចផ្តើមតភ្ជាប់មេគង្គ-ជប៉ុន និងការបន្តរួមចំណែករបស់ជប៉ុនដល់គំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន តាមរយៈការគាំទ្រលើការអនុវត្តផែនការ​ការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ានសម្រាប់ឆ្នាំ២០១៦-២០២០។

មេដឹកនាំអាស៊ាន ក៏បានលើកទឹកចិត្តដល់ការគាំទ្ររបស់ជប៉ុន ចំពោះការសម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍ស្តីពីអាស៊ានមួយការឆ្លើយតបមួយ ពោលគឺការឆ្លើយតបរបស់អាស៊ាន ទៅនឹងគ្រោះ​មហន្តរាយ​នៅក្នុងតំបន់និងក្រៅតំបន់។ មេដឹកនាំអាស៊ានបានរីករាយចំពោះការគាំទ្ររបស់ជប៉ុន ចំពោះលើកកម្ពស់ការអភិវឌ្ឍសុខភាពនៅក្នុងតំបន់ និងការពង្រឹងកិច្ច​សហប្រតិបត្តិការនៅ​ក្នុងវិស័យថែទាំសុខភាព រួមបញ្ចូលទាំងតាមរយៈគំនិតផ្តួចផ្តើមសុខភាពអាស៊ាន-ជប៉ុន។

ជាមួយគ្នានេះមេដឹកនាំអាស៊ានបានរីករាយចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សវិស័យឧស្សាហកម្ម និងមូលនិធិជប៉ុន-អាស៊ាន សម្រាប់ការផ្តល់​លទ្ធភាព​ដល់ស្រ្តី ដើម្បីបង្កើនតួនាទីរបស់ស្រ្តីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ នៅក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំអាស៊ាន-ជប៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងស្វាគមន៍កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនទំនាក់ទំនងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុង វិស័យកីឡា តាមរយៈការបង្កើតកិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តីវិស័យកីឡា​អាស៊ាន-ជប៉ុន៕

ជប៉ុន សន្យាផ្តល់ប្រាក់៤៤០លានដុល្លារ ដើម្បីបង្កើន​វិធានការ ប្រឆាំងអំពើភេរវកម្មនៅអាស៊ី

Fresh News



(ឡាវ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសន្យាផ្តល់ប្រាក់ចំនួន៤៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទៅដល់បណ្តាប្រទេសក្នុងតំបន់អាស៊ី ដើម្បីពង្រឹងវិធានការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម ខណៈក្នុងតំបន់គេសង្កេតឃើញថា មានការវាយប្រហារទ្រង់ទ្រាយធំ។ នេះបើតាមសម្តីអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សូមជំរាបថា ការបំផ្ទុះគ្រាប់បែកកាលពីសប្តាហ៍មុន នៅស្រុកកំណើតរបស់លោកប្រធានាធិបតីហ្វីលីន Rodrigo Duterte ដែលបានសម្លាប់មនុស្សចំនួន១៤នាក់ ជាស្នាដៃរបស់ក្រុមឧទ្ទាម ជាប់ពាក់ព័ន្ធនឹងក្រុម IS ខណៈមានមនុស្ស២២នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ កាលពីខែកក្កដា នាហាងកាហ្វេមួយ ក្នុងរដ្ឋធានីរបស់ប្រទេសបង់ក្លាដេស។

«ជាការគាំទ្រដំបូងរបស់យើង ចំពោះវិធានការ នៃការប្រឆាំងអំពើរភេរវកម្ម និងក្រុមផ្តាច់ខ្លួន ក្នុងតំបន់អាស៊ី យើងនឹងបង្កើតកម្មវិធីជំនួយមួយ ដែលមានទឹកប្រាក់ ៤៥ពាន់លានយេន (៤៤០លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់រយៈពេល៣ឆ្នាំខាងមុខ»។ នេះបើតាមសម្តីអនុប្រធានលេខាធិកាដ្ឋាន គណៈរដ្ឋមន្ត្រីជប៉ុន លោក Koichi Hagiuda ស្រង់សម្តីលោក Abe ប្រាប់នៅក្នុងកិច្ចប្រជុំមេដឹកនាំមួយ នៃសមាគមន៍អាស៊ាន។

វាមិនច្បាស់នោះទេថាតើ បណ្តាប្រទេសក្នុងតំបន់អាស៊ានណាមួយ ដែលនឹងទទួលជំនួយនេះ​៕

Wednesday, September 7, 2016

លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី

RFA
ដោយ ម៉ម មុនីរតន៍

លោក មាជ សុវណ្ណារ៉ា មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពេល​នាំ​ចេញ​ពី​សាលាឧទ្ធរណ៍ យក​ទៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Rann Samnang

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី បន្ទាប់​ពី​របួស​ចាស់​របស់​លោក​រើ​ឡើង​វិញ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ មន្ត្រី​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា សុខភាព​របស់​លោក មាជ សុវណ្ណារ៉ា បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ហើយ។

លោក មាជ សុវណ្ណារ៉ា ដែល​ត្រូវ​បាន​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ​ក្រោម​បទ​ចោទ​ដឹកនាំ​កុបកម្ម​នោះ ពេល​នេះ​លោក​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​ទៅ​ព្យាបាល​រយៈពេល​ខ្លី​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មុន​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​គុក​ព្រៃ​ស​វិញ។ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស្កេន (Scan) ពិនិត្យ​ត្រង់​របួស​ចាស់​នោះ គឺ​មិន​ទាន់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ចេញ​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ក្រុម​ពេទ្យ​ប្រចាំ​ពន្ធនាគារ​កំពុង​តាមដាន​ពី​ស្ថានភាព​ជំងឺ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ហើយ។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្ទាល់​របស់​លោក មាជ សុវណ្ណារ៉ា ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា សរសេរ​ថា ខាង​អនុរក្ស​ពន្ធនាគារ​បាន​នាំ​ខ្លួន​លោក មាជ សវុណ្ណារ៉ា ទៅ​ពិនិត្យ​សុខភាព ក្រោយ​ពេល​របួស​ក្បាល​របស់​លោក​ចាប់​ផ្ដើម​ប្រតិកម្ម​ខ្លាំង​ឡើង​វិញ ហើយ​និង​មាន​ការ​ឈឺ​ចាប់​ខ្លាំង។ របាយការណ៍​ដដែល​នេះ​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក មាជ សុវណ្ណារ៉ា មក​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នេះ ដោយសារ​ខាង​ពន្ធនាគារ​ពុំ​មាន​លទ្ធភាព​ព្យាបាល។

លោក មាជ សុវណ្ណារ៉ា ដែល​ទទួល​បន្ទុក​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥។ ហេតុការណ៍​នេះ បណ្ដាល​ឲ្យ​លោក​ទទួល​រង​របួស​ត្រង់​ក្បាល​ជា​ទម្ងន់។

ស្ថានភាព​ជំងឺ​របស់​បុរស​ដែល​ធ្លាប់​វាយ​ប្រហារ​រដ្ឋាភិបាល​ដោយ​មិន​សំចៃ​មាត់​នេះ រើ​ឡើង​វិញ​បន្ទាប់​ពី​លោក​ខកខាន​ពិនិត្យ​សុខភាព​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​នៅ​សហរដ្ឋ​អាមេរិក អស់​រយៈពេល​ជាច្រើន​ខែ​ណាស់​មក​ហើយ។ គិត​មក​ដល់​ពេល​នេះ លោក​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​របស់​លោក មាជ សុវណ្ណារ៉ា នៅ​ពេល​នេះ បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ហើយ។ លោក​បន្ត​ថា ប្រសិន​បើ​មាន​ការ​ប្រែប្រួល​បែប​ណា ខាង​ពន្ធនាគារ​ព្រៃ​ស​នឹង​មិន​ព្រងើយ​កន្តើយ​ឡើយ ជាពិសេស​ពេល​នេះ ក្រុម​គ្រូពេទ្យ​កំពុង​តាមដាន​ការ​វិវឌ្ឍន៍​ពី​ជំងឺ​នេះ។ លោក​បន្ត​ថា «គេ​បាន​រាយការណ៍​មក​ថា​ដូចជា​ឥត​មាន​បញ្ហា​អី​ទេ ដោយសារ​គាត់​ឈឺ​ក្បាល។ ដល់​អ៊ីចឹង​ទៅ ក៏​មន្ត្រី​យើង​បញ្ជូន​គាត់​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។ មិន​បាន​សម្រាក​នៅ​កន្លែង​ហ្នឹង​អី​វែង​ឆ្ងាយ​ទេ គ្រាន់​តែ​ពិនិត្យ​ហើយ​ហ្នឹង គេ​ឲ្យ​បញ្ជូន​មក​វិញ បាន​ន័យ​ថា​អាការៈ​របស់​គាត់​ហ្នឹង​មិន​មាន​អី​ធ្ងន់ធ្ងរ​ទេ»។

ក្រោយ​ពី​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស និង​ជា​សំណុំ​រឿង​ដែល​រង​ការ​រិះគន់​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ថា​ជា​រឿង​នយោបាយ​នោះ តុលាការ​គ្រប់​ជាន់​ថ្នាក់​តាំង​ពី​ថ្នាក់​ទាប​រហូត​ដល់​ថ្នាក់​កំពូល តែង​បដិសេធ​គ្រប់​ដំណាក់​កាល​នៃ​ការ​ស្នើសុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្ដី។

ជុំវិញ​រឿង​នេះ មេធាវី​ការពារ​ក្ដី​លោក មាជ សុវណ្ណារ៉ា គឺ​លោក ជូង ជូងី បញ្ជាក់​ថា មក​ដល់​ពេល​នេះ ក្នុង​នាម​លោក​ជា​មេធាវី​ហាក់​ទាល់​តម្រិះ ដែល​ការ​ស្នើសុំ​ស្ទើរ​គ្រប់​នីតិវិធី និង​តាម​បែបបទ​នៃ​ច្បាប់​ហើយ ប៉ុន្តែ​សំណើ​របស់​លោក​តែង​ត្រូវ​តុលាការ​ទាត់​ចោល​ជានិច្ច។ លោក​បន្ត​ថា យោង​លើ​សុខភាព​របស់​លោក មាជ សុវណ្ណារ៉ា វា​ល្មម​តែ​តុលាការ​ពិចារណា​បាន​ឲ្យ​គាត់​ទទួល​ការ​ព្យាបាល​មួយ​ដ៏​សមរម្យ និង​ត្រឹមត្រូវ។ លោក​បន្ត​ថា «ខ្ញុំ​ព្យាយាម​តវ៉ា​រឿង​ហ្នឹង​ថា​សុខភាព​គាត់ គឺ​ត្រូវ​ឲ្យ​គាត់​ត្រូវ​ចេញ​ទៅ​ព្យាបាល​សុខភាព​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​តុលាការ​ហាម​គាត់​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ខ្ញុំ​មាន​ការ​សោកស្ដាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់​ធ្ងន់ធ្ងរ»។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មិន​រំពឹង​ថា តុលាការ​អាច​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដ៏​ត្រឹមត្រូវ​ក្នុង​សំណុំ​រឿង​នេះ​ឡើយ បើ​ទោះ​បី​ជា​ស្ថានភាព​ជំងឺ​នេះ​វិវឌ្ឍន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ជាង​នេះ​ក្ដី។ លោក អំ សំអាត មើល​ឃើញ​ថា ករណី​របស់​គណបក្ស​ប្រឆាំង​នេះ វា​ជា​រឿង​នយោបាយ​សុទ្ធសាធ។ ហេតុ​នេះ គេ​ពិបាក​ជឿ​ណាស់​ថា តុលាការ​អាច​ដំណើរ​ការ​ក្ដី​ក្នុង​សំណុំ​រឿង​នេះ​ដោយ​ឆន្ទៈ​ដែល​ផ្អែក​លើ​ជំនាញ និង​បច្ចេកទេស​ច្បាប់។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​ក្នុង​ស្ថានភាព​បែប​នេះ គឺ​បែប​មិន​អាច​មើល​ទៅ បើ​ទោះ​បី​ជា​មាន​សញ្ញា​ណា​មួយ​គាត់​ត្រូវ​ចេញ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​យ៉ាង​ណា​ក៏ដោយ។ គាត់​ធ្លាប់​អះអាង​ថា​គាត់​មាន​ពេទ្យ​ប្រចាំ​គ្រួសារ ឬ​ក៏​ពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​នោះ អា​នោះ​វា​រឹត​តែ​មិន​អាច​ទៅ​ទៀត បើ​យើង​មើល​ទៅ​លើ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ»។

លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ១០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចៅក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៧​ឆ្នាំ​ទៅ ២០​ឆ្នាំ​ក្រោម​ហេតុផល​ចូលរួម និង​ដឹកនាំ​កុបកម្ម​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​ម្តុំ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ចំនួន​នៃ​ការ​ឃុំ​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​នេះ បណ្ដាល​ឲ្យ​ការ​ចាប់​ខ្លួន​បាន​កើន​ឡើង​ជា​បន្តបន្ទាប់​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ ដោយ​រួម​ទាំង​សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា និង​លោក​មេ​ឃុំ​ស្រក ស៊ាង ចែត ជាដើម។ តួលេខ​នេះ គេ​នៅ​មិន​ទាន់​គិត​ដល់​ការ​ឃុំ​ខ្លួន​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) នៅ​ឡើយ​ផង៕

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា

RFA
ដោយ យ៉ង ចាន់តារា

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា ដោះលែង​អ្នក​ជាប់​ឃុំ និង​អ្នក​ទោស​នយោបាយ ព្រម​ទាំង​បញ្ឈប់​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​គ្រប់​រូបភាព ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ កញ្ញា។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ហៅ​ការ​ជំនុំ​ជម្រះ​បទ​ព្រហ្មទណ្ឌ​លើ​លោក កឹម សុខា ថា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ហិង្សា​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ករណី​នេះ​ជា​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​លើ​គណបក្ស​ប្រឆាំង៖ «ករណី​លោក កឹម សុខា គឺ​ជា​ការ​ជំនុំ​ជម្រះ​ចុង​ក្រោយ​មួយ​ដែល​មាន​ចរិត​នយោបាយ​សំដៅ​គណបក្ស​ប្រឆាំង អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​សង្គម និង​បញ្ញវន្ត​សាធារណៈ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រើប្រាស់​ល្បិចកល​គ្រប់​បែប​យ៉ាង​ក្នុង​សៀវភៅ ដើម្បី​បន្សាប​ក្រុម​ប្រឆាំង​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ក្រោយ​ពេល​គណបក្ស​របស់​គាត់​ធ្លាក់​ចុះ​ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​មុន»។

ក្រៅ​ពី​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ចាត់​ទុក​ការ​សម្ញែង​កង​កម្លាំង​យោធា​ដើម្បី​អនុវត្ត​បទបញ្ជា​ចាប់​ខ្លួន ឬ​ចូលរួម​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​និយាម​អន្តរជាតិ និង​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។

លោក ប៊្រែដ អាដាម អះអាង​ថា នេះ​ជា​សកម្មភាព​បំភិត​បំភ័យ​ដ៏​ឃោរឃៅ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​រក្សា​អំណាច។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ ឲ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ទៅ​មុខ ដោយ​ពួក​គេ​ត្រូវ​ធ្វើ​កិច្ចការ​នេះ​រួម​គ្នា និង​ជា​បន្ទាន់។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រាន​ចោល​ការ​លើក​ឡើង​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ។ លោក​ថា​ករណី​លោក កឹម សុខា ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ហើយ​ថា​ការ​ថ្លែង​របស់​លោក ប៊្រែដ អាដាម ជា​រឿង​ដែល​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត៖ «ការ​ពិត​ហ្នឹង គឺ​ច្បាប់​កម្ពុជា ហាម​មិន​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​ពុក​រលួយ​ដែល​យើង​កំពុង​តែ​ពង្រឹង ហើយ​ទី​ពីរ គឺ​រឿង​ត្រូវ​តែ​ឆ្លើយ​តប​ចំពោះ​ការ​កោះ​ហៅ​របស់​តុលាការ។ អា​ហ្នឹង​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ដូច្នេះ​កុំ​យក​សាច់​រឿង​ហ្នឹង​ទៅ​ជា​រឿង​នយោបាយ»។

ទាក់ទង​នឹង​ការ​ស្នើ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​កម្ពុជា លោក ផៃ ស៊ីផាន ថា​រាល់​កិច្ចព្រមព្រៀង​ផ្តល់ ឬ​ទទួល​ជំនួយ កើត​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ពី​ភាគី​ទាំង​សង​ខាង ដែល​ជា​ទំនាក់ទំនង​ដៃគូ​ស្មើ​មុខ​គ្នា។

តុលាការ​ក្រុង​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ករណី​លោក កឹម សុខា នៅ​ថ្ងៃ​ទី​៩ កញ្ញា ខាង​មុខ។ ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ក្នុង​នាម​ជា​សាក្សី ក្នុង​រឿង​សញ្ចារកម្ម​តាម​មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ អយ្យការ​ហៅ​ការ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​លោក កឹម សុខា ថា​ជា​បទល្មើស​ជាក់ស្តែង។

មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ធ្វើ​ជា​សាក្សី​នៅ​មុខ​អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​នោះ​ដោយ​គ្មាន​មូលហេតុ​សមស្រប ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ១​លាន​រៀល។

សមាជិក​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា គឺ​លោក សំ សុគង់ ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ក្រុម​មេធាវី​បាន​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​សវនាការ​នៅ​ថ្ងៃ​ទី​៩ កញ្ញា ទៅ​ពេល​ក្រោយ​វិញ ដោយ​រង់ចាំ​ការ​សម្រេច​ពី​តុលាការ​កំពូល ចំពោះ​បណ្ដឹង​សារទុក្ខ​របស់​ក្រុម​មេធាវី ទៅ​នឹង​សាល​ដីកា​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍។ លោក​ថា បើ​សិន​ជា​មិន​មាន​ការ​ឆ្លើយ​តប​ពី​តុលាការ​នោះ​ទេ ក្រុម​មេធាវី​នឹង​មិន​ចូលរួម​ក្នុង​សវនាការ​នោះ​ឡើយ៖ «វា​ជា​រឿង​នីតិវិធី​សុទ្ធសាធ។ បើ​សិន​ជា​កុំ​ឲ្យ​ការ​កាត់​សេចក្តី​ទៅ​មាន​ការ​រិះគន់ គួរ​តែ​រង់ចាំ​តុលាការ​កំពូល​សម្រេច​សិន​ទៅ វា​មិន​ជា​ការ​យឺត​យូរ ឬ​ក៏​ហួស​ពេល​អី ដែល​តុលាការ​រាជធានី​ភ្នំពេញ​ត្រូវ​ចាំបាច់​កាត់​ថ្ងៃ​៩ (កញ្ញា) ដែរ»។

ក្រុម​មេធាវី​អះអាង​ថា ករណី​លោក កឹម សុខា មិន​មែន​ជា​បទល្មើស​ជាក់ស្តែង​នោះ​ទេ ហើយ​ថា​លោក កឹម សុខា មាន​មូលហេតុ​សមស្រប​ដែល​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ព្រោះ​លោក​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​សភា៕

ទាហានថៃ​បាញ់សម្លាប់ពលរដ្ឋខ្មែរ​​ម្នាក់ និងរបួសម្នាក់​ ក្នុងចំណោម៦នាក់​​​​​​ ​ដែលចូលកាប់ឈើក្រញូង

Fresh News

(ឧត្តរមានជ័យ)៖​ បើយោងតាម​សេចក្តីរាយការណ៍ ពីមន្រ្តីនគបាលខេត្តឧត្តរមានជ័យ ​ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០១៦ នេះថា ទាហានថៃបានបាញ់សម្លាប់​ប្រជាពលរដ្ឋ ដែល​ឡើងទៅកាប់ឈើក្រញូង នៅចន្លោះភូមិសាស្ដ្រ បង្គោលព្រំដែនលេខ៥-៤ ចំងាយពីតំបន់ព្រំដែន​ប្រហែលជា​ ៣គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីថៃបណ្តាលឲ្យ ស្លាប់​មនុស្សម្នាក់​​​ និងរងរបួសម្នាក់​ ក្នុងចំណោមប្រជាពលរដ្ឋ៦​នាក់ នៅថ្ងៃមិ្សលមិញនេះ។

មន្ដ្រីដដែល បានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៦នាក់ នោះទី១-ឈ្មោះ​​ អៀត អូន​​​ អាយុ៣១ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ​ មានទីលំនៅភូមិសាមគ្គី ឃុត្រពាំងប្រិយ៍ ស្រុកអន្លង់វែង​ ទី២-ឈ្មោះ​ អុល យ៉េត អាយុ៤៩ឆ្នាំ​ (របួស) ​ទី៣-ឈ្មោះ​ យ៉េត កែវ អាយុ២៧ឆ្នាំ​ ទី៤-ឈ្មោះ​ ហ៊ាន ប៊ុល​​ អាយុ២៦ឆ្នាំ​​ មានទីលំនៅភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង (របួសធ្ងន់) ទី៥-ឈ្មោះ ឈឹម សាវី​ អាយុ៣៣ឆ្នាំ​​ មានទីលំនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លងវែង និងទី៦-ឈ្មោះ​ ប៊ុត សួស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

បច្ចុប្បន្នមន្ដ្រីជំនាញកម្ពុជា កំពុងធ្វើការចរចារជាមួយភាគីថៃដើម្បីយកសាកសពប្រគល់ឲ្យក្រុមគ្រួសារ និងយកជនរងគ្រោះទៅសង្គ្រោះ​ ព្រោះថាពេលនេះជនរងគ្រោះនៅលើភ្នំនៅឡើយទេ រីពលរដ្ឋ៤នាក់ទៀត ដែលមិនមានរងរបួស ពួកគាត់បានទៅដល់ផ្ទះរៀងៗខ្លួនហើយ៕

ក្រសួងសាធារណការ គ្រោងដាក់ឲ្យដំណើរការប្រព័ន្ធ ចុះបញ្ជីស្លាកលេខពិសេសតាម Online នៅចុងឆ្នាំនេះ

Fresh News



(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងដាក់ឱ្យដំណើរការប្រព័ន្ធ ចុះបញ្ជីស្លាកលេខពិសេស តាមប្រព័ន្ធ Online ជាផ្លូវការ នៅចុងឆ្នាំ២០១៦នេះ ដើម្បីសម្រួលដល់មធ្យោបាយ របស់ប្រជាពលរដ្ឋ ដែលមានការមមាញឹក មិនអាចមកបំពេញបែបបទផ្ទាល់។

ការបញ្ជាក់ពីគម្រោងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន នៃវិស័យឯកជន ដើម្បីពិនិត្យមើលឡើងវិញ នូវសមិទ្ធិផលសម្រេចបានសំខាន់ៗ របស់ក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន និងសកម្មភាពនានារបស់ក្រសួង។

កិច្ចពិភាក្សានៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ បានចេញសមិទ្ធិផលសម្រេចបានសំខាន់ៗ របស់ក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន និងសកម្មរបស់ក្រសួង រួមមាន៖

ការធ្វើតេស្តសាកល្បងប្រព័ន្ធ ចុះបញ្ជីស្លាកលេខពិសេស តាមប្រព័ន្ធ Online និងប្រព័ន្ធផ្ញើសាររំឭក ឱ្យដឹងតាម Online អំពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ ក្រៅពីនេះ ក៏មានការចុះបញ្ជីរថយន្ត និងទោចក្រយានយន្តតាម Online ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសរថយន្តតាម Online និងប្រព័ន្ធចេញប័ណ្ណបើកបរតាម Online នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការ នៅចុងឆ្នាំ២០១៦នេះ ដើម្បីផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស និងមានតម្លាភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានធ្វើបច្ចុប្បន្នភាព អំពីវឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន ការស្តារឡើងវិញផ្លូវជាតិលេខ៥ ច្រកព្រំដែនថ្មីនៅស្ទឹងបត់ និងការធ្វើឱ្យប្រសើរឡើង ដល់ផ្លូវដែកភាគខាងជើងប្រទេស។

ក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន បានពិនិត្យមើលឡើងវិញនូវរបៀបវារៈ នាពេលកន្លងមក និងបានពិភាក្សាអំពីបញ្ហាប្រឈមនានាដូចជា៖ ការដឹកជញ្ជូនផលិតផលកសិកម្ម ពីព្រំដែនកម្ពុជាទៅកាន់ កំពង់ផែលែមចាបាង ក្នុងប្រទេសថៃ, ថ្លៃឈ្នួលលើកដាក់ទំនិញនៅកំពង់ផែបច្ចុប្បន្ន និងវិធីសាស្រ្តកាត់បន្ថយថ្លៃឈ្នួលទាំងនេះ ក្នុងតម្លៃប្រកួតផងដែរ៕

អគ្គនាយក​កម្ចាត់មីន : ប្រជាជន​កម្ពុជារង​ទុក្ខ និង​ឈឺចាប់២ដងដោយសារ​អាមេរិកាំង​

CEN
ដោយ: ដាវុធ



ភ្នំពេញ​: លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល កំចាត់មីន​កម្ពុជា បាន​សរសេរ ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ប្រជាជន​កម្ពុជា រង​ទុក្ខ និង​ឈឺចាប់ ចំនួន​២​ដង ពី​សហរដ្ឋអាមេរិក ករណី​ទំលាក់​គ្រាប់បែក នៅ​កម្ពុជា ហើយ​កាកសំណល់​សង្គ្រាម របស់​អាមេរិក​ទាំងនេះ បន្ត​សម្លាប់ និង​ធ្វើឱ្យ​របួស​ប្រជាជន​ស្លូតត្រង់​កម្ពុជា យ៉ាង​អ​យុ​តិ្ត​ធម៌​បំផុត មិន​ត្រឹមតែ​ប៉ុណ្ណោះ កំពុង​ធ្វើឱ្យ​កូន​ខែ្មរ ជំពាក់​ជាន់ក ដោយសារ​សង្គ្រាម​អាមេរិក​-​វៀតណាម ឡើង​ចំនួន​ជិត ៤០០ លាន​ដុល្លារ​ទៅហើយ​។

​ការលើក​បែបនេះ បន្ទាប់ពី​សេត​វិមាន សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៦ ខែកញ្ញា បានប្រកាសថា អាមេរិក នឹង​ផ្ដល់ជំនួយ​បន្ថែម ចំនួន ៩០ លាន​ដុល្លារ ក្នុងពេល​បី​ឆ្នាំ​ខាងមុខ ដើម្បី​ជួយ​ប្រទេស​ឡាវ ក្នុងការ​ដោះស្រាយ គ្រាប់​មិនទាន់​ផ្ទុះ ដែល​បានសម្លាប់​ប្រជាជន​ឡាវ អស់​ជាច្រើន ដោយសារ​អាមេរិក បាន​ទម្លាក់​លើ​ប្រទេស​ឡាវ តែ​កម្ពុជា​វិញ ទទួលបាន​តិចតួច​ប៉ុណ្ណោះ​! តើ​មាន​មូលហេតុ​អ្វី ដែល​អាមេរិក​រំលោភ​សិ​ទិ្ធ ប្រជាជន​កម្ពុជា ម្តង ជា​២ ដង​បែបនេះ​។ ការប្រកាស​នេះ ធ្វើឡើង ស្រប​ពេលដែល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ទស្សនកិច្ច នៅ​ឡាវ ជា​លើកដំបូង​។​

​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល កំចាត់មីន​កម្ពុជា បាន​សរសេរ នៅ​យប់​ថ្ងៃទី​៦ ខែកញ្ញា​ថា​
​ប្រជាជន​កម្ពុជា រង​ទុក្ខ និង​ឈឺចាប់ ចំនួន​២​ដង ពី​សហរដ្ឋអាមេរិក ករណី​ទំលាក់​គ្រាប់បែក​នៅ​កម្ពុជា​។

​ភាពឈឺចាប់​លើក​ទី​១ គឺ​ដោយសារ​អាមេរិក ទំលាក់​គ្រាប់បែក​ជិត ៣ លាន​តោន គ្រាប់បែក​ចង្កោម ជិត ៣០ លាន​គ្រាប់ គ្រាប់បែក​គីមី CS ជាដើម ។​ល​។ ក្រោមលេស​ថា តាម​កម្ទេច​ពួក​យៀកកុង យួន​ឈ្លានពាន ប៉ុន្តែ​ស្លាប់​តែ​ខែ្មរ អស់​រាប់សែន​នាក់ និង​កម្ទេច​តែ​ភូមិករ ផ្ទះសំបែង​ខែ្មរ រាប់ម៉ឺន​កន្លែង​។

​ទី​២ គឺ​នៅពេលដែល​អាមេរិក ដឹងខ្លួន នឹង​ទទួលស្គាល់​ការពិត ក្នុង​សង្គ្រាម​នៅ​ឥណ្ឌូចិន និង​សោក​វិនាសកម្ម បង្កឡើង និង​បន្ត​បន្សល់ទុក​កាកសំណល់ ពី​សង្គ្រាម​នោះ ខាង​ប្រទេស​វៀតណាម និង​ឡាវ បានទទួល​ជំនួយ កើនឡើង រហូតដល់​ជិត ១០០ លាន​ដុល្លារ ក្នុង​រយ​:​ពេល ៣ ឆ្នាំ ដើម្បី​ជាការ​ដោះស្រាយ​ស្រាយ បញ្ហា​ធានា​សុខ​សុ​វ​តិ្ថ​ភាព ដល់​ប្រជាជន​របស់ខ្លួន តែ​កម្ពុជា ទទួលបាន​តិចតួច​ប៉ុណ្ណោះ​! តើ​មាន​មូលហេតុ​អ្វី ដែល​អាមេរិក រំលោភ​សិ​ទិ្ធ​ប្រជាជន​កម្ពុជា ម្តង ជា​២ ដង​បែបនេះ​?​។

​កាកសំណល់​សង្គ្រាម របស់​អាមេរិក​ទាំងនេះ បន្ត​សម្លាប់ និង​ធ្វើឱ្យ​របួស​ប្រជាជន ស្លូតត្រង់​កម្ពុជា យ៉ាង​អ​យុ​តិ្ត​ធម៌​បំផុត​! មិន​ត្រឹមតែ​ប៉ុណ្ណោះ កំពុង​ធ្វើឱ្យ​កូន​ខែ្មរ ជំពាក់​ជាន់ក ដោយសារ​សង្គ្រាម អាមេរិក​-​វៀតណាម ឡើង​ចំនួន​ជិត ៤០០ លាន​ដុល្លារ​ទៅហើយ​! គេ​យក​ដំបង​ដ៏​ធំ មក​វាយ​សំពង​សំលាប់​យើង តែ​មិន​ស្លាប់ គេ​បែរជា​មក​ទារ​សង​ថ្លៃ​ដំបង មិន​គិត​ប្រឹង​ជួយ ព្យាបាល​របួស​ធ្ងន់ធ្ងរ​នោះទេ​! តើ​យុ​តិ្ត​ធម៌ និង​ការគោរព​សិ​ទិ្ធ​មនុស្ស នៅឯណា សំរាប់​ប្រជាជន​កម្ពុជា ដែល​រង​ទុក្ខសោក​នោះ​? យើង​បានធ្វើការ​ស្រាវជ្រាវ យ៉ាងច្រើន ពី​មូលហេតុ​អាមេរិក ប្រ​ព្រឹ​តិ្ត​មកលើ​កម្ពុជា លើ​ករណីនេះ មានការ​អះអាង​យ៉ាងច្រើន ហើយ​មាន​មូលហេតុ​មួយ​នោះ គឺថា កាល​មក​ទំលាក់​គ្រាប់បែក អាមេរិក​ថា ក្រុម​ខែ្មរ​មួយ​ជំពូក​នោះ ស្នើ​សុំឱ្យ អាមេរិក​ជួយ​ទំលាក់ ហើយ​នៅពេល​អាមេរិក ពិបាក​ផ្តល់ជំនួយ​មក​កម្ពុជា ដោយសារ​ពួក​ខែ្មរ ជំពូក​ដដែល​ហ្នឹង សុំឱ្យ អាមេរិក ផ្តាច់ជំនួយ​! រីឯ​ឡាវ និង​វៀតណាម រស់នៅ​អាមេរិក ពួកគេ​រួមគ្នា​ទាមទារ និង​រុក​គួ​ន​ឱ្យ ព្រឹ​ទិ្ធ​សភា​អាមេរិក ជួយ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​គេ រីឯ​ខែ្មរ​យើង​ខ្លះ ខិតខំ​ទាមទារ និង​រុក​គួ​ន​ព្រឹ​ទិ្ធ​សភា​អាមេរិក ឱ្យ​ផ្តាច់ជំនួយ​ទៅវិញ នេះ​បាន​ហៅថា ....?៕

UNHR ស្នើ​ឲ្យ​រដ្ឋាភិបាល បង្ក​បរិយាកាស​ងាយស្រួល​មុន​ការបោះឆ្នោត​

ថ្មី​ៗ
និពន្ធដោយ: ខន ចំប៉ា



ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី ៦ ខែកញ្ញា នេះ ដោយបាន​ស្នើ​ឲ្យ​រដ្ឋាភិបាល បង្ក​បរិយាកាស​ងាយស្រួល ក្នុងការ​អនុវត្ត​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ការជួបប្រជុំ​ដោយ​សន្តិវិធី និង​ក្នុង​ការបង្កើត​សមាគម នៅមុន​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ ។​

លោកស្រី រ៉ាវី​ណា សេម​ដា​សានី (Ravina Shamdasani) អ្នកនាំពាក្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​ក​ម្ព​ជា បានបង្ហាញ​ពី​ក្តីបារម្ភ​អំពី​បរិយាកាស​នៅ​កម្ពុជា ដែល ខ្លួន​អះអាងថា កំពុង​ការបំភិតបំភ័យ​កាន់តែខ្លាំង​ឡើងៗ​ដល់​អ្នកនយោបាយ អ្នកគាំទ្រ​របស់​បក្សប្រឆាំង សង្គម​ស៊ីវិល និង​អ្នកធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ក្នុងប្រទេស​កម្ពុជា​។
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រុង​ហ្សឺ​ណែវ លោកស្រី រ៉ាវី ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ទាំងឡាយ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​បទដ្ឋាន​អន្តរជាតិ ស្តីពី​ការជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌ នៅក្នុង​អំឡុងពេល​នីតិវិធីរឿងក្តី​ព្រហ្មទណ្ឌ រាប់ទាំង​ការ​ធា​ឲ្យ​មាន​តម្លាភាព ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធយុត្តិធម៌​ផងដែរ​។​
​
ការស្នើ​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​គឺ​បន្ទាប់ពី​មានការ​ដាក់​រនាំង​បិទផ្លូវ​ម្តុំ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​៥ ខែកញ្ញា ដើម្បី​រារាំង​ការ​ដង្ហែ​ញត្តិ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅកាន់​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​១៩៩១ ។ ការស្នើ​នេះ ក៏​ស្រប​ពេលដែល​តុលាការ​កាត់ក្តី​លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ ។ ឯកឧត្តម កឹម សុខា ត្រូវបាន​ចោទ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ​ចាត់ទុកថា ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។​
​
ឆ្លើយតប​នឹង​ការស្នើ​នេះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក ថា​មិនមាន​សារៈប្រយោជន៍​ក្នុងការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​នោះឡើយ​។ លោក បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖ «​កម្ពុជា​ធ្វើ​អ្វី​គឺ​ស្របទៅតាម​ច្បាប់​របស់​ក​ម្ពុ​ជា​។ យើង​មានច្បាប់ យើង​ធ្វើ​អ្វី​ស្របតាម​នីតិវិធី​ច្បាប់​របស់​យើង គ្រាន់តែ​អនុវត្តន៍​តាម​គោលការណ៍​អន្តរជាតិ ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។

​លោក​បន្តថា ការរារាំង​ការជួបជុំ​នានា ក្នុង​បំណង​ធ្វើ​ប​ដិ​វដ្ត​ពណ៌ ឬ​ដើម្បី​បង្កចលាចល និង​អសន្តិសុខ​នៅក្នុង​សង្គម​កម្ពុជា គឺ​រដ្ឋាភិបាល​មិន​អនុញ្ញាត​នោះទេ ហើយ​នេះ​គឺជា​តួនាទី​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​របស់ខ្លួន​៕

កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ត្រូវបាន​ប​ញ្ជូ​ល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​រួចទៅហើយ

រស្មី​កម្ពុជា
​ដោយ៖ វិបុល



(​ភ្នំពេញ​) ៖ នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ នេះ តំណាងរាស្ត្រ​នៃ​ក្រុម​សភា​មតិ​ភាគច្រើន បានចេញ​លិខិត​ចំហ​មួយ​ផ្ញើជូន​ទៅកាន់​ថ្នាក់​​ដឹកនាំ នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នានា​នៅលើ​ពិភពលោក​ដើម្បី​ជាការ​ឆ្លើយតប​នឹង​លិខិត​ចំហ​របស់​​គណបក្សប្រឆាំង​នៅ​កម្ពុជា ដែល​បាន​ចោទប្រកាន់​គណបក្សកាន់អំណាច​ថា បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​។​

​តាមរយៈ​លិខិត ដែលមាន​ប្រវែង​៣​ទំព័រ​របស់​ក្រុម​សភា​មតិ​ភាគច្រើន ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង​បាន​ថ្កោល​​ទោស​យ៉ាង​ម៉ឺ​ត​ម៉ាត់​ចំពោះ​លិខិត​ចំហ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចោទប្រកាន់​មិន​ត្រឹមត្រូវ លើ​គណបក្សកាន់អំណាច​ថា​បាន​​រំលោភ​លើ​កិច្ចព្រមព្រៀង​សន្ធ​សញ្ញា​ទីក្រុង​ប៉ារីស​។​

​លិខិត​ដដែល​នេះ​បាន​លើកឡើងថា តាមពិត​នោះ គឺ​គណបក្សប្រឆាំង​ទៅវិញ​ទេ ដែល​បាន​រំលោភ​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ដោយបាន​​ព្យាយាម​ធ្វើ​ឲ្យ​អន្ដរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ស្ថាប័ន​នយោបាយ​របស់​ប្រទេស​ដែល​ត្រូវបាន​កសាង​ជា​ជំ​ហ៊ានៗ​ក្នុង​រយៈពេល​ប៉ុន្មាន​​ទសវត្ស​មកនេះ​។​

​ជាមួយគ្នានេះដែរ ក្រុម​សភា​មតិ​ភាគច្រើន​ក៏បាន​បញ្ជាក់ថា សន្ធិសញ្ញា​ទីក្រុង​ប៉ារីស គឺ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​រួចទៅហើយ ហើយ​ត្រូវបាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ដោយ​រដ្ឋាភិបាល​។ ប៉ុន្តែ​ផ្ទុយទៅវិញ គណបក្សប្រឆាំង​តែងតែ​អង្គុយ​លើ​ច្បាប់​ដោយ​ទាញយក​ផល​ប្រ​យោជន៍​នៃ​អភ័យឯកសិទ្ធិ​របស់​ពួកគេ ដើម្បី​បម្រើ​គោលបំណង​នយោបាយ និង​ភាព​អាត្មានិយម​របស់​ពួកគេ​៕



ក្រសួងមហាផ្ទៃ ថ្កោលទោស​ករណី​ផ្ទុះ​គ្រាប់បែក និង​ថា​កំពុង​ស្វែងរក​ជនល្មើស​

ថ្មី​ៗ
និពន្ធដោយ: ខន ចំប៉ា



​ក្រសួងមហាផ្ទៃ​បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស ចំពោះ​ហេតុការណ៍​ផ្ទុះ​គ្រាប់បែកដៃ នៅក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ កណ្តាល​ក្រុងភ្នំពេញ នា​យប់​ថ្ងៃទី​៦ ខែកញ្ញា​។ ស្ថាប័ន​នេះ បានចាត់ទុក​ករណី​ផ្ទុះ​គ្រាប់បែកដៃ​នេះ​ថា មាន​ចេតនា​ធ្វើ​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​មានការ​យល់ច្រឡំ​ចំពោះ​សភាពការណ៍​សន្តិសុខរ​បស់​កម្ពុជា​ទាំងមូល ដែល​កំពុងតែ​រក្សាបាន​នូវ​ប្រក្រតីភាព និង​ស្ថិរភាព​យ៉ាង​ល្អប្រសើរ​។ ក្រសួងមហាផ្ទៃ បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៧ ខែកញ្ញា​នេះ​ថា​៖ «​ក្រសួងមហាផ្ទៃ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​»​។

កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ចាត់វិធានការ​ស្រាវជ្រាវ ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ ស្វែងរក​ជនល្មើស​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងមហាផ្ទៃ ដែល​បន្ថែម​ដោយ​ការអំពាវនាវ​ដល់​សាធារណជន ឲ្យ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្នុងការ​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​បំពេញបន្ថែម​ដល់​ការងារ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​កម្លាំង​មាន​សមត្ថកិច្ច ឈានទៅ​កំណត់​អត្តសញ្ញាណ​ជនល្មើស​។

​ទាក់ទង​នឹង​ករណីនេះ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បំផ្ទុះ​នេះ​ពី​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​នៅឡើយ ដោយ​លោក​បញ្ជាក់ថា​កំពុង​ជាប់​ប្រជុំ​។​
​សូមបញ្ជាក់ថា ករណី​បំផ្ទុះ​គ្រាប់បែកដៃ នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ កាលពី​ម៉ោង​៧ និង​៤០​នាទី យប់​ថ្ងៃទី​៦ ខែកញ្ញា បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៤​នាក់​របួសធ្ងន់ និង​ស្រាល ខូចខាត​រថយន្ត​ចំនួន​៤​គ្រឿង និង​សម្ភារ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​៕

ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាននៅ​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​

CEN
ដោយ: ដា​វុ​ធ​



ភ្នំពេញ: ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៨-២៩ ចង្អៀត និង​កិច្ចប្រជុំ​កំពូល​ពាក់​ព័​ន្ឋ​​នៅ​ព្រឹក​ថ្ងៃទី​៧ កញ្ញា​នេះ គឺជា​ថ្ងៃទី​២ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៨-២៩ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​របស់​អាស៊ាន​។ មេដឹកនាំ​អាស៊ាន​បានបញ្ជាក់​សារជាថ្មី​ពី​ការតាំង​ចិត្ត​ក្នុងការ​រក្សា​តំបន់​អាស៊ីអាគ្នេយ៍​ជា​តំបន់​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។

ជាមួយគ្នានេះមេដឹកនាំអាស៊ានបានអនុម័តសេចក្តីប្រកាសអាស៊ានស្តីពីការពង្រឹងការអប់រំសម្រាប់កុមារ និង​យុវជន​នៅក្រៅ​សាលា និង​បាន​ស្វាគមន៍​ការអនុម័ត​ផែនការ​ការងារ​លើ​វិស័យ​អប់រំ​ក្នុង​ឆ្នាំ ២០១៦-២០២០​។ជាមួយគ្នានេះបណ្តាមេដឹកនាំអាស៊ានក៏បានធ្វើការពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ឧបទ្វីប​កូរ៉េ បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលមាន​ការ យកចិត្តទុកដាក់​ពី​គ្រប់ភាគី​។​

១)​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​១៩ ​នៅ​ព្រឹក​ថ្ងៃ​ដដែល បណ្តា​មេដឹកនាំ​អាស៊ាន​បាន​អញ្ជើញ​ចូលរួម​បន្ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​១៩ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ចិន​លើក​ទី​២៥ ជាមួយ​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

កិច្ចប្រជុំ​នេះ មេដឹកនាំ​អាស៊ាន​ចិន បាន​តាមដាន​នូវ​ការ​ទស្សនា​ខ្សែ​វីដេអូ​អំពី​ការ​រំលឹក​ខួប​លើក​ទី​២៥​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន ចិន ការចេញផ្សាយ​សៀវភៅ​ពី​ទិន្នន័យ និង​តួលេខ​ជាក់លាក់ ២៥​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​ចិន ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន ឡាវ និង​ពិធី​កាត់​នំ​ខួប​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន ចិន ក្នុង​បរិយាកាស​រីករាយ​ស្និ​ទ្ឋ​ស្នាល​បំផុត​។

​មេដឹកនាំ​អាស៊ាន​-​ចិន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការ ប្រារព្វ​ខួប​អនុស្សាវរីយ៍​២៥​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន និង​បាន​សំដែង​នូវ​ការរីករាយ​ចំពោះ​សកម្មភាព រំលឹក​ខួប​ជាច្រើន ដែល​បាន​រៀបចំឡើង​ដោយ​ភាគី​ទាំងពីរ ដើម្បី​រួមគ្នា​ប្រារព្វ​ឱកាស​ដ៏​វិសេសវិសាល​នោះ​។

​មេដឹកនាំ​ទាំងអស់​បាន​ឯកភាពគ្នា​ក្នុងការ​អនុម័ត​នូវ​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​១៩ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​២៥​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន​។ ទន្ទឹមនឹងនេះ​មេដឹកនាំ​អាស៊ាន​-​ចិន បាន​អះអាង​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​មិន​ប្រពៃណី ដូចជា​ការប្រឆាំង​ភេរវកម្ម ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​បទល្មើស​តាម​អ៊ិន​ថឺ​ណែ​ត​។ ចិន​គឺជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន ជាមួយនិង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប ៣៤៦,៤​ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៥ និង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​ចិន​មកកាន់​អាស៊ាន​មាន​៨,២ ប៊ី​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ​២០១៥​។

​ជាមួយគ្នានេះ​មេដឹកនាំ​ទាំងអស់ ក៏បាន​ស្វាគមន៍​ចំពោះ​ការចូល​ជា​ធរមាន នៃ​ពិធីសារ​នៃ​ការធ្វើ​វិសោធនកម្ម​ក្របខណ្ឌ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ និង​កិច្ចព្រមព្រៀង​ជាក់លាក់​រវាង​អាស៊ាន​និង​ចិន នៅ​ថ្ងៃទី​១ ខែកក្កដា​ឆ្នាំ​២០១៦​។ ទន្ទឹមនឹងនេះ​មេដឹកនាំ​ទាំងអស់ ក៏បាន​រំពឹងទុក​ការសម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ពាណិជ្ជកម្ម​សរុប​ចំនួន ១​ទ្រី​លាន​ដុល្លា​អាមេរិក និង​ការវិនិយោគ​ចំនួន ១៥០ ប៊ី លាន​ដុល្លា​អាមេរិក នៅ​ឆ្នាំ​២០២០​។

​នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះដែរ មេដឹកនាំ​ទាំងអស់​បានអនុម័ត​សេចក្តីប្រកាស​រួម​រវាង​អាស៊ាន​និង​ចិន ស្តីពី​កិច្ចសហប្រតិបត្តិការ​ស​ម​ត្ថ​ភាព​ផលិតកម្ម និង​សង្ឃឹមថានឹង​ផ្តល់​កាលានុវត្តភាព​ដើម្បី​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​បន្ថែមទៀត​។

​មេដឹកនាំ​អាស៊ាន បាន​អរគុណ​ដល់​ភាគី​ចិន ក្នុង​ការបន្ត​ការគាំទ្រ​ដល់​ការលើកកម្ពស់​ការតភ្ជាប់​អាស៊ាន តាមរយៈ​ការចូលរួម យ៉ាងសកម្ម នៃ​ធនាគារ​អាស៊ី​សម្រាប់​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងការ​លើកកម្ពស់​កា​រត​ភ្ជាប់​តំបន់ ពិសេស​ការ​កាត់ បន្ថយ​គម្លាត​អភិវឌ្ឍ​រវាង​និង​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន ដោយ​រំពឹងទុក​ថា ការគាំទ្រ​របស់​ចិន ដើម្បី​អនុវត្ត ផែនការ​ការងារ​ទី​៣ នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​២០១៦-២០២០​។

​មេដឹកនាំ​អាស៊ាន​ក៏បាន ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​លើកទឹកចិត្ត​ដល់​ការគាំទ្រ​របស់ ចិន សម្រាប់​ការសម្រេច​ឲ្យ​បាន​នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​អាស៊ាន​មួយ ការឆ្លើយតប​មួយ ពោលគឺ​ការឆ្លើយតប​របស់ អាស៊ាន​មួយ​ទៅនឹង​គ្រោះមហន្តរាយ​នៅក្នុង​តំបន់ និង​ក្រៅ​តំបន់​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះដែរ​មេដឹកនាំ​ទាំងអស់ ក៏ បានទទួល​ស្គា​ល់ពី​តួនាទី​របស់​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន លើ​ការសម្របសម្រួល​ពាណិជ្ជកម្ម ការវិនិយោគទេស ចរណ៍ ការអប់រំ និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​អាស៊ាន​និង​ចិន និង​បាន​ស្វាគមន៍​ការ អនុម័ត​នូវ​ការកែសម្រួល​អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតមជ្ឈមណ្ឌល​អាស៊ាន​-​ចិន​។

​មេដឹកនាំ​អាស៊ាន​ក៏បាន​ធ្វើការ​កត់សម្គាល់​លើ​គំនិត​ផ្តួចផ្តើម​របស់​ចិន ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ ២+៧ សម្រាប់​ទំនាក់ទំនង​អាស៊ាន​-​ចិន និង​តាំងចិត្ត​ធ្វើការ​ឲ្យ​កាន់តែ​ជិត​ស្និ​ទ្ឋ​ជាមួយ​ចិន ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ដោយ​ឈរលើ​មូលដ្ឋាន​សមភាព ការគោរព​គ្នា​ទៅវិញទៅមក ផលប្រយោជន៍​និង​កុងសង់ស៊ីស​។

​នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះដែរ​មេដឹកនាំ​ទាំងអស់​បាន​គូសបញ្ជាក់​នូវ​សារៈសំខាន់​នៃ​ការថែរក្សា​សន្តិភាព ស្ថេរភាព សន្តិសុខ​និង​សេរីភាព នាវាចរណ៍ និង​ការហោះហើរ​ពីលើ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ក្នុងនោះ​មេដឹកនាំ​ទាំងអស់​ស្វាគមន៍​ការអនុម័ត​សេចក្តី​ប្រការ​រួម​របស់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អាស៊ាន​និង​ចិន ស្តីពី​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ​និង​មាន​ប្រសិទ្ធភាព នូវ​សេចក្តីថ្លែងការណ៍​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ដើម្បី​ធានា​នូវ​ការអនុវត្ត​ទាំងស្រុង​នូវ (DOC) ឲ្យ​បាន​ពេញលេញ​និង​មាន​ប្រសិទ្ធភាព​។

​ខណៈដែល​កត់សម្គាល់​ពី​ការរីកចម្រើន​នៃ​ការពិគ្រោះ​យោបល់ ស្តីពី​ក្រម​ប្រតិបត្តិ នៅ​សមុទ្រ​ចិន​ខាងត្បូង (COC) មេដឹកនាំ​ទាំងអស់​បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​រក្សា​ជំហាន​នៃ​កិច្ចប្រជុំ​នេះ ដើម្បី​ឆ្ពោះទៅរក​ការបញ្ចប់ (COC) ឲ្យ​បាន​ឆាប់ ដោយ​ផ្អែកលើ​កុង
សង់ស៊ីស​។ ជាមួយគ្នានេះ​មេដឹកនាំ​អាស៊ាន​-​ចិន បាន​ស្វាគមន៍​ក្នុងការ​កំណត់​ឆ្នាំ​២០១៧ ជា​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​អាស៊ាន​-​ចិន ដោយ​រំពឹងទុក​នូវ​ការបង្កើន​កិច្ចសហប្រតិបត្តិការ និង​សកម្មភាព​នានា ក្នុង​គោលបំណង​ជំរុញ​ការចូល​ទស្សនា​ទៅវិញទៅមក រវាង​អ្នក​ទេសចរណ៍ របស់​អាស៊ាន និង​ចិន​។

២)​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​១៩​បន្ទាប់ពី​បានបញ្ចប់​កិច្ចប្រជុំ​ជាមួយ​ចិន មេដឹកនាំ​អាស៊ាន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​១៩ ដែលមាន​លោក ហ្សិ​ន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​ចូលរួម​។ មេដឹកនាំ​អាស៊ាន​-​ជប៉ុន បានបញ្ជាក់​សាជាថ្មី នូវ​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម និង​សកម្មភាព​នានា​ដើម្បី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ដោះស្រាយ​នូវ​និន្នាការ​ថ្មី និង​បញ្ហា​ប្រឈម​ដែល​កើត មានឡើង នៅក្នុង​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមទាំង​ភេរវកម្ម​និង​ហិង្សា​ជ្រុលនិយម និង​បទល្មើស​តាម​អ៊ិន​ធើ​ណែ​ត​។

​មេដឹកនាំ​អាស៊ាន​បាន​ស្វាគមន៍​ចំពោះ​គោលបំណង​របស់​ជ​ប៉ុន ដើម្បី​ចូលរួមចំណែក​កាន់តែ​សកម្ម​ក្នុងការ​ថែរក្សា​សន្តិសុខ ស្ថេរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ ក្រោម​គោលនយោបាយ​របស់​ជប៉ុន គឺ​ការរួមចំណែក​ដ៏​សកម្ម​ដើម្បី​សន្តិភាព​។ ជប៉ុន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​លំដាប់​ទី​២​របស់​អាស៊ាន និង​ជា​ប្រភព​លំហូរ​វិនិយោគទុន​ដោយផ្ទាល់​ពី​បរទេស​ធំជាងគេ​លំដាប់​ទី​២​មក​អាស៊ាន​។ ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​ជប៉ុន​បាន​ឈានដល់​២៣៩,៤​ប៊ី​លាន​ដុល្លា​អាមេរិក​ក្នុង​ឆ្នាំ​២០១៥ និង​វិនិយោគ​ផ្ទាល់​ពី​ជប៉ុន​មក​អាស៊ាន​មាន​ចំនួន ១៧,៤​ប៊ី​លាន​ដុល្លា​អាមេរិក​ក្នុង​ឆ្នាំ​២០១៥​។

​មេដឹកនាំ​អាស៊ាន​បាន​ស្វាគមន៍​ការគាំទ្រ​របស់​ជប៉ុន​ដល់​ការអភិវឌ្ឍន៍​សហគ្រិន​មីក្រូ​ធុន​តូច​និង​មធ្យម​នៅក្នុង​តំបន់ និង​បានកត់សម្គាល់​ពី​ការពង្រឹង​នៃ​ការចរចា លើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​។ ជាមួយគ្នានេះ​មេដឹកនាំ​អាស៊ាន​បាន​រំពឹងទុក​ថា ជប៉ុន​នឹង​បន្ត​គាំទ្រ​លើ​ផែនការមេ ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ និង​បាន​ស្វាគមន៍​គំនិត​ផ្តួចផ្តើម របស់​ជប៉ុន​ក្នុងការ​ព​ង្រឹ​ក​ភាពជា​ដៃគូ​ហេដ្ឋារចនាសម្ព័ន្ធ​មានគុណ​ភាព និង​គោលការណ៍ G7 Ise Shima សម្រាប់​ការលើកកម្ពស់​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មានគុណ​ភាព​។ ទន្ទឹមនឹងនេះ​មេដឹកនាំ​អាស៊ាន​បាន​លើកទឹកចិត្ត​ដល់​ការគាំទ្រ​របស់​ជប៉ុន សម្រាប់​ការតភ្ជាប់​តាមផ្លូវ​អាកាស​កាន់តែ​ប្រសើរឡើង​រវាង​អាស៊ាន​និជ​ប៉ុន និង​បាន​ស្វាគមន៍​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អាស៊ាន ស្តីពី​កិច្ចព្រមព្រៀង​សេវាកម្ម​អាកាស ចរណ៍​ក្នុង​តំបន់​លើក​ទី​១​។

​មេដឹកនាំ​អាស៊ាន​ក៏បាន​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​ត​ភ្ជាប់​មេគង្គ​-​ជប៉ុន និង​ការបន្ត​រួម ចំណែក​របស់​ជប៉ុន ដល់​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន តាមរយៈ​ការគាំទ្រ​លើ​ការអនុវត្ត​ផែនការ​ការងារ​ទី​៣ នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៦-២០២០​។ មេដឹកនាំ​អាស៊ាន​ក៏បាន​លើកទឹកចិត្ត​ដល់​ការគាំទ្រ​របស់​ជប៉ុន ចំពោះ​ការសម្រេច​ឲ្យ​បាន​នូវ​សេចក្តីថ្លែងការណ៍ ស្តីពី​អាស៊ាន​មួយ ការឆ្លើយតប​មួយ ពោលគឺ​ការឆ្លើយតប​របស់​អាស៊ាន ទៅនឹង​គ្រោះមហន្តរាយ​នៅក្នុង​តំបន់​និង​ក្រៅ​តំបន់​។

មេដឹកនាំ​អាស៊ាន​បាន​រីករាយ​ចំពោះ​ការគាំទ្រ​របស់​ជប៉ុន ចំពោះ​លើកកម្ពស់​ការអភិវឌ្ឍ​សុខភាព​នៅក្នុង​តំបន់ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិ ការ​នៅក្នុង​វិស័យ​ថែទាំ​សុខភាព រួមបញ្ចូល​ទាំង​តាមរយៈ​គំនិត​ផ្តួចផ្តើម​សុខភាព​អាស៊ាន​-​ជប៉ុន​។ ជាមួយគ្នានេះ​មេដឹកនាំ​អាស៊ាន​បាន​រីករាយ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​វិស័យ​ឧស្សាហកម្ម និង​មូលនិធិ​ជប៉ុន​-​អាស៊ាន សម្រាប់​ការផ្តល់​លទ្ធភាព​ដល់​ស្ត្រី ដើម្បី​បង្កើន​តួនាទី​របស់​ស្ត្រី​នៅក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។

​នៅក្នុង​កិច្ចប្រជុំ​នោះដែរ មេដឹកនាំ​អាស៊ាន​-​ជប៉ុន បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន និង​ស្វាគមន៍​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើន​ទំនាក់ទំនង​មិត្តភាព និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​នៅក្នុង វិស័យ​កីឡា តាមរយៈ​ការបង្កើត​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​វិស័យ​កីឡា​អាស៊ាន​-​ជប៉ុន​។

មេដឹកនាំ​អាស៊ាន​-​ជប៉ុន​បាន​សង្កត់ ធ្ងន់​លើ​សារៈសំខាន់​នៃ​ការរក្សា​សន្តិភាព សន្តិសុខ សេរីភាព​នាវាចរណ៍ និង​ការហោះហើរ​ឆ្លងកាត់​លើ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ក្នុងនោះ​មេដឹកនាំ​ទាំងអស់ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ រក្សា​ភាព​អត់ធ្មត់​ក្នុង​ការ ធ្វើសកម្មភាព​នានា និង​ចំពោះ​រដ្ឋ​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​អនុលោម​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ រួមទាំង​អនុសញ្ញា​របស់​អង្គការសហប្រជា ជាតិ ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​។

​មេដឹកនាំ​ជប៉ុន​បាន​គូសបញ្ជាក់​ពី​តម្រូវការ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​និង​ចិន ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព នូវ​សេច ក្តីថ្លែងការណ៍​ស្តីពី​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ឲ្យ​បាន​ទាំងស្រុង និង​បាន​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​សមាជិក​អាស៊ាន និង​ចិន ធ្វើការ​ឆ្ពោះទៅរក​ការបញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC) ប្រកបដោយ​ប្រសិទ្ធភាព​។

ដោយ​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការថែរក្សា សន្តិភាព សន្តិសុខ និង​ស្ថេរភាព​នៅ​ឧបទ្វីប​កូរ៉េ កិច្ច​ប្រជុំបាន​ចែករំលែក​នូវ​ការព្រួយបារម្ភ​អំពី​ស្ថានការណ៍​ថ្មីៗ នៅ​ឧបទ្វីប​កូរ៉េ រួមទាំង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​កាំជ្រួច​មី​ស៊ី​ល​បាលី​ស្ទីក របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ដែល​នោះ​គឺជា​ការ រំលោភ​ទៅលើ​សេចក្តីសម្រេចចិត្ត របស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​។

​មេដឹកនាំ​អាស៊ាន​-​ជប៉ុន បាន​ទទូច​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ គោរព​ឲ្យ​បាន​ពេញលេញ តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ​។ ជាមួយគ្នានេះ​មេដឹកនាំ​ទាំងអស់​បាន​អំពាវនាវ​ឲ្យ​មានការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ដោយ​សន្តិវិធី ពិសេស​ទៅទៀត​នោះ​មេដឹកនាំ​ទាំងអស់ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបង្កើត​បរិយាកាស​ប្រកបដោយ​អំណោយផល ឆ្ពោះទៅរក​ការចាប់ផ្តើម​ឡើងវិញ នៃ​កិច្ចពិភាក្សា​ប្រាំមួយ​ភាគី​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ពង្រឹង​និង​រក្សា​សន្តិភាព សន្តិសុខ និង​ស្ថេរភាព​នៅ​ឧបទ្វីប​កូរ៉េ​។ ទន្ទឹមនឹងនេះ​មេដឹកនាំ​អាស៊ាន​-​ជប៉ុន ក៏បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់ ក្នុងការ​ដោះស្រាយ​បញ្ហា​នៃ​កង្វល់​មនុស្សធម៌ រួមមាន​បញ្ហា​ចាប់ពង្រត់​មនុស្ស​ផងដែរ​៕

អាស៊ាន-ចិន ថា ប្រឹងប្រែងរួមគ្នាជំរុញទំហំវិនិយោគឲ្យកើនដល់ ១៥០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០

Fresh News



(ភ្នំពេញ)៖ មេដឹកនាំអាស៊ាន និងចិន បានកត់សម្គាល់ឃើញថា ទំហំពាណិជ្ជពាណិជ្ជកម្មរវាងប្រទេសចិន ជាមួយប្រទេសសមាជិកអាស៊ានមានសន្ទុះកើនឡើងខ្លាំង ហើយពួកគេបានសន្យារួមគ្នាប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នាឲ្យកាន់តែធំថែម ទៀត។ អាស៊ាន-ចិន ចង់ជំរុញទំហំវិនិយោគឲ្យដល់ ១៥០ប៊ីលានដុល្លារ និងទំហំពាណិជ្ជកម្មឲ្យដល់ ១ទ្រីលានដុល្លាអាមេរិកនៅឆ្នាំ២០២០។

ការប្តេជ្ញាប្រឹងប្រែងជំរុញទំហំវិនិយោគ និង ពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងចិនឲ្យកាន់តែកើនឡើងខ្ពស់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

យោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចេញផ្សាយនារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានគូសបញ្ជាក់ថា មេដឹកនាំអាស៊ានបានយាង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ ដើម្បីរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិនលើកទី២៥ ជាមួយលោក លី ខៃឈាង នាយករដ្ឋមន្រ្តីចិន។ ក្នុងកិច្ចប្រជុំកំពូលនោះ មេដឹកនាំអាស៊ាន-ចិន បានតាមដានការទស្សនាខ្សែវីដេអូអំពីការរំលឹកខួបលើកទី២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។

ក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ាន បានធ្វើការកត់សម្គាល់ថា ចិន នៅតែជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុត របស់អាស៊ាន ជាមួយនិងទំហំពាណិជ្ជកម្មទ្វេភាគីសរុប ៣៤៦,៤ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០១៥ និងលំហូរវិនិយោគផ្ទាល់ពីចិន មកកាន់អាស៊ានមាន ៨,២ ប៊ីលានដុល្លាអាមេរិកក្នុងឆ្នាំ២០១៥។ មេដឹកនាំទាំងអស់ ក៏បានស្វាគមន៍ចំពោះការចូលជាធរមាន នៃពិធីសារនៃការធ្វើវិសោធនកម្មក្របខណ្ឌ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងជាក់លាក់រវាងអាស៊ាន និងចិន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។

បើតាមទំព័រ Facebook របស់នាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន នាព្រឹកមិញនេះ មេដឹកនាំទាំងអស់បានអនុម័តសេចក្តីប្រកាសរួម រវាងអាស៊ាន និងចិន ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត កម្ម នឹងផ្តល់កាលានុវត្តភាព ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្មបន្ថែមទៀត។

មេដឹកនាំអាស៊ាន បានអរគុណដល់ភាគីចិន ក្នុងការបន្តការគាំទ្រ ដល់ការលើកកម្ពស់ការតភ្ជាប់អាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម នៃធនាគារអាស៊ីសម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ក្នុងការលើកកម្ពស់ការតភ្ជាប់តំបន់ ពិសេសការកាត់បន្ថយគម្លាតអភិវឌ្ឍ រវាងនិងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដោយរំពឹងទុកថា ការគាំទ្ររបស់ចិន ដើម្បីអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន២០១៦-២០២០។

មេដឹកនាំអាស៊ានក៏បាន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តដល់ការគាំទ្ររបស់ ចិន សម្រាប់ការ សម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយ ពោលគឺការឆ្លើយតបរបស់ អាស៊ានមួយទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។

នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំទាំងអស់ ក៏បានទទួលស្គាល់ពីតួនាទីរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន លើការសម្របសម្រួលពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការអប់រំ និង ការផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាន និងចិន និងបានស្វាគមន៍ការអនុម័ត នូវការកែសម្រួលអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន។

មេដឹកនាំអាស៊ានក៏បានធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើមរបស់ចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ ២+៧ សម្រាប់ទំនាក់តំនងអាស៊ាន-ចិន និងតាំងចិត្តធ្វើការឲ្យជិតស្និទ្ធជាមួយចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋានសមភាព ការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍ និងកុងសង់ស៊ីស៕

GMAC អះអាងថា ប្រាក់ឈ្នួលកម្មករកម្ពុជា នៅឆ្នាំ ២០១៧ នឹងអាចដំឡើងបាន មិនលើសពី ១៤៤.៥ ដុល្លារ

Fresh News



(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានអះអាងប្រាប់រដ្ឋមន្រ្តីក្រសួងការងារថា ប្រាក់ឈ្នួលរបស់កម្មករ កម្ពុជាឆ្នាំ២០១៧ នឹងអាចដំឡើង បានត្រឹម ៣ភាគរយប៉ុណ្ណោះ ពោលគឺការដំឡើងនេះ នឹងមិនអាចកំណត់ឱ្យ លើសពី ១៤៤.៥ដុល្លារក្នុង ១ខែ បាននោះទេ។

តាមរយៈលិខិតរបស់ GMAC ផ្ញើទៅកាន់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីម្សិលមិញ GMAC បានអះអាងថា «បច្ចុបន្ននេះវិស័យកាត់របស់យើង កំពុងស្ថិតនៅក្នុងស្ថានភាពកាន់តែលំបាកទៅៗ ដូច្នេះការកំណត់កែប្រែប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០១៧ ត្រូវធ្វើឡើងក្នុងភាពត្រឹមត្រូវ និងប្រុងប្រយ័ត្នបំផុត ដើម្បីបន្តធានានូវ ភាពប្រកួតប្រជែង និងចីរភាពនៃវិស័យរបស់យើង។ សូចនាករសំខាន់ៗមួយចំនួន ដែលយើងបានឃើញ និងបានជាក្តីបារម្ភមានដូចជា ១. ការធ្លាក់ចុះនូវតម្លៃបញ្ជាទិញពី អ្នកបញ្ជាទិញ និងឬម្ចាស់ម៉ាក ២. ការធ្លាក់ចុះផលិតភាពការងារ ៣. អត្រាកំណើននៃទឹកប្រាក់នាំចេញមានការធ្លាក់ចុះ ៤.អត្រាកំណើននៃរោងចក្រថ្មី មានការធ្លាក់ចុះខណៈដែល ចំនួនរោងចក្របិទ មានការកើនឡើង។ល។»។

យ៉ាងណាក៏ដោយ ភាគីនិយោជក សហជីព និង តំណាងរាជរដ្ឋាភិបាល (ក្រសួងការងារ) នឹងបើកកិច្ចប្រជុំមួយ នៅក្រសួងការងារ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីពិភាក្សាជុំវិញការស្នើតួលេខប្រាក់ឈ្នួល ដែលផ្តល់ដោយសហជីព និងភាគីខាងនិយោជក។

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមសហជីព តំណាងកម្មករកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា បានបើកកិច្ចប្រជុំផ្ទៃក្នុងធំមួយ ដោយឯកភាពសម្រេចយកតួលេខ ១៧៩.៦ដុល្លារ សម្រាប់ដាក់បញ្ចូលក្នុងការចរចា លក្ខណៈត្រីភាគី នៅថ្ងៃទី៩ ខែកញ្ញានោះ។

ក្រុមសហជីពស្ទើតែទាំងអស់ បានលើកឡើងថា តួលេខនេះ មានលក្ខណៈសមស្របទៅនឹងការចំណាយ បច្ចុប្បន្នរបស់កម្មករ ដែលបានរកឃើញ ដោយក្រុមសហជីព និងអង្គការអន្តរជាតិ៕

Tuesday, September 6, 2016

បក្ស​ប្រឆាំង​ត្រៀម​ប្ដឹង​ទៅ​គ.ខ.ប​ឲ្យ​ទប់ស្កាត់​ការ​ប្រមូល​មនុស្ស​ទៅ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​បាណន់

RFA
ដោយ ហ៊ុំ ចំរើន

អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​យក​រថយន្ត​ចត​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun

ស្តាប់​សំលេង


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង កំពុង​សិក្សា​ផ្លូវ​ច្បាប់​ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត (គ.ខ.ប) ដើម្បី​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​​​បុគ្គល​​​​ដែល​មិន​មែន​ជា​ប្រជាពលរដ្ឋ​​មាន​ទីសំណាក់ និង​រស់​នៅ​ក្នុង​ឃុំ​សង្កាត់​ដែល​បាន​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ការិយាល័យ​ចុះ​​ឈ្មោះ​នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់។

ការ​ដាក់​ពាក្យ​ប្ដឹង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មនុស្ស​រាប់​រយ​នាក់​ជិះ​រថយន្ត​ទំនើប​ដែល​ប្រជាពលរដ្ឋ​អះអាង​ថា​ ជា​មនុស្ស​មក​ពី​តំបន់​ផ្សេង​ទៅ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​ឃុំ​តាគ្រាម តាំង​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​៥ ខែ​កញ្ញា ជា​បន្ត​បន្ទាប់។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង​ លោក ជា ជីវ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ថា គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង​ មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​បុគ្គល​ទាំង​ឡាយ​ដែល​ពុំ​បាន​មាន​ទីសំណាក់​នៅ​ក្នុង​ឃុំ​របស់​ពួកគាត់ ហើយ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ឡើយ។

លោក​អះអាង​ថា​ សកម្មភាព​បែប​នេះ​ គឺ​ជា​អំពើ​អយុត្តិធម៌​ដែល​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន៖ «ព្រោះ​យើង​មិន​អាច​បំបាត់​សិទ្ធិ​បោះឆ្នោត​បាន​ទេ ប៉ុន្តែ​យើង​សុំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ឲ្យ​ស្រប​ទៅ​នឹង​គោលការណ៍​ច្បាប់​បោះឆ្នោត»។

ទាក់ទង​នឹង​បញ្ហា​នេះ​ មេ​ឃុំ​តាគ្រាម លោក អ៊ឹម ប៊ុនយូ អះអាង​ថា អ្នក​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ជា​ក្រុម​ការងារ​ថ្នាក់​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តាគ្រាម ហើយ​មាន​ទីសំណាក់​នៅ​ក្នុង​ឃុំ​ត្រឹមត្រូវ ដូច​ប្រជាពលរដ្ឋ​ដទៃ​ដែរ។

លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ខេត្ត​បាត់ដំបង លោក វន ពន មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​ដំណឹង​ជុំវិញ​ពី​ការ​ចុះ​ឈ្មោះ​​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់ នោះ​នៅ​ឡើយ៖ «នេះ​ជា​សិទ្ធិ​របស់​គាត់​ក្នុង​ការ​ប្ដឹង បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ពិនិត្យ​ឃើញ​ថា ការ​ចុះ​ឈ្មោះ​នោះ​មាន​ភាព​មិន​ប្រក្រតី»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា មាន​ប្រសាសន៍​ថា ករណី​នេះ​ គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង ដើម្បី​ពិនិត្យ​មើល​ និង​មាន​វិធានការ​តាម​​ច្បាប់​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​បាន ប្រសិន​បើ​បុគ្គល​ដែល​បាន​ចុះ​ឈ្មោះ​នោះ​ពុំ​មាន​​លំនៅឋាន​ និង​ទីសំណាក់​ពិត​ប្រាកដ​នៅ​ក្នុង​​ឃុំ​នោះ៖ «ការ​បោះ​ឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់ គឺ​ទិសដៅ​របស់​គេ​គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​សង្កាត់​នោះ ជ្រើស​ថ្នាក់​ដឹក​នាំ​របស់​គាត់​ប្រចាំ​ក្នុង​ឃុំ​របស់​ខ្លួន​រស់​នៅ ហើយ​បើ​មាន​ប្រជាពលរដ្ឋ​ផ្សេង​ចុះ​ឈ្មោះ​បោះឆ្នោត​ វា​អាច​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ឃុំ​នោះ»។

ច្បាប់​បោះ​ឆ្នោត​មាត្រា​ទី​៤៦ សម្រាប់​ការ​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី​ចែង​ថា ដើម្បី​បោះ​ឆ្នោត​បាន​ពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ កថាខណ្ឌ​ទី​១ ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូច​ជា មាន​សញ្ជាតិ​ខ្មែរ​មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ​ គិត​ដល់​ថ្ងៃ​បោះឆ្នោត។ មាន​ទីលំនៅ​ឋាន ឬ​ទីសំណាក់​ក្នុង​ឃុំ សង្កាត់​ ដែល​សាមីខ្លួន​ត្រូវ​បោះឆ្នោត។ មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ឬ​មិន​ត្រូវ​ដក​សិទ្ធិ​បោះឆ្នោត។ ពុំ​មែន​ជា​ជន​វិកលចរិត ឬ​ស្ថិត​ក្រោម​អាណាព្យាបាល​ទូទៅ​ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​សង្កេតការណ៍​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​តាគ្រាម សុំ​មិន​ឲ្យ​បញ្ចេញ​សំឡេង​បញ្ជាក់​ថា​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​រសៀល​ថ្ងៃ​ទី​៥ ខែ​កញ្ញា អ្នក​ដែល​ពុំ​មែន​ប្រជាពលរដ្ឋ​មាន​ទីសំណាក់​នៅ​ក្នុង​ឃុំ​តាគ្រាម ចុះ​ឈ្មោះ​បោះឆ្នោត​កើន​ឡើង​ប្រមាណ ២៦០​នាក់​ហើយ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​​បាន​ចុះ​ឈ្មោះ​រួចរាល់​​ជាង ១​ពាន់​នាក់៕

ភី​អិន​អិន ជា​ស្ថានីយ​តែមួយគត់ ដែល​បញ្ចូល​សំឡេង ខ្សែភាពយន្ត​ភាគ​ថៃ បានល្អ​បំផុត​

CEN
ដោយ: PNN



ភ្នំពេញ: ស្ថានីយទូរទស្សន៍ ភី​អិន​អិន ( PNN ) គឺជា​ប៉ុស្តិ៍​ទូរទស្សន៍ ក្នុងស្រុក​តែមួយគត់ ដែល​ញ្ចូ​ល​សំឡេង រឿង​ភាគ​ថៃ បានល្អ​បំផុត ទាំង​ការប្រើប្រាស់ ឧបករណ៍​បច្ចេកវិទ្យា ចុងក្រោយ និង​ក្រុម​អ្នកជំនាញ ក្នុងការ​បញ្ចូល​សំឡេង​។

PNN បាន​បំពាក់​គ្រឿង បរិក្ខារ​ទំនើបៗ និង​ចុងក្រោយ​គេ ដើម្បី​កាត់ត​សំឡេង បូករួម​នឹង​ការរៀបចំ​ស្ទូ​ឌី​យោ ដែលមាន​លក្ខណៈ​ធំ​ទូលាយ ហើយ​មាន​ផាសុខភាព ដល់​ក្រុម​អ្នកជំនាញ បញ្ចូល​សំឡេង ទាំង​៦​រូប​។

​កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង កម្មវិធី​ផ្សាយ​របស់ ភី​អិន​អិន បាន​ឲ្យ​ដឹងថា លក្ខណៈពិសេស ដែល​អាចធ្វើ​ឲ្យ​ការបញ្ចូល​សំឡេង របស់ ភី​អិន​អិន ស្តាប់ទៅ​ពិ​រោះ អាស្រ័យទៅលើ​ទេពកោសល្យ របស់​អ្នក​បញ្ចូល​សំឡេង រួមជាមួយ​បទពិសោធន៍ ជាច្រើន​ឆ្នាំ​របស់​ពួកគាត់ ក្នុង​ផ្នែក​នេះ​។

​កញ្ញា បាន​បន្តថា​៖ «​ជាពិសេស​ការជ្រើសរើស អ្នក​បញ្ចូល​សំឡេង ដែលមាន Tone សំឡេង ចែកដាច់​ពីគ្នា ឧទាហរណ៍ តួ​ស្លួ​ត តួ​កាច តួ​ចាស់ នៅពេល​ខ្លះ យើង​ជ្រើសរើស អ្នក​បញ្ចូល​សំឡេង ដែលមាន​សំឡេង​ពិ​រោះ ស្រទន់​ទាំងអស់ ធ្វើ Tone សំឡេង​ប្រហាក់ប្រហែលគ្នា​។ សម្រាប់​អ្នក​បញ្ចូល​សំឡេង ពួកគាត់​សុទ្ធតែជា​តួឯក​ទាំងអស់ នៅក្នុង​ភាពយន្ត ដូចជា តួឯក​ខាង​តួ​ស្លួ​ត តួឯក​ខាង​តួ​កាច ជាដើម​»​។​

​កញ្ញា បុប្ផា បាន​បញ្ជាក់ដែរថា ចំណុច​ពិសេស​មួយទៀត គឺ​ស្ថិតនៅលើ​ការបកប្រែ​សាច់រឿង និង​តិច​និក ក្នុងការ​បញ្ចេញបញ្ចូល​អត្ថន័យ រួមផ្សំ​នឹង​បន្ទប់​ថត សំឡេង​ធំ​ទូលាយ គ្រឿង​ឧបករណ៍ បរិក្ខារ​ទំនើប​ជាដើម​។
​ទាំងអស់​នេះហើយ ដែលជា​ចលករ​ជំរុញ ឲ្យ​ការបញ្ចូល​សំឡេង ក្នុង​ខ្សែភាពយន្ត ភាគ​នីមួយៗ ទទួលបាន​សំឡេង​ច្បាស់ និង​ពិ​រោះ សម្រាប់​ទូរទស្សនិកជន​។​
​ការបញ្ចូល​សំឡេង​បានល្អ គឺ​ពិតជា​កត្តា​ដែល​អាច​ញុំ​ា​ង​ឲ្យ​រឿង​ភាគ​មួយ​កាន់តែ​ជក់ចិត្ត​ដិតអារម្មណ៍​ពី​សំណាក់​អ្នកទស្សនា​។ ដើម្បី​ធ្វើ​ឲ្យ​ខ្សែ​រឿង​មួយ មាន​ភាពរស់រវើក គឺ​ត្រូវ​បញ្ចូល​សំឡេង និង​អារម្មណ៍​របស់ខ្លួន ទៅតាម​ចរិត​នៃ តួ​សម្តែង​នីមួយៗ​។ នេះ​គឺជា​ការបញ្ជាក់​ឲ្យ​ដឹង ពី​អ្នកស្រី ស៊ឹម ឃី​ចិន្តា អ្នក​ដែល​នៅ​ពីក្រោយ សំឡេង​ដ៏​ពិ​រោះ របស់​តួអង្គ​ឯក Yaya និង Bella ។

​អ្នកស្រី ចិន្តា ដែល​បាន​ចាប់​អាជីព ជា​អ្នក​បញ្ចូល​សម្លេង​កុន ប្រមាណ​ជាង ៣០ ឆ្នាំ​មកហើយ​នោះ បាន​និយាយ​ផងដែរ​ថា​៖ «​នៅ​ភី​អិន​អិន​នេះ ទាំង​ការប្រើប្រាស់ ឧបករណ៍​សម្រាប់ បញ្ចូល​សំឡេង និង​ស្ទូ​ឌី​យោ គឺមាន​ភាពងាយស្រួល និង​ផាសុខភាព សម្រាប់​ពួកយើង ហើយ​សំឡេង នៅពេល​ផ្សាយ​ចេញ គឺ​ស្តាប់ទៅ​ពិ​រោះ​ពិតមែន​»​។

​ស្ថានីយទូរទស្សន៍ ភី​អិន​អិន បាន​ប្រមូលផ្តុំ អ្នក​បញ្ចូល​សំឡេង​អាជីព និង​ល្បីៗ​ចំនួន​ប្រាំមួយ​នាក់ សម្រាប់​រឿង​ភាគ​ថៃ ក្នុងនោះ មានដូចជា អ្នកស្រី ស៊ឹម ឃី​ចិន្តា​, អ្នកស្រី មួង ឡៃ​ស៊ីម​, អ្នកស្រី គឹម ម៉ាលី​, លោក ឌី សុខ​រិ​ទ្ធ​, លោក លឹម សុវណ្ណ និង​លោក ដន រ័ត្ន ដែល​សំឡេង​របស់​ពួកគាត់ ទស្សនិកជន អាច​ស្តាប់ឮ តែ​នៅលើ ភី​អិន​អិន មួយ​ប៉ុណ្ណោះ​។

PNN ជា​ស្ថានីយទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត ដែល​បានចាប់ផ្តើម ការផ្សាយ​របស់ខ្លួន កាលពី​ខែ កក្កដា ឆ្នាំ​២០១៥ កន្លងទៅ​។ PNN បាន​ទិញ​សិទ្ធិផ្តាច់មុខ ក្នុងការ​ចាក់ផ្សាយ រឿង​ភាគ​ថៃ​ថ្មីៗ និង​ចុងក្រោយបង្អស់ របស់​ទូរទស្សន៍ប៉ុស្តិ៍ លេខ​បី​ថៃ និង​រឿង​ហុងកុង​ថ្មីៗ ល្បីៗ ពី​ស្ថានីយទូរទស្សន៍ ដ៏​ល្បី​បំផុត​របស់ ហុងកុង TVB ។

​ស្ថានីយ​ដែល​បាន​ផ្សាយ ជា​ផ្លូវការ រយៈកាល​ជាង​មួយឆ្នាំ កន្លងមកនេះ បាន​ផលិត​នូវ​កម្មវិធី កម្សាន្ត​ប្លែកៗ​ជាច្រើន​សម្រាប់​បម្រើ​អារម្មណ៍ ទៅដល់​ពលរដ្ឋ​កម្ពុជា ដែល​ស័ក្តិសម​ទៅនឹង​ពាក្យស្លោក​របស់ខ្លួន «PNN សម្រាប់​កម្ពុជា​»៕

កិច្ចសម្ភាសន៍​ជាមួយ​អគ្គលេខាធិការ OECD អំពី​កិច្ចប្រជុំ​កំពូល G20 ក្រុង​ហាង​ចូ​វ ប្រទេស​ចិន​

CEN
ដោយ: People`s Daily



ក្រុង​ហាង​ចូ​វ -​ចិន​: នៅ​ថ្ងៃទី​២ ខែកញ្ញា កន្លងទៅនេះ លោក Angel Gurría អគ្គលេខាធិការ អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) ដែល​អញ្ជើញ​មក​ទីក្រុង​ហាង​ចូ​វ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល ក្រុម​ប្រទេស G20 បានទទួល​សម្ភាសន៍ ជាមួយ​អ្នកយកព័ត៌មាន របស់​កាសែត People`s Daily​។ លោក​បាន​កោតសរសើរ ចំពោះ​លទ្ធផល​សេដ្ឋកិច្ច របស់​ចិន ព្រមទាំង​បាន​កោតសរសើរ ចំពោះ​ការត្រៀម​រៀបចំ កិច្ចប្រជុំ​កំពូល របស់​ប្រទេស​ចិន​។​

​និយាយ​ដល់​សេដ្ឋកិច្ច របស់​ប្រទេស​ចិន លោក Angel Gurría យល់ថា នៅ​ឆមាស​ទីមួយ ឆ្នាំ​២០១៦ កំណើន​ល្បឿន​សេដ្ឋកិច្ច របស់​ប្រទេស​ចិន​គឺ ៦,៧% ដែល​ស្ទើរតែ​ស្មើនឹង​ពីរដង នៃ​កំណើន​ល្បឿន​សេដ្ឋកិច្ច ពិភពលោក​។ សេដ្ឋកិច្ច​ប្រទេស​ចិន បាន​រក្សា​នូវ​កំណើន​ល្បឿន​ខ្ពស់ នាពេល​កន្លងទៅ ហើយ​បច្ចុប្បន្ន នៅតែ​ជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក​។ ភាពរុងរឿង​ថ្កុំថ្កើង នៃ​សេដ្ឋកិច្ច បានធ្វើឱ្យ​ប្រទេស​ចិន ទទួលបាន លទ្ធផល​ល្អប្រសើរ នៅក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​ផ្សេងៗ​ទៀត​។​

​លោក Angel Gurría បាន​មានប្រសាសន៍ថា ប្រទេស​ចិន កំពុង​ធ្វើកំណែទម្រង់​រចនាសម្ព័ន្ធ ដ៏​មាន​សារសំខាន់​ណាស់ ព្រោះ​វា​នឹង​បន្ត​ធ្វើឱ្យ​សេដ្ឋកិច្ច​ចិន រុងរឿង​ថ្កុំថ្កើង និង​មាន​កំណើន​។ កម្រិត​នៃ​ការធ្វើកំណែទម្រង់ កំណត់​នូវ​សមត្ថភាព នៃ​កំណើនសេដ្ឋកិច្ច របស់​ប្រទេស​ចិន នៅ​ថ្ងៃ​អនាគត​។​

​លោក Gurria បាន​សរសើរ​ដល់ ការខិតខំ និង​លទ្ធផល​ទទួលបាន របស់​ប្រទេស​ចិន បន្ទាប់ពី​ធ្វើជា​ប្រធាន កិច្ចប្រជុំ​ក្រុម​ប្រទេស G20​។ លោក​បាន​ថ្លែងថា តាមពិតទៅ ចាប់ពី​ពេល​ទទួល​វេន ពី​ប្រទេស​តួ​ក​គី ប្រទេស​ចិន ក៏បាន​ចាប់ផ្តើម​ប្រឈម មុខ​នឹង​ការសាកល្បង​រួចហើយ ពោលគឺ​ក្នុង​ចន្លោះ​ពីថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំមុន​មកដល់​ខែកញ្ញា​ឆ្នាំនេះ គឺមាន​រយៈពេល មិន​ដល់​មួយឆ្នាំ ដែល​ប្រទេស​ចិន ត្រូវបំពេញ​ការងារ រៀបចំ​កិច្ចប្រជុំ​កំពូល នេះ​មិនមែនជា​ការងាយ​ទេ​។ អ្នករៀបចំ​ឆ្នើម បាន​នាំមុខ​ឱ្យ​ក្រុម​អ្នកជំនាញ មកពី​វិស័យ​ខុសៗ​គ្នា ដូចជា សមាជិក​ប្រទេស G20 អង្គការ​សម្រាប់ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​(OECD) អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​, អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជាដើម ដើម្បី​ផ្តល់​កាលវិភាគ កម្មវិធី​សម្បូរបែប​ដល់ កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​ប្រទេស G20​។​

​លោក​បា​នស​ង្គ​ត់​ធ្ងន់​ថា ការបើកចំហ មាន​សារៈសំខាន់​ណាស់​។ ប្រទេស​ខ្លះ បាន​បិទទ្វារ ហើយ​អនុវត្ត​ការការពារ​និយម ដោយសារ​រង​កម្លាំង សម្ពាធ​ពី​កំណើន​ទាប​។ ពួកគេ​ប្រហែល​ភ្លេច​ហើយ​ថា មានតែ​មាគ៌ា​បើកចំហរ​ទេ ទើប​អាច​នាំទៅដល់ ការកើនឡើង និង​ភាពរុងរឿង​។ ការបិទបាំង ឬ​យក​ពន្ធគយ​ខ្ពស់​អាច​នាំមក​នូវ​កំណើន​មែន តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ លោក​បាន​វែកញែក​ថា សព្វថ្ងៃនេះ បណ្តា​ប្រទេស​លើ​សកលលោក នៅតែ​ខ្វះ​ការសម្របសម្រួល​លើ​គោលនយោបាយ​។ ការដែល​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី ពិបាក​អនុវត្តន៍ គឺ​ដោយសារ​មាន​ប្រទេស​ខ្លះ ប្រកាន់យក​ការការពារ​និយម​។ នៅពេល​ជួប​ការលំបាក មានតែ​សហការគ្នា និង​បើកចំហ ទើប​អាច​រួមគ្នា​ពុះពារ ដោះស្រាយបាន​។

​សន្និសីទ​កំពូល G20 ក្រុង​ហាង​ចូ​វ ប្រទេស​ចិន បាន​បើក​ធ្វើ​ក្រោម​ប្រធានបទ " បង្កើត​សេដ្ឋកិច្ចពិភពលោក ដែល​ច្នៃប្រឌិត​ថ្មី រស់​រវើក សហប្រតិបត្តិការ​គ្នា និង​អធ្យាស្រ័យ​" ។ លោក​Angel Gurria បាន​ថ្លែងថា ការច្នៃប្រឌិត​ថ្មី មិន​គ្រាន់តែ​ជាការ​បង្កើត ការស្រាវជ្រាវ និង​ផលិត​នៅក្នុង​បន្ទប់ពិសោធន៍​នោះទេ គឺ​ត្រូវ​រាប់ទាំង​ការច្នៃប្រឌិត​ថ្មី នៅក្នុង​វិស័យ​បណ្តាញ អ៊ី​ធឺ​ណិ​ត ការអប់រំ និង​ប្រព័ន្ធ​ត្រួតពិនិត្យ និង​គ្រប់គ្រង​។ ការច្នៃប្រឌិត​ថ្មី មិន​គ្រាន់តែ​ជា​រឿង របស់​ក្រុមហ៊ុន​នានា​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​រឿង​របស់ រដ្ឋាភិបាល​ផងដែរ​។ ការធ្វើ​បែបនេះ ទើប​អាច​បង្កើន​ប្រសិទ្ធភាព​ផលិក​ម្ម​។ មានការ​ច្នៃប្រឌិត​ថ្មី ទើប​មាន​អាវុធ​សម្រាប់​អភិវឌ្ឍន៍​ដ៏​ខ្លាំង​។ និយាយ​ជារួម ការច្នៃប្រឌិត​ថ្មី មាន​សារៈសំខាន់​ណាស់ ចំពោះ​ទិសដៅ​អភិវឌ្ឍន៍ សេដ្ឋកិច្ចពិភពលោក ដែល​អាច​ផ្តល់​មធ្យោបាយ​ថ្មី ជាច្រើន​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

​លោក Angel Gurria កត់សម្គាល់ថា សន្និសីទ​កំពូល G20 មានការ​ទាក់ទង ជាមួយ​ប្រជាជន​គ្រប់ៗ​គ្នា ពីព្រោះ​សន្និសីទ​កំពូល ជាការ​កំណត់​លក្ខន្តិកៈ​ហើយ​បណ្តា​ប្រទេស​ជា​សមាជិក G20 ត្រូវអនុវត្ត​ជាក់ស្តែង នូវ​សមិទ្ធផល​នៃ​សន្និសីទ​កំពូល​នេះ និង​ទទួលបាន​ផលប្រយោជន៍ យ៉ាងច្រើន ។​

​លោក Angel Gurria បាន​ប្រាប់​អ្នកកាសែត​ប្រជាជន​ចិន​ថា គោលនយោបាយ​ល្អ នឹង​នាំមក​នូវ​ជីវភាព​ដ៏​ល្អ ដែល​នេះ​ជា​កម្លាំងចលករ សម្រាប់​បំពេញភារកិច្ច​នៃ​អង្គការ OECD ហើយ​លោក​ជឿជាក់ថា សន្និសីទ​កំពូល G20 ក្រុង​ហាង​ចូ​វ មុខជា​នឹង​ទទួលបាន ជោគជ័យ​ជាមិនខាន​៕

យុវជន​ខ្មែរ​១៤​នាក់ នឹង​ជួប​លោក អូ​បា​ម៉ា​នៅ​ប្រទេស​ឡាវ​នៅ​ថ្ងៃ​ពុធ​នេះ​

ថ្មី​ៗ
និពន្ធដោយ: ទេព អ៊ីវិសាល



​លួង​ប្រា​បាង​-​ឡាវ​៖ យុវជន​ខ្មែរ​ចំនួន​១៤​នាក់​ដែលជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម YSEALI របស់លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ជួបជុំគ្នា​ជាមួយ​យុវជន​អាស៊ាន​ជាង​១៨០​នាក់​នៅក្នុង​ក្រុង​លួង​ប្រា​បាង​នៃ​ប្រទេស​ឡាវ​។ នេះ​គឺជា​ជំនួប​ប្រចាំឆ្នាំ​រវាង​យុវជន​អាស៊ាន និង​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​នឹង​ផ្តោតទៅលើ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។

​យុវជន​ជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​ភាពជា​អ្នកដឹកនាំ​វ័យក្មេង​អាស៊ីអាគ្នេយ៍ (YSEALI) ជាង​១៨០​នាក់ ដែល​ក្នុងនោះ​ក៏មាន​យុវជន​កម្ពុជា​ដែរនោះ និង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​រសៀល​ថ្ងៃ​ពុធ​ទី​៧​ខែកញ្ញា​នេះ​។ នៅ​ថ្ងៃ​អង្គារ​នេះ ពួកគេ​កំពុង​ចាប់ផ្តើម​វគ្គ​បណ្តុះបណ្តាល​ដែលមាន​រយៈពេល​៣​ថ្ងៃ​។ នា​ថ្ងៃ​ដំបូង​នៃ​ជំនួប​កំពូល​ប្រចាំ​ឆ្នាំនេះ យុវជន​YSEALI បាន​ស្តាប់​ការពន្យល់​អំពី​បញ្ហា​ប្រឈម​សកល​នៃ​ការអភិវឌ្ឍ ដែល​ត្រូវបាន​ថ្លែង​ដោយ​ប្រធាន​បេសកម្ម USAID លោកស្រី Beth Paige​។

បញ្ហា​ប្រឈម​រួមមាន​ទាំង​ការជួញដូរ​សត្វព្រៃ បំរែបំរួល​អាកាសធាតុ ការគ្រប់គ្រង​ទីក្រុង ទិសដៅ​នៃ​ការអភិវឌ្ឍ​ប្រក​ដោយ​និរន្ត​ភាព និង​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​ពិភពលោក​ផ្សេងទៀត សុទ្ធសឹងតែ ត្រូវបាន​លើកឡើង​តាមរយៈ​សុន្ទរកថា​របស់លោក​ស្រី Beth Paige ដើម្បី​ចែករំលែក​ទៅកាន់​យុវជន​របស់​YSEALI​។​

​ក្រៅពី​ការយល់ដឹង​ពី​បញ្ហា​ប្រឈម​សកល​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព នា​ថ្ងៃ​ដំបូង​នៃ​ជំនួប​រយៈពេល​បី​ថ្ងៃ​របស់​YSEAL យុវជន​ប្រមាណ​ជិត​២០០​នាក់​នោះ ក៏​ទទួល​ការបណ្តុះបណ្តាល​ពាក់ព័ន្ធ​ការផ្សារភ្ជាប់​ប្រពៃណី​ជាមួយនឹង​បណ្តាញ​សង្គម ការធ្វើ​គម្រោង និង​ការអនុវត្ត​គម្រោង​ដើម្បី​ឆ្លើយតប​ទៅនឹង​បរិបទ​ជនបទ និង​ការគ្រប់គ្រង​ថវិកា​ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ ដែល​ត្រូវបានធ្វើ​បង្ហាញ​ដោយ​អ្នកជំនាញ​នៃ​វិទ្យាស្ថាន​សាធារណៈរដ្ឋ​អន្តរជាតិ​នៃ​សហរដ្ឋអាមេរិក​(IRI)​។

​សូម​ជម្រាប​ផងដែរ ជំនួប​កំពូល​ប្រចាំឆ្នាំ YSEALI ២០១៦ ដែល​ធ្វើឡើង​នៅ​តំបន់​បុរាណ និង​វប្បធម៌ Luang Prabang នៃ​ប្រទេស​ឡាវ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​៨ ខែកញ្ញា ដោយ​ផ្តោតលើ​បញ្ហា​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព និង​គម្លាត​នៃ​ការអភិវឌ្ឍ​៕

បក្ស​សម រង្ស៊ី ថា ការដក​អភ័យ​សិទ្ធិ​លោកស្រី​ថាក់ ឡា​នី ជាការ​បំភ័យ​ដល់​សមាជិក​ព្រឹទ្ធសភា​ផ្សេងទៀត​

ថ្មី​ៗ
និពន្ធដោយ: ម៉ៅ សុផា



​ភ្នំពេញ​៖ ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ថាក់ ឡា​នី អាចធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ដទៃទៀត ពី​គណបក្ស សម រង្ស៊ី មានការ​រអែងចិត្ត​ក្នុងការ​បញ្ចេញយោបល់​ឬ​ទស្សនៈ​។ លោកស្រី ថាក់ ឡា​នី សមាជិកា​ព្រឹទ្ធសភា ពី​គណបក្ស សម រង្ស៊ី ត្រូវបាន​ដក​អភ័យឯកសិទ្ធិ កាលពីពេល​ថ្មីៗ​នេះ ក្រោយ​លោកស្រី រង​បណ្តឹង​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក កែម ឡី​។

លោក ទាវ វ​ណ្ណុល សមាជិក​ព្រឹទ្ធសភា​១​រូប ពី​គណបក្ស សម រង្ស៊ី បានចាត់ទុក ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី​ថាក់ ឡា​នី ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោកស្រី​។ លោក លើកឡើងថា ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ថាក់ ឡា​នី គឺជា​ការដាក់​សម្ពាធ​ន​យោ​បាយ ដែល​បក្ស​កាន់អំណាច កំពុងតែ​ដាក់​មកលើ បក្ស​ដែលមាន​សំឡេង​ភាគតិច ក្នុង​ព្រឹទ្ធសភា​។

​លោក ទាវ វ​ណ្ណុល ដែលជា​ប្រធាន​គណបក្ស​សម រង្ស៊ី ផង​នោះ ព្រួយបារម្ភ​ថា ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ថាក់ ឡា​នី នឹង​ក្លាយទៅជា​ការគំរាមកំហែង​ដល់​សមាជិក​ព្រឹទ្ធសភា​ដទៃទៀត ពី​គណបក្ស​របស់លោក មិន​ឲ្យ​ហ៊ាន​បញ្ចេញមតិ ហើយ​វា ក៏​ជាការ​បង្អាក់​សកម្មភាព របស់​គណបក្ស ដែលមាន​សំឡេង​ភាគតិច​ផងដែរ​។ លោក បន្តថា បញ្ហា​នេះ នឹងធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ថយក្រោយ​។

​លោក ទាវ វ​ណ្ណុល បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​បើ​គាត់ (​លោកស្រី​ថាក់ ឡា​នី​) បាន​និយាយ ដូច​នៅក្នុង​វីដេអូ​មែន ក៏​មិនគួរ​ឈានទៅដល់​ការដក​អភ័យឯកសិទ្ធិ​របស់គាត់​ដែរ​។ ខុសឆ្គង​បន្តិចបន្តួច គួរ​ហៅ​គាត់​មក​ណែនាំ ឬ​ឲ្យ​គាត់​សុំទោស​ទៅបាន​ហើយ​។ មនុស្ស​យើង​មិនអាច​ត្រូវ​១០០ ភាគរយ​ទេ តែងតែមាន​ការខុស​ប​ន្តិ​ច​បន្តួច​។ បើ​ឲ្យ​គាត់​សុំទោស​ជា​សាធារណៈ គាត់​ក៏​អាច​នឹង​សុំទោស​ដែរ​»​។

​មុននឹង​លោកស្រី ថាក់ ឡា​នី ត្រូវបាន​ដក​អភ័យឯកសិទ្ធិ លោក ទាវ វ​ណ្ណុល ក៏​ធ្លាប់​រារាំង​ព្រឹទ្ធសភា ម្តង​រួចទៅហើយ​។ លោក បានស្នើ​ឲ្យ​ព្រឹទ្ធសភា កុំ​ដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ដោយ​គ្រាន់តែ​ឲ្យ​លោកស្រី សុំទោស​ចំពោះ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ហើយ​។

​យ៉ាងណាក៏ដោយ ព្រឹទ្ធសភា មិនអាច​ទទួលយកបាន​ទេ ចំពោះ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ដែល​ចង់​ឲ្យ​លោកស្រី ថាក់ ឡា​នី សុំទោស​នូវ​អ្វីដែល​លោកស្រី បាន​ប្រព្រឹត្ត​កន្លងមក​។

​លោក ម៉ម ប៊ុនា​ង អ្នកនាំពាក្យ​ព្រឹទ្ធសភា ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ថាក់ ឡា​នី មិនមែនជា​រឿង​នយោបាយ ឬ​ជាការ​ដាក់​សម្ពាធ ទៅលើ​បក្ស ដែលមាន​សំឡេង​ភាគតិច​នោះទេ​។ លោក បញ្ជាក់ថា ការសម្រេច​លើក​អភ័យឯកសិទ្ធិ​នេះ គឺជា​ការអនុវត្ត និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។

​សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន បាន​ប្តឹង លោកស្រី​ថាក់ ឡា​នី ដោយយោង​ទៅតាម​វីដេអូ​ឃ្លី​ប​មួយ ដែល​ត្រូវបាន​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​នឹង​លោកស្រី ដែល​ចោទ​សម្តេច ហ៊ុន សែន ថា នៅ​ពី​ក្រោយខ្នង​នៃ​ឃាតកម្ម​លើ​លោក កែម ឡី​។ លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច ហ៊ុន សែន ធ្លាប់​អះអាង​កន្លងមក​ថា លោក​បានទទួល​សិទ្ធិ​ក្នុងនាម​ជា​មេធាវី ដើម្បី​ប្តឹង លោកស្រី ថាក់ ឡា​នី ដែល​ចោទ​កូនក្តី​របស់លោក ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។

​ក្រៅពី​ប្ដឹង​លោកស្រី ថាក់ ឡា​នី លោក គី តិច ក៏បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ដែល​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទ​រដ្ឋាភិបាល​ថា ជា​អ្នករៀបចំ​អំពើ​ភេរវកម្ម​សម្លាប់​លោក បណ្ឌិត កែម ឡី ផងដែរ​។ លោក គី តិច ចាត់ទុក​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី និង​លោកស្រី ថាក់ ឡា​នី ថា ជាការ​រៀបចំ​គម្រោង​ទុកជាមុន ដើម្បី​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​៕

ថៃស្នើឲ្យកម្ពុជា ផលិតភាពយន្ត ចាក់ផ្សាយជូនពលរដ្ឋថៃទស្សនា ដើម្បីជំរុញឱ្យមានវិនិយោគបន្ថែមនៅកម្ពុជា

Fresh News



(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់របស់ថៃ បានស្នើឱ្យកម្ពុជា ផលិតជាខ្សែភាពយន្តភាគមួយ ទាក់ទងនឹងការរីកចម្រើន ស្ថិរភាព សុវត្ថិភាព ចំពោះអ្នកវិនិយោគនានា ដើម្បីចាក់ផ្សាយឲ្យប្រជាជន និងវិនិយោគិនថៃ បានយល់ដឹងឃើញច្បាស់ពីកម្ពុជា សំដៅជំរុញឱ្យពួកគេមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ការលើកឡើងបែបនេះ ត្រូវធ្វើឡើងក្នុងជំនួបពីភាក្សារវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Nattavudh Photisaro ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងព័ត៌មាន។

នៅក្នុងជំនួបពិភាក្សានោះ លោកឯកអគ្គរដ្ឋទូតថៃ បានស្នើសុំការអនុញ្ញាតពីក្រសួងព័ត៌មាន សហការជាមួយទូរទស្សប៉ុស្តិ៍លេខ៥ របស់កម្ពុជា រៀបចំផលិតនូវខ្សែភាពយន្តភាគមួយ ដែលទាក់ទងនឹងការរីកចម្រើន និងការអភិវឌ្ឍ ក៏ដូចសន្តិភាព ស្ថិរភាព សុវត្ថិភាព ចំពោះប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដើម្បីចាក់ផ្សាយឲ្យប្រជាជនថៃ និងអ្នកវិនិយោគថៃ បានយល់ដឹង និងឃើញច្បាស់ពីកម្ពុជា សំដៅជំរុញឱ្យអ្នកវិនិយោគថៃ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានគាំទ្រចំពោះសំណើខាងលើ ដោយឡែក ការសម្រេចយ៉ាងណានោះ ខាងភាគីកម្ពុជានឹងរៀបចំពិភាក្សាបន្តទៀត៕

លោក អូបាម៉ា សម្រេចផ្តល់ប្រាក់ ៩០លានដុល្លារ ដល់ប្រទេសឡាវ ដើម្បីបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ សល់ពីសម័យសង្គ្រាមវៀតណាម

Fresh News



(វៀងច័ន្ទ)៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានសន្យាថា នឹងផ្តល់ប្រាក់ ៩០លានដុល្លារអាមេរិក ទៅឲ្យរដ្ឋាភិបាលឡាវ ក្នុងគំរោងរួមគ្នាមួយ ដែលមានរយៈពេលបីឆ្នាំ ស្តីពីការបោសសម្អាត គ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានបន្សល់ទុកពី សង្គ្រាមអាមេរិក ដែលមានតម្លៃរាប់រយលានដុល្លារ។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

ទឹកប្រាក់ទាំង ៩០ លានដុល្លារនោះ នឹងចំណាយលើការពិនិត្យរកគ្រាប់បែក មានតម្លៃសរុប ៨០លានដុល្លារ ដែលបានទម្លាក់នៅក្នុងប្រទេស សមាជិកអាស៊ានមួយនេះ កាលពីអំឡុងពេលយុទ្ធនាការ ទម្លាក់គ្រាប់បែក ដោយសម្ងាត់ ដែលជាផ្នែកមួយនៃសង្រ្គាម វៀតណាមកាលពី ៤០ឆ្នាំមុន។

ការផ្តល់ថវិកាជំនួយនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រធានាធិបតីឡាវ លោក Bounnhang Vorachit ដោយចាត់ទុក ការបោះជំហាននេះថា គឺជាផ្លូវឆ្ពោះទៅរកចំណងមិត្តភាព ដ៏រឹងមាំរវាង ប្រទេសទាំងពីរ បន្ទាប់ពីគ្រាប់មិនទាន់ផ្ទុះ នៅក្នុងប្រទេសឡាវ បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់បាត់បង់ជីវិត ក្នុងមួយឆ្នាំៗ។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក នឹងផ្តល់កំណត់ត្រា នៃទីតាំង ទម្លាក់គ្រាប់បែក ដើម្បីសហការក្នុងយុទ្ធនាការស្វែងរក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ។

គួររំលឹកដែរថា នៅចន្លោះឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៣ យន្តហោះចម្បាំងអាមេរិក បានទម្លាក់គ្រាប់បែកចំនួន មិនតិចជាង២លានគ្រាប់ទេ នៅក្នុងប្រទេសឡាវ ក្នុងគោលបំណងដើម្បី កាត់ផ្លូវផ្គត់ផ្តង់ ដល់កងទ័ព វៀតណាម។ ការផ្តល់់ជំនួយពីអាមេរិក ក្នុងការលុបបំបាត់គ្រាប់មិនទាន់ផ្ទុះនេះ ចាប់ផ្តើមឡើងពីឆ្នាំ ២០១០ មកម្ល៉េះ ប៉ុន្តែទើបនឹងឆ្នាំនេះ ដែលជាលើកដំបូងផងដែរដែល ប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ជាសាធារណៈ ថាសហរដ្ឋអាមេរិកមាន ភារៈកិច្ចក្នុងការជួយ ប្រទេសឡាវបន្ថែមទៀត៕

CPP និង CNRP លែងខ្វល់ពីហុងស៊ុយលេខរៀងបក្ស សម្រាប់ការបោះឆ្នោតអាណត្តិក្រោយ

Fresh News



(ភ្នំពេញ)៖ ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ពេលនេះ ហាក់មិនបានខ្វល់អំពីលេខរៀងគណបក្សសម្រាប់ការបោះឆ្នោតអាណត្តិក្រោយឡើយ។ គណបក្សទាំងពីរ បានអះអាងថា ការបោះឆ្នោតអាណត្តិក្រោយនេះ ត្រូវពឹងទាំងស្រុងលើប្រជាប្រិយភាព តែគ្មានពឹងផ្អែកលើហុងស៊ុយលេងរៀងបន្តិចណាទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានប្រាប់អង្កភាព Fresh News នៅមុននេះថា គណបក្សប្រជាជនកម្ពុជា មិនខ្វល់ខ្វាយចំពោះលេខរៀង នៃគណបក្សឡើយ។ លោកជឿថា បើទោះបីជា គណបក្សប្រជាជនកម្ពុជា បានលេងរៀងមួយណាក៏ដោយ គណបក្សនេះ គឺនៅតែខ្លាំងក្លា ហើយឈ្នះក្នុងការបោះឆ្នោត នៅពេលខាងមុខដដែល។ លោក សុខ ឥសាន្ត បានអះអាងថា លេខរៀងមិនសំខាន់នោះទេ សំខាន់គឺការគាំទ្ររបស់ ប្រជាពលរដ្ឋទោះគណបក្សប្រជាជនកម្ពុជា មានលេខរៀងប៉ុន្មានក៏ដោយបើប្រជាជននៅតែគាំទ្របែបនេះ គណបក្សនេះនៅតែឈ្នះ និងឈានមុខជានិច្ច។

ដោយឡែក លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ក៏បានឲ្យដឹងដែរថា បើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អនុញ្ញាតឲ្យជ្រើសលេខ គណបក្សសង្រ្គោះជាតិ និងជ្រើសរើសយកលេខ ដែលល្អបំផុត ប៉ុន្តែប្រហែលជាមិនអាចទៅរួចទេ ដោយសារតែ ការជ្រើសរើសលេខរៀងនេះ គឺធ្វើឡើងដោយការចាប់ឆ្នោតជ្រើសរើស។ យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អះអាងថា គណបក្សសង្រ្គោះជាតិ នៅតែទទួលយកលេខរៀង ដែលចាប់ឆ្នោតបាន ពីព្រោះនេះគឺជាការកំណត់របស់ គ.ជ.ប។

សូមបញ្ជាក់ថា គ.ជ.ប នឹងរៀបចំឲ្យគណបក្សនយោបាយទាំងអស់ ចុះឈ្មោះចូលរួមការបោះឆ្នោតថ្នាក់ជាតិ នៅក្រោយ ពេល ដែល គ.ជ.ប ប្រកាសជាផ្លូវការ នូវបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីរួចរាល់។ ក្រោយពីការចុះឈ្មោះចូលរួមការបោះឆ្នោតហើយ គ.ជ.ប នឹងរៀបចំឲ្យមានការចាប់ឆ្នោត ជ្រើសរើសលេខរៀង ដល់គណបក្សនីមួយៗ។ ការចាប់ឆ្នោតនេះ ធ្វើឡើងដោយ សម្តេចសង្ឃ។ នេះបើតាមការបញ្ជាក់ពី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប .

លោក ហង្ស ពុទ្ធា បានបន្តថា តាមច្បាប់ គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយទាំងអស់ មិនមែនសិទ្ធក្នុងការជ្រើសរើសលេខរៀង តាមចិត្តរបស់ខ្លួនបានឡើយ គឺលេខរៀង ត្រូវតែធ្វើឡើងដោយការចាប់ឆ្នោត ពីសម្តេចសង្ឃ តែប៉ុណ្ណោះ។

កាលពីអាណត្តិមុន គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី៤ ចំណែកគណបក្សសង្រ្គោះជាតិវិញ ចាប់ឆ្នោតបានលេខរៀងទី៧ ។ គណបក្សទាំងពីរ ធ្លាប់បានអះអាងថា លេខរៀងគណបក្ស របស់ខ្លួន គឺនាំសំណាង និងជាលេខមានហុងស៊ុយ។ តែសម្រាប់អាណត្តិក្រោយនេះ គណបក្សនយោបាយទាំងពីរ ហាក់ដូចជា មិនសូវជាខ្វល់ខ្វាយ ចំពោះហុងស៊ុយលេខរៀងប៉ុន្មានទេ សំខាន់បំផុតនោះ​គឺប្រជាប្រិយភាពបក្ស៕

លោកសម រង្ស៊ី​ស្នើឱ្យ​មាន​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​កម្ចី​នៅ​កម្ពុជា

VOA
អ៊ិត សូធឿត

ទីស្នាក់ការ​ធំ​របស់​​ធនាគារ​អេស៊ីលីដា ភីអិលស៊ី នៅទីក្រុងភ្នំពេញ​ (VOA Khmer 2011)

ភ្នំពេញ — នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ការ​រីកចម្រើន​គួរឱ្យ​កត់​សម្គាល់ ​ដោយ​ចំនួន​ធនាគារ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ប្រាក់​បញ្ញើ ​និង​ប្រាក់​កម្ចី​មាន​ការ​កើន​ឡើង​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ ទោះយ៉ាងណា ​ប្រធាន​គណបក្ស​ប្រឆាំង​មើល​ឃើញ​ថា ​អត្រា​ការប្រាក់​កម្ចី​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ​ហើយ​គួរ​មាន​ការ​បញ្ចុះ​អត្រា​នេះ​ តែ​ភាគី​ធនាគារ​ច្រានចោល​ការ​លើក​ឡើង​នេះ។​

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​សម រង្ស៊ី​ស្នើ​ឱ្យ​ធនាគារ ​និង​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​បញ្ចុះអត្រា​ការ​ប្រាក់​នៃ​ប្រាក់កម្ចី​របស់​ខ្លួន​ឱ្យ​ស្រប​តាម​និន្នាការ​នៅ​ក្នុង​ពិភពលោក​ ដើម្បី​ឱ្យ​មាន​ការ​ធូរស្រាល​ដល់​អតិថិជន​ដែល​ខ្ចី​លុយ​ និង​ជួយ​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ។​

លោក​សម រង្ស៊ី​ ដែ​លកំពុង​និរទេស​ខ្លួនក្រៅ​ប្រទេស​គេចពី​ការ​ចាប់​ខ្លួន ​បាន​សរសេរ​នៅ​លើ​ទំព័រ​ ​Facebook ​(ហ្វេសប៊ុក)​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ អត្រា​ការ​ប្រាក់​ឥណទាន​នៅប្រទេស​កម្ពុជា ​នៅមាន​កម្រិត​ខ្ពស់​ គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី​១០​ភាគរយ​ទៅ​២០​ភាគ​រយ​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ។​

លោក​សម រង្ស៊ី​បន្ត​ថា ​ធនាគារ ​និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​បានខ្ចី​ទុន​ពី​ក្រៅ​ប្រទេស​ដែល​មានអត្រា​ការ​ប្រាក់​ទាប ​ធ្វើ​ឱ្យ​តម្លៃ​ដើម​ទុន​របស់​ខ្លួន​កាន់​តែ​ថោក​ តែ​ស្ថាប័ន​ទាំង​នោះនៅ​តែ​ផ្ដល់​ឥណទាន​ក្នុងអត្រា​ការ​ប្រាក់​ខ្ពស់។ ​លោក​បន្ត​ថា ​តម្លៃ​ដើម​ទុន​ថោក ​តែ​អត្រា​ការ​ប្រាក់​ឱ្យ​អតិថិជន​ខ្ចី​នៅតែខ្ពស់​នោះ ​បាន​ធ្វើ​ឱ្យ​ធនាគារ ​និងស្ថាប័ន​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ ដែល​រួមទាំង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ផង​ ប្រមូល​បាន​ប្រាក់​ចំណេញ​កាន់​តែច្រើន។​

លោក​សម រង្ស៊ី​សរសេរ​បន្ត​ថា៖​

«ជា​ការ​សន្និដ្ឋាន​ ធនាគារ ​និង​ស្ថាប័ន​ហិរញ្ញ​វត្ថុទាំង​នោះ​ត្រូវតែ​បញ្ចុះ​អត្រា​ការ​ប្រាក់​របស់​ខ្លួន ​ដើម្បី​ឱ្យ​មាន​ការ​ធូរស្រាល​ដល់​អតិថិជន ​ដែល​ខ្ចី​លុយ​ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ទាំង​នោះ»។​

លោក​សម រង្ស៊ី​បាន​ប្រាប់​ VOA ​បន្ថែម​តាម​រយៈ​សារ​អេឡិចត្រូនិច​ ឬ​ E-mail ​នៅ​ថ្ងៃ​អាទិត្យ​ថា​ ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​នេះ​ក៏​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច ​តាម​រយៈ​ការ​ជួយ​ដល់​អាជីវកម្ម​ខ្នាតតូច ​និងជួយ​បង្កើនជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។​

លោក​សម រង្ស៊ី​បន្ថែម​ថា ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​អត្រា​ការ​ប្រាក់​នៅ​ក្នុង​ពិភព​លោក​បាន​ធ្លាក់​ចុះ​ពី​៥​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ទៅ​២​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ ​ជា​មធ្យមពោល​គឺ​ធ្លាក់​ចុះ​ចំនួន​៣​ភាគរយ។ ​លោក​បន្ត​ថា ​អត្រា​ការ​ប្រាក់​នៅ​កម្ពុជា​នៅ​ពេល​នេះ​គួរ​មាន​ការ​ធ្លាក់ចុះ​ស្រដៀង​គ្នា​ដែរ ​ពោល​គឺ​គួរ​ស្ថិត​នៅ​ចន្លោះ​ពី​៧​ទៅ​១៧​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ ​ជាមធ្យម។​

យ៉ាងណាក៏ដោយ ​លោក​អ៊ិន ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ​មាន​ប្រសាសន៍​ថា ​ប្រាក់ដែល​ធនាគារ​ខ្ចី​ពី​បរទេស​មក​ធ្វើ​ជា​ដើម​ទុន​ ជា​កម្ចី​ពាណិជ្ជ​កម្ម​ដែល​មាន​អត្រា​ការ​ប្រាក់​យ៉ាង​តិច​៧,៧៥​ភាគ​រយ​ ​ដោយសារ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោមប្រទេស​ដែល​មាន​ហានិភ័យ។ ​លោក​បន្ត​ថា ​អត្រា​ប្ដូរ​ប្រាក់​ពេល​ធនាគារ​ឱ្យ​ពលរដ្ឋ​ខ្ចី​ និង​ពេល​សង​ទៅ​បរទេស​វិញ​ក៏​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់អត្រា​ការ​ប្រាក់​ផង​ដែរ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«កាលណា​ឱ្យ​ [ពលរដ្ឋ] ​ខ្ចី​ទៅ​វិញ ​ព្រោះ​រូបិយ​ប័ណ្ណ​ដែ​លយើង​ខ្ចី​មក​ជា​រូបិយប័ណ្ណ​បរទេស។ ​អញ្ចឹងយើង​យក​មក​ឱ្យ​ខ្ចី​ជា​រូបិយ​វត្ថុលុយ​ខ្មែរ​យើង​ហ្នឹង ​អញ្ចឹងយើង​ប្ដូរ​ពី​លុយ​បរទេស​មក​លុយ​ខ្មែរ។ ​អញ្ចឹងអាហ្នឹង​វា​មាន​ហានិភ័យ​មួយ​ហើយ​ អត្រា​បម្រែ​បម្រួល​នៃ​អត្រា​ប្ដូរ​ប្រាក់​ បូក​អា​ហ្នឹង​ទៅ ​ហើយ​បូក​ចំណាយ​ប្រតិបត្តិការ​អី​ផ្សេងៗ ​ធ្វើ​ឱ្យ​អត្រា​ការ​ប្រាក់​នៅ​កម្ពុជា​ហ្នឹង​មិន​អាច​ថយ​ដូច​លោក​បាន​លើក​ឡើង​អម្បាញ់​មិញ​ថា ​គួរ​តែ​៧​ភាគ​រយ​ឬ​ក៏​ទៅ​១៧​ភាគរយ​ មិន​អាច​អញ្ចឹងទេ»។​

លោក​អ៊ិន ចាន់នី​អះអាង​ដែរ​ថា ​ធនាគារ​នៅ​បរទេស​មិន​ផ្ដល់​ការ​ប្រាក់​ដល់​ប្រាក់​បញ្ញើ​សន្សំ​ដូច​កម្ពុជា​នោះ​ទេ ​ធ្វើ​ឱ្យ​ប្រភព​ទុន​មាន​តម្លៃ​ថោក ​អាច​ផ្ដល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​បាន។​

បើ​តាម​លោក​អ៊ិន ចាន់នី ​អត្រា​ការ​ប្រាក់​របស់​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ស្ថិត​នៅ​ចន្លោះ​ពី​៩,៥​ភាគ​រយ​ទៅ​២៥​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ។​

លោក​ចាន់ សុផល ​ប្រធាន​មជ្ឈ​មណ្ឌល​ដើម្បី​ការ​សិក្សា​គោល​នយោបាយ​មាន​ប្រសាសន៍​ថា​ អត្រា​ការប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កម្រិត​ខ្ពស់​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ ពិសេស​ឥណទាន​ខ្នាត​តូច។ ​លោក​បន្ត​ថា ​ដើម្បី​ធ្វើ​ឱ្យ​អត្រា​ការ​ប្រាក់​ចុះ​ទាប​បាន ​រដ្ឋាភិបាល​ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ឱ្យ​កាន់​តែ​ខ្លាំង​ និង​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ​ដែលអាច​ជួយ​ជំរុញ​ឱ្យ​អត្រា​ការ​ប្រាក់​កម្ចី​ពី​បរទេស​ចុះ​ថោក។​

លោក​មាន​ប្រសាសន៍​ថា៖​

«បាទ​ បើ​និយាយ​ពី​យន្តការ​សេដ្ឋកិច្ច​បែប​សេរី​គឺ​រដ្ឋ​មាន​តែ​ជំរុញ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ឱ្យ​កាន់​តែ​ច្រើន ​កុំ​ឱ្យ​មាន​ការ​ត្រូវរ៉ូវ​គ្នា​ក្នុង​ចំណោម​អ្នក​ផ្ដល់​ឥណទាន​ក្នុង​ការ​កំណត់​អត្រា​ការ​ប្រាក់​ខ្ពស់​ដូច​គ្នា​ ទី​១។ ​ទី​២​គឺ​រដ្ឋ​ត្រូវ​កាត់​បន្ថយ​នូវ​ហានិភ័យ​ដែល​គេ​មើល​ឃើញ​ដូចជា ​ប្រជា​ពលរដ្ឋ​មិន​សង​វិញ​ក៏​មិន​អី​ដែរ ​ឬ​ក៏​របប​នយោបាយ​យើង​ដែលអាច​ថា ​ធ្វើ​ឱ្យ​គេ​ពិបាកទុកចិត្ត​បាន ​ អាច​មាន​ជម្លោះ​នយោបាយ​បង្ក​ជា​ហា​និភ័យ​ផ្សេងៗ។ ​អញ្ចឹងគេ​ចាត់​ទុក​ប្រទេស​យើង​ជា​ប្រទេស​មាន​ហានិភ័យ»។​

លោក​ចាន់ សុផល​បន្ថែម​ថា ​រដ្ឋាភិបាល​ក៏​អាច​ជំរុញ​ឱ្យ​បញ្ចុះ​តម្លៃ​អតា្រ​ការ​ប្រាក់​តាម​រយៈ​បង្ក​បរិយាកាស​អំណោយ​ផល​ដល់​ប្រតិបត្តិការ​ជំនួញ​ផ្សេងៗ ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​គ្រឹះស្ថាន​ និង​បង្កើន​សមត្ថភាព​ និង​ប្រសិទ្ធភាព​របស់​អ្នក​ផ្ដល់​ឥណទាន ​និង​អ្នក​ខ្ចី​ឥណទាន។​ លើសពី​នេះ ​រដ្ឋាភិបាល​ក៏​អាច​បង្កើត​ជា​ស្ថាប័ន​ខ្លួន​ឯង​ក្នុង​ការ​ផ្ដល់​ឥណទាន​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ផង​ដែរ។​

VOA ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកស្រី​ជា សិរី ​អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ទេ​ នៅ​ថ្ងៃ​អាទិត្យ​នេះ។​

បើ​តាម​លោក​ចាន់ សុផល ​អត្រា​ការ​ប្រាក់​សម្រាប់​កម្ចី​ខ្នាត​តូច​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុនៅ​កម្ពុជា​មាន​ចន្លោះពី​២០​ទៅ​៣០​ភាគរយក្នុង​មួយ​ឆ្នាំ។​

ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១៦​នេះ ​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ត្រូវ​គេ​រាយ​ការណ៍​ថា ​មាន​ចំនួន​ទឹក​ប្រាក់​សរុប​ប្រមាណ​៣,១​ពាន់​លាន​ដុល្លារ​ កើន​ឡើង​៨,៤​ភាគ​រយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៥​ដែល​មាន​ទឹក​ប្រាក់​សរុបប្រមាណ​២,៩​ពាន់​លាន​ដុល្លារ៕

កម្ពុជា បង្កើត​កម្មវិធី​សាលា​ជំនាន់​ថ្មី ផ្តោតលើ​ជំនាញ​វិទ្យាសាស្ត្រ STEM

VOA
និពន្ធដោយ: ហ៊ាន សុជាតា

រូបឯកសារ៖ សៀវភៅ​មគ្គុទេសន៍​ «មុខរបរ​ ឬ​អាជីព​នៅ​ពេល​អនាគត​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​» កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្នុង​រាជធានី​ភ្នំពេញ​។ (ហ៊ាន សុជាតា​/ VOA)​

ការ​ផ្ដល់​អាទិភាព​អប់រំ​ផ្នែក​STEM​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ធ្វើ​ឡើង​ស្រប​តាម​គោល​នយោបាយ​អភិវឌ្ឍ​​ STEMរបស់​រដ្ឋាភិបាល​កម្ពុជា​នា​ដើម​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ បញ្ជាក់​ប្រាប់​ VOA ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ។​​​​​​​​​​

ភ្នំពេញ — រដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​កម្មវិធី​ថ្មី​មួយ ឈ្មោះ​ថា សាលា​ជំនាន់​ថ្មី ដោយ​ផ្ដោត​ទៅលើមុខ​វិជ្ជា​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ ដែល​គេ​ស្គាល់​ថា​ STEM ​ ដើម្បី​ជំរុញ​ឲ្យ​មាន​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​ច្រើន​ថែម​ទៀត​នៅ​កម្ពុជា។

ប៉ុន្តែ អ្នក​ជំនាញ​លើកឡើង​ថា​ រដ្ឋាភិបាល​ ចាំ​បាច់​ត្រូវ​ផ្សព្វផ្សាយ​កម្មវិធី​ថ្មី​របស់​ខ្លួន​នេះ​ ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន ដើម្បី​សម្រេច​គោល​ដៅ​នេះ​បាន។

ជំនាញ​សំខាន់​ទាំង​៤នេះ​ បាន​ក្លាយ​ជា​អាទិភាព​ក្នុង​វិស័យអប់រំ​កម្ពុជា​ ដើម្បី​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​ STEM​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​កម្ពុជា​នា​ពេល​អនាគត។​

ការ​ផ្ដល់​អាទិភាព​អប់រំ​ផ្នែក​STEM​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ធ្វើ​ឡើង​ស្រប​តាម​គោល​នយោបាយ​អភិវឌ្ឍ STEMរបស់​រដ្ឋាភិបាល​កម្ពុជា​នា​ដើម​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ បញ្ជាក់​ប្រាប់​ VOA ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ។

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ ក្រសួង​អប់​រំ ​បាន​បង្កើត​កម្មវិធី​សាលា​ជំនាន់​ថ្មី​ នៅ​ក្នុង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ដើម្បី​បណ្ដុះបណ្ដាល​មូលដ្ឋាន​គ្រឹះ​ឯកទេស​STEM ​ដល់​យុវជន​កម្ពុជា។​

សាលា​រៀន​ជំនាន់​ថ្មី​ គឺកម្មវិធីដែល​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ និង​ការ​បណ្ដុះបណ្ដាល​បែប​ទំនើប​ ដោយ​បំពាក់​សម្ភារៈ​ និង​កន្លែង​ពិសោធ ​ដល់​សិស្ស​ដែល​រៀន​មុខវិជ្ជាSTEM។​នេះ​យោង​តាម​មន្ត្រី​អប់រំ។​

​លោក រស់ សាលីន​ បញ្ជាក់​ប្រាប់​ VOA យ៉ាង​ដូច្នេះ​៖ «សិស្សានុសិស្ស​ ​ចេញ​ពី​ថ្នាក់STEM ចេញ​ទៅ​គាត់​ជា​អ្នក​ពូ​កែ​។ បើ​គាត់​ជា​អ្នក​ពូកែ​ បើ​គាត់​រៀន​គីមី​ គាត់​ក្លាយ​ជា​វិស្វករ​គី​មី​ចំណី​អាហារ​ អ្នក​ផលិត​គីមី​ អ្នក​រៀប​ចំ​ធ្វើ​អាតូមិច​ជា​ដើម​ចឹង​ទៅ។​ បើ​រូប​វិទ្យា​ ពួក​គាត់​ក្លាយ​ជា​អ្នក​ធ្វើ​គ្រឿង​អគ្គីសនី​។ អ្នក​ខាង​ ICT ចេញ​មក​គឺ​ខាង​ធ្វើ​Programming ធ្វើ​កំព្យូទ័រ​។​ ចឹង​កាល​ណា​យើង​ពង្រីក​ថ្នាក់​STEM​នេះ​ អ្នក​ចេញ​ពី​ថ្នាក់​STEMហ្នឹង​ហើយ​ដែល​ជា​អ្នក​ធ្វើ​ការ​ជំនាញ​ជាន់ខ្ពស់»។​

លោក​ រស់ សាលីន ​ឲ្យ​ដឹង​ថា​ក្រសួង​អប់រំ​ គ្រោង​នឹង​ពង្រីក​គម្រោង​នេះ​ទៅ​កាន់​សាលា​ផ្សេងៗ​ និង​តាម​បណ្ដា​ខេត្ត​នា​ពេល​ខាង​មុខ​ទៅ​តាម​លទ្ធភាព​ដែល​ក្រសួង​អាច​ធ្វើ​បាន​។

លោក​បន្ថែម​ថា​ ការ​សិក្សា​កន្លង​មក​ រក​ឃើញ​ថា​ គិត​ត្រឹម​ឆ្នាំ​២០១៥​នេះ​ កម្ពុជា​ត្រូវ​ការ​អ្នក​ឯកទេស​ផ្នែក STEMរហូត​ដល់​ចំនួន​៦ម៉ឺន​៥ពាន់​នាក់​ ក៏​ប៉ុន្តែ​លោក​ថា​ធនធាន​STEM​នៅ​កម្ពុជា​ជា​សរុប​ មាន​តែ​ជាង​១ម៉ឺន​នាក់​ប៉ុណ្ណោះ។

«យោង​តាម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ យោង​លើ​ការ​កំណត់​គោល​នយោបាយ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ពង្រីក​ផ្នែក​ឧស្សាហកម្ម​ ធុន​ធ្ងន់ មធ្យម​ និង​ស្រាល​ និង​ឧស្សាហកម្ម​កែ​ច្នៃ​។​ ចឹង​ទេ​ បើ​មិន​រៀប​ចំ​អភិវឌ្ឍ​ពី​ឥឡូវ​ទៅ​ ពេល​នោះ​រឹតតែ​ខ្វះ​ខាត​ទៀត​។ ចឹង​ទាមទារ​ឲ្យ​យើង​រៀប​កម្លាំង​ពលកម្ម​ អប់រំ បណ្ដុះបណ្ដាល​ពី​ចម្ងាយ​»។

លោក​ រស់ សាលីន​ ឲ្យ​ដឹង​ទៀត​ថា ​ការ​ចូលរួម​របស់​យុវជន​កម្ពុជា​ក្នុង​ជំនាញ​STEM​នេះ​ នឹង​អាច​ជួយ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​បង្កើត​ផលិតផល​បច្ចេកវិទ្យា​របស់​កម្ពុជា​ដោយ​ខ្លួនឯង។

«បើ​គាត់​គិត​ថា​ឥឡូវ​គាត់​រៀន​ពូកែ​ខាង​រូប​វិទ្យា​ ចឹង​គាត់​ចូល​ថ្នាក់ STEM​ ថ្នាក់​រូបវិទ្យា​តែ​ម្តង ពេល​នោះ​ គាត់​មាន​កន្លែង​ពិសោធន៍​ គាត់​មាន​គ្រូ​ គាត់​មាន​អី​តាំង​ពី​ថ្នាក់​ក្រោម​ទៅ​។ ចឹង​ទម្រាំ​ដល់​គាត់​ចប់​វិស្វករ គាត់​នឹង​ក្លាយ​ជា​អ្នក​ល្បី​ផ្នែក​ហ្នឹង​តែ​ម្តង។​ កិត្តិយស​គាត់​នឹង​មាន គាត់​នឹង​ល្បី​ គាត់​ផលិត​រថយន្ត គាត់​ធ្វើ​ទូរទស្សន៍​ដោយ​ខ្លួន​ឯង ឧទាហរណ៍។​ ចឹង​យើង​ហ្នឹង​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​Brand Name លើ​សេដ្ឋកិច្ច​ពិភពលោក​ដែរ ​ដោយសារ​ការ​ចូលរួម​របស់​ប្អូន​សិស្សានុសិស្ស»។

លោក​ ហង់​ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ឲ្យ​ដឹង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថា​ក្នុង​មួយ​ឆ្នាំៗ​ ​រដ្ឋាភិបាល​កម្ពុជា​វិនិយោគទឹកប្រាក់​ប្រមាណ​៣០ម៉ឺន​ដុល្លារ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​STEM​ រាប់​បញ្ចូល​ទាំង​ការ​ជួសជុល​ និង​សាងសង់​បន្ទប់​ពិសោធន៍​ ​ការ​បំពាក់​ប្រព័ន្ធ​កុំព្យូទ័រ​ និង​ឧបករណ៍​នានា ដើម្បី​ពង្រឹង​គុណភាព​អប់រំ​STEM​ និង​ធ្វើ​ឲ្យ​បរិយាកាស​សិក្សាមាន​ភាព​ទាក់ទាញ។​

លោក​ ផាន់ ​ប៊ុន​ណាត​ ​ប្រធានក្រុម​គម្រោង​សាលារៀន​ជំនាន់​ថ្មី​ នៃ​អង្គការ​សកម្មភាព​សម្រាប់​បឋម​សិក្សា​នៅ​កម្ពុជា​ ហៅ​ថា​ខេប​អះអាង​ថា ​ការ​អភិវឌ្ឍ​ធនធានSTEM​ ជា​រឿង​ចាំ​បាច់​ ជា​ពិសេស​នៅ​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​ទាម​ទារ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ធនធាន​មនុស្ស​ក្នុង​តំបន់។

«វា​ជា​រឿង​ត្រឹម​ត្រូវ​ហើយ​ចាំ​បាច់​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​ ដែល​យើង​ត្រូវ​អនុវត្ត​កម្មវិធី​STEM​ នៅ​ក្នុង​កម្មវិធី​សិក្សា​តាំង​ពី​ថ្នាក់​មធ្យម​សិក្សា​ទៅ​ សមស្រប​នឹង​ការ​ប្រកួត​ប្រជែង​ទៅលើ​បច្ចេកវិទ្យា។​ ទាក់ទង​នឹង​កម្មវិធី​STEM​ហ្នឹង​ ជា​មុខវិជ្ជា​មួយ​ដែល​ជួយ​ជំរុញ​ក្មេងៗ​ឲ្យ​ស្រលាញ់​វិទ្យា​សាស្ត្រ​ ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​ និង​ទីផ្សារ​ហ្នឹង​ គឺ​STEM​ហ្នឹង​សំខាន់​បំផុត»។

លោក​ ផាន់ ​ប៊ុន​ណាត​ យល់​ថា​ការ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ ​STEM​ ដ៏​សំខាន់​របស់​រដ្ឋាភិបាល​នេះ​ នៅ​តិចតួច​នៅ​ឡើយ។​

«គោល​នយោបាយ​STEM ដែលក្រសួង​ទើប​ចេញ​ឆ្នាំ​២០១៦​នេះ​ក្តី​ វា​ជា​រឿង​មួយ​ថ្មី។​ សម្រាប់​ខ្ញុំ​ដែល​មើល​ឃើញ​ថា​ រដ្ឋាភិបាល​មិន​ទាន់​បាន​ធ្វើ​វា​ទូលំទូលាយ​ ឬ​ផ្សព្វផ្សាយ​ ​ឲ្យ​ទូលំទូលាយ​នៅ​ឡើយ​ទេ។ វា​ទាមទារ​ពេល​វេលា។​ ខ្ញុំ​វាយ​តម្លៃ​ខ្ពស់​ទាក់ទង​នឹង​ការ​បង្កើត​គោល​នយោបាយ​ ​STEM ហើយ​អ្វី​ដែល​ជា​ការ​ស្នើសុំ​ ​ខ្ញុំ​គិត​ថា​ពេល​ខ្លះ​យើង​មា​គោលនយោបាយ​ល្អ​ តែ​បើ​យើង​អត់​យក​វា​មក​អនុវត្ត​ ក៏​អត់​មាន​ន័យ​ដែរ​។ យើង​និយាយ STEMៗ​ ប៉ុន្តែ​គ្រូ​ខ្លះ​ អត់​ដឹង​ថា​STEM​ហ្នឹង​អី​គេ​ផង។ ពេល​ខ្លះ​មាន​តែ​គោល​នយោបាយ​មិន​គ្រប់​គ្រាន់​ទេ​ នៅ​ត្រូវ​ការ​ការ​អនុវត្ត​ យក​វា​ទៅ​ធ្វើ​ផែន​ការ​សកម្មភាព​ឆ្លើយ​តប​គោលនយោបាយ»។​

ការ​ស្រាវជ្រាវពី​ប្រទេស​អភិវឌ្ឍន៍​បង្ហាញ​ថា ការ​អប់រំ​ខាង​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ វិស្វកម្ម ​និង​គណិក​វិទ្យា​ដែល​គេ​ស្គាល់​ថា ​STEM Education​ ជំរុញ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី ដែល​ផ្ដល់​ផល​ប្រយោជន៍​ដល់​ការ​វិនិយោគ​ទុន ការ​អភិវឌ្ឍ ​ទំនើប​កម្ម​ និង​ការ​បង្កើត​ឲ្យ​មាន​អ្នក​វិទ្យាសាស្ត្រ​ជំនាន់​ថ្មី​ក្នុង​ប្រទេស៕​

លោក អ៊ុំ សំអាន និង​ក្រុម​មេធាវី​ដើរ​ចេញ​ពី​សវនាការ​ដោយ​យល់​ថា​ជា​សវនាការ​ខុស​ច្បាប់

RFA
ដោយ រ៉ាន់ សំណាង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន (រូប​កណ្ដាល) ពេល​នាំ​ខ្លួន​មក​សវនាការ នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។

ស្តាប់​សំលេង


សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បើក​សវនាការ​ជា​លើក​ដំបូង​លើ​សំណុំ​រឿង​លោក អ៊ុំ សំអាន ទាក់ទង​នឹង​ការ​បង្ហោះ​ផែនទី និង​ការ​បញ្ចេញ​ទស្សនៈ​លើ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ ក្រុម​មេធាវី និង​កូន​ក្តី​ធ្វើ​ពហិការ​ដោយ​លើក​សំអាង​ថា សវនាការ​នេះ​មិន​អាច​ប្រព្រឹត្ត​ស្រប​ច្បាប់​បាន​ទេ ខណៈ​លោក អ៊ុំ សំអាន នៅ​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ ប៉ុន្តែ​ចៅក្រម​ថា សវនាការ​អាច​ធ្វើ​ទៅ​បាន ព្រោះ​ជា​សវនាការ​ស្រប​តាម​ច្បាប់។ ទោះ​បី​ជា​យ៉ាង​ណា តុលាការ​នឹង​ប្រកាស​សាលក្រម​រឿង​នេះ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។

ចំណុច​ដែល​នាំ​ឲ្យ​ក្រុម​មេធាវី និង​លោក អ៊ុំ សំអាន ដើរ​ចេញ​ពី​បន្ទប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា នេះ គឺ​ការ​ខ្វែង​គំនិត​គ្នា​រវាង​មេធាវី និង​ចៅក្រម​ត្រង់​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ និង​បណ្ដឹង​សុំ​មោឃភាព​នៅ​សាលា​ឧទ្ធរណ៍​លើ​នីតិវិធី​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ថ្លែង​ទៅ​កាន់​ចៅក្រម និង​តំណាង​អយ្យការ​ក្នុង​បន្ទប់​សវនាការ លោក​មេធាវី ជូង ជូងី លើក​ឡើង​ថា សវនាការ​លើ​ករណី​លោក អ៊ុំ សំអាន មិន​អាច​ធ្វើ​ទៅ​បាន​ទេ លុះត្រា​តែ​រដ្ឋសភា​សម្រេច​បោះឆ្នោត​ដក​អភ័យ​ឯកសិទ្ធិ​លោក អ៊ុំ សំអាន ដោយ​សំឡេង ២​ភាគ​៣ ឬ​ស្មើ​នឹង ៨២​សំឡេង​ជា​មុន​សិន។ មេធាវី​រូប​នេះ​និយាយ​ថា មក​ដល់​ពេល​នេះ រដ្ឋសភា​មិន​មាន​សំឡេង ២​ភាគ​៣ ដើម្បី​ចាត់​រឿង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ថា បែរ​ជា​សំឡេង ៥០​ភាគរយ​បូក​១ ចេញ​ដោយ​សមាជិក​សភា​បក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ ដែល​សម្រេច​ឲ្យ​សមត្ថកិច្ច​បន្ត​ចាត់ការ​ករណី​លោក អ៊ុំ សំអាន។

ករណី​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក អ៊ុំ សំអាន រួច​បញ្ជូន​ឲ្យ​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់ និង​យក​ទៅ​ឃុំ​ខ្លួន​ជា​មុន ទើប​រដ្ឋសភា​អនុម័ត​ឲ្យ​អាជ្ញាធរ​បន្ត​ចាត់ការ​ជា​ក្រោយ​នោះ លោក ជូង ជូងី យល់​ថា ការ​អនុវត្ត​នីតិវិធី​ហាក់​ដូចជា​កាត់​ក្បាល​តម្រូវ​មួក។ បន្ថែម​ពី​លើ​ការ​លើក​ឡើង​របស់​លោក ជូង ជូងី លោក​មេធាវី ហែម សុជាតិ ថា​ចំណាត់ការ​របស់​រដ្ឋសភា​នោះ គឺ​មិន​ស្រប​នឹង​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា៖ «គោល​បំណង​តុលាការ គឺ​គេ​ជម្រះ​ទៅ​លើ​ករណី ប៉ុន្តែ​មេធាវី​យល់​ឃើញ​ថា​ខុស​នីតិវិធី។ ចឹង​មេធាវី​យល់​ឃើញ​ថា យើង​មិន​អាច​ចូលរួម​សវនាការ​មួយ​ដែល​ខុស​នីតិវិធី​ទេ ព្រោះ​កូន​ក្ដី​ខ្ញុំ​ជា​អ្នក​តំណាង​រាស្ត្រ។ អ៊ីចឹង​វា​ត្រូវ​តែ​មាន​ការ​ដក​អភ័យ​ឯកសិទ្ធិ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​សិន បើ​យើង​ចេះ​តែ​បន្ត​អ្វី​មិន​ត្រឹមត្រូវ​ អ៊ីចឹង​វា​នឹង​នាំ​ឲ្យ​មាន​ផលវិបាក​ត​ទៅ​ទៀត​សម្រាប់​អ្នក​តំណាង​រាស្ត្រ​ដទៃ​ទៀត ឬ​​អ្នក​ណា​ដែល​មាន​អភ័យ​ឯកសិទ្ធិ»។

និយាយ​នៅ​ចំពោះ​មុខ​តុលាការ ត្រង់​មាត្រា​៨០ នេះ លោក អ៊ុំ សំអាន និយាយ​ថា លោក ហ៊ុន សែន និង​សមាជិក​សភា​បក្ស​ប្រជាជន​កម្ពុជា រួម​គ្នា​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ ដោយ​ឃុំ​ខ្លួន​លោក​ទាំង​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ។

ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ លោក ហេង សុខណា ច្រាន​ចោល ដោយ​សំអាង​ថា គ្មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់។ ចំណែក​ការ​ដើរ​ចេញ​របស់​មេធាវី និង​ជន​ជាប់​ចោទ​ចេញ​ពី​បន្ទប់​សវនាការ​វិញ លោក​ចៅក្រម ហេង សុខណា លើក​ឡើង​ថា នោះ​ជា​សិទ្ធិ​របស់​ពួក​គេ។

ទោះ​បី​ជា​គ្មាន​វត្តមាន​មេធាវី និង​ជន​ជាប់​ចោទ​ក៏ដោយ សវនាការ​នៅ​តែ​បន្ត​ដដែល។ លោក​ចៅក្រម ហេង សុខណា សំអាង​ថា តុលាការ​អាច​បន្ត​សវនាការ​នេះ​បាន ដោយ​ផ្អែក​លើ​កត្តា​ច្បាប់​មួយ​ចំនួន។ កត្តា​ទាំងនោះ​រួម​មាន សេចក្ដី​សម្រេច​របស់​រដ្ឋសភា អនុម័ត​ឲ្យ​អាជ្ញាធរ​បន្ត​ចាត់ការ​ករណី​លោក អ៊ុំ សំអាន និង​សាល​ដីកា​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ ដែល​បដិសេធ​លើ​បណ្ដឹង​សុំ​មោឃភាព​របស់​មេធាវី​លើ​នីតិវិធី​របស់​តុលាការ​រាជធានី​ភ្នំពេញ។

គិត​មក​ដល់​ពេល​នេះ លោក អ៊ុំ សំអាន ត្រូវ​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល ៤​ខែ ២៤​ថ្ងៃ។ លោក អ៊ុំ សំអាន ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ញុះញង់​នាំ​ឲ្យ​មាន​ការ​រើសអើង និង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ នៃ​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មេសា។ ការ​ចោទ​ប្រកាន់​នេះ ក្រោយ​ពី​លោក​បាន​រិះគន់​រឿង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ទាក់ទង​នឹង​ការ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។ ក្រោយ​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​លោក ហ៊ុន សែន ថា​លោក អ៊ុំ សំអាន បាន​ញុះញង់​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ដោយសារ​ការ​ផ្សព្វផ្សាយ​ផែនទី និង​ប្រើ​ពាក្យ​សម្ដី​ក្នុង​ទិសដៅ​បំផុសបំផុល និង​មាន​ទិសដៅ​ទម្លាក់​នាយក​រដ្ឋមន្ត្រី៕

លោក ហ៊ុន ម៉ាណែត៖ «ព័ត៌មានថា ខ្ញុំចាញ់ក្តីក្នុងបណ្តឹងរបស់ លោក មាជ សុវណ្ណារ៉ា គឺជាការបំផ្លើសការពិត»

Fresh News



(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ព័ត៌មានដែលបានចោទរូបលោកថា ត្រូវបានតុលាការកាលីហ្វញ៉ា កាត់ក្តីឲ្យរូបលោក ចាញ់ក្តីលោក មាជ សុវណ្ណារ៉ា មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ គឺជាការបំផ្លើសព័ត៌មាន ខុសពីការពិត ខណៈដែលតុលាការមិនទាន់ យកបណ្តឹងនេះ មកដំណើរការនៅឡើយ។

លោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ បានប្ដឹងរាជរដ្ឋាភិបាលកម្ពុជា និង លោក ហ៊ុន ម៉ាណែត ទៅតុលាការសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទ «ធ្វើទារុណកម្ម តាមរយៈការឃុំខ្លួនដោយរំលោភបំពាន ក្រៅច្បាប់និងមានរយៈពេលយូរ»។ មានព័ត៌មានជាច្រើន បានផ្សាយថា លោក ហ៊ុន ម៉ាណែត ត្រូវបានតុលាការរដ្ឋកាលីហ្វញ៉ាកាត់ក្តីឲ្យចាញ់រឿងក្តីនេះ កាលពីថ្ងៃទី០១ ខែកញ្ញា កន្លងទៅនេះ។

តែលោក ហ៊ុន ម៉ាណែត បានហៅការផ្សព្វផ្សាយទាំងអស់នោះ គឺជាការបំផ្លើសពីការពិតទាំងស្រុង។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់លើទំព័រ Facebook របស់លោកនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះថា «ការធ្វើសេចក្តីប្រកាសព័ត៌មានរបស់មេធាវី Morton Sklar និងបុគ្គលមួយចំនួនថា តុលាការរដ្ឋកាលីហ្វញ៉ា បានកាត់ក្តីឱ្យខ្ញុំចាញ់កាលពី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ គឺជាការបំផ្លើសការពិត ពីព្រោះថាតុលាការពុំទាន់ សម្រេចទទួលយកបណ្តឹងនេះ មកដំណើរការបន្តនៅឡើយទេ។ រឿងក្តីនេះ គឺស្ថិតត្រឹមដំណាក់កាល នៃការទាមទារព័ត៌មានបន្ថែម ដើម្បីកំណត់សមត្ថកិច្ចតុលាការ ក្នុងការជំនុំជម្រះក្តីតែប៉ុណ្ណោះ»។

មេធាវីការពារក្តីឲ្យលោក ហ៊ុន ម៉ាណែត គឺលោក John Purcell និងអ្នកជំនាញច្បាប់អាមេរិក លោក Christopher Beres បកស្រាយផងដែរថា លោក Sklar ដែលជាមេធាវីរបស់ លោក មាជ សុវណ្ណរ៉ា បានអះអាងបំផ្លើសការពិត និងបំភ័ន្តសាធារណ មតិពាក់ព័ន្ធនឹងសេចក្តីសម្រេច របស់តុលាការ និងដំណើរការនីតិវិធីនៅតុលាការ។

លោក Beres បានបន្ថែមទៀតថា លោក មាជ សុវណ្ណារ៉ា ជាដើមបណ្តឹងមិនទាន់ឈ្នះក្តីនៅឡើយទេ។ លោកបញ្ជាក់ថា «ដើមបណ្តឹងបានអះអាងទៅតុលាការអាមេរិកថា ដើមបណ្តឹងមិនមានអង្គហេតុណា ដើម្បីបញ្ជាក់ថា តុលាការមានសមត្ថកិច្ចឡើយ។ ដូចេ្នះសួរថា តើមេធាវីរបស់ដើមបណ្តឹងនេះ អាចដាក់ពាក្យបណ្តឹងដោយឆន្ទៈសុច្ចរិត ដោយរបៀបណា ប្រសិនគ្មានអង្គហេតុណាមួយ ដែលបញ្ជាក់ថាតុលាការ មានសមត្ថកិច្ចផងនោះ។ មកដល់ពេលនេះ ដើមបណ្តឹងមិនបានបង្ហាញ អង្គហេតុណាមួយទៅតុលាការ សហរដ្ឋអាមេរិក ដើម្បីអាចតម្រូវឱ្យ លោក ហ៊ុន ម៉ាណែត ត្រូវចូលខ្លួនទៅតុលាការ ដើម្បីឆ្លើយតបទៅនឹងបណ្តឹង ដែលបានដាក់នោះ»។

ដើម្បីចែកជូនមិត្តអ្នកអានឲ្យកាន់តែជ្រាបច្បាស់ ថែមទៀតនោះ Fresh News សូមលើកយកនូវបទសម្ភាសន៍ រវាងព័ត៌មាន Khmer Time ជាមួយលោក John Purcell មេធាវីការពារក្តី លោក ហ៊ុន ម៉ាណែត និងអ្នកជំនាញច្បាប់អាមេរិក លោក Christopher Beres ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

លោក Christopher Beres ជាមេធាវីអាមេរិក ដែលមានបទពិសោធន៍ ការពារក្តីនៅអាមេរិក និងជាអតីតរដ្ឋអាជ្ញា ដែលកំពុងបំពេញការងារ នៅរាជធានីភ្នំពេញ បានប្រាប់ខ្មែរថាមស៍ ឲ្យដឹងថាពាក្យបណ្តឹង ដែលបានដាក់នៅតុលាការ សហព័ន្ធនៃរដ្ឋកាលីហ្វញ៉ា (California) ក្នុងទីក្រុង Los Angeles ដោយ លោក Morton Sklar ជាមេធាវីរបស់លោក សុវណ្ណារ៉ា គឺមិន មានមូលដ្ឋានគួរឲ្យជឿជាក់។

លោក Beres និង លោក Jonh Purcell ជាមេធាវីអាមេរិករបស់លោក ហ៊ុន ម៉ាណែត បានដាក់ពាក្យសុំច្រានចោល ពាក្យបណ្តឹងនោះ ទៅតុលាការរួចរាល់ហើយ។ លោកបានថ្លែងឲ្យដឹងថា មានកង្វះមូលដ្ឋានច្បាប់ដ៏ធ្ងន់ធ្ងរមួយ នៅក្នុងសំណុំរឿងប្រឆាំងនឹង លោក ហ៊ុន ម៉ាណែត ដែលជាឧត្តមសនីយ៍ នៃកងកម្លាំងប្រដាប់អាវុធនេះ។

បញ្ហាស្ថិតនៅត្រង់ថា តើតុលាការសហរដ្ឋមេរិក មានសមត្ថកិច្ចជំនុំជម្រះក្តីលើពលរដ្ឋកម្ពុជា ឬជនបរទេស ដែរឬទេ។ លោកបានបន្ថែមទៀតថា បណ្តឹងនោះគឺមិនមានអង្គហេតុគ្រប់គ្រាន់ គាំទ្រដល់ការចោទប្រកាន់នោះឡើយ។

លោកបានថ្លែងថា៖ «លោក Sklar ដែលជាមេធាវីរបស់ដើមបណ្តឹង បានអះអាងបំផ្លើសការពិត និងបំភ័ន្តសាធារណមតិពាក់ព័ន្ធ នឹងសេចក្តីសម្រេចរបស់តុលាការ និងដំណើរការនីតិវិធីនៅតុលាការ។ ក្នុងនាមជាមន្ត្រីនៃតុលាការលោកគួរតែដឹងឲ្យបានច្រើនជាងនេះ។ សេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ លោកបានធ្វើឲ្យលោកបាត់បង់ ទំនុកចិត្តពីសាធារណជននិងធ្វើឲ្យប៉ះពាល់ ជាអវិជ្ជមានដល់កិច្ចការរដ្ឋបាល របស់តុលាការ»។

លោកថា ដើមបណ្តឹងមិនទាន់ឈ្នះក្តីនៅឡើយទេ។ ដើមបណ្តឹងបានអះអាង ទៅតុលាការអាមេរិក ថា ដើមបណ្តឹងមិនមានអង្គហេតុណាដើម្បីបញ្ជាក់ថា តុលាការមានសមត្ថកិច្ចឡើយ។ ដូចេ្នះសួរថា តើមេធាវីរបស់ដើមបណ្តឹងនេះ អាចដាក់ពាក្យបណ្តឹង ដោយឆន្ទៈសុច្ចរិតដោយរបៀបណា ប្រសិនបើគ្មានអង្គហេតុណាមួយ ដែលបញ្ជាក់ថា តុលាការមានសមត្ថកិច្ចផងនោះ។

លោក Beres បានបន្ថែមថា៖ «មកដល់ពេលនេះ ដើមបណ្តឹងមិនបានបង្ហាញ អង្គហេតុណាមួយទៅតុលាការ សហរដ្ឋអាមេរិក ដើម្បីអាចតម្រូវឲ្យ លោក ហ៊ុន ម៉ាណែត ត្រូវតែចូលទៅតុលាការដើម្បីឆ្លើយតប ទៅនឹងបណ្តឹងដែលបានដាក់នោះ»។

លោក Beres បានលើកឡើងថា ការតម្រូវឲ្យជនបរទេសបង្ហាញខ្លួន នៅតុលាការសហរដ្ឋអាមេរិក មិនមែនជារឿងងាយស្រួលនោះទេ ហើយនៅក្នុងករណី សំណុំរឿងរដ្ឋប្បវេណី ដូចជាករណីបណ្តឹង ប្រឆាំងលោក ហ៊ុន ម៉ាណែត តុលាការត្រូវតែពិចារណាលើកត្តាផ្សេងៗជាច្រើន។

លោកបានបន្តទៀតថា៖ «វាជារឿងក្ដីរដ្ឋប្បវេណី ហើយមិនមែនជាករណីព្រហ្មទណ្ឌនោះទេ។ ក្នុងករណីរដ្ឋប្បវេណី ដំណើរការនីតិវិធីចាប់ផ្តើម តាមរយៈការដាក់ពាក្យបណ្តឹងទៅតុលាការអាមេរិក។ នៅក្នុងប្រព័ន្ធច្បាប់អាមេរិក ការដាក់ពាក្យបណ្តឹង មានភាពងាយស្រួលណាស់ ទាំងនៅក្នុងកម្រិតប្រព័ន្ធតុលាការសហព័ន្ធរបស់អាមេរិក ឬតុលាការតាមរដ្ឋនីមួយៗ មានន័យថា ភាគីអាចធ្វើការប្តឹងដោយធ្វើការ ចោទប្រកាន់តែម្តង ហើយមិនតម្រូវឲ្យមានមូលដ្ឋាន ជាក់លាក់ដើម្បគាំទ្រដល់អង្គហេតុ នៃការចោទប្រកាន់នោះទេ ទោះបីការចោទប្រកាន់នោះ មិនទាន់មានភ័ស្តុតាងសំអាងនៅឡើយ ក៏ដោយ»។

«ដូច្នេះអ្វីដែលត្រូវការ គឺជាការចោទប្រកាន់សុទ្ធសាធ។ ហើយក្រឡាបញ្ជីនឹងទទួលយក ពាក្យបណ្តឹងដើម្បីយកមកដំណើរការបន្ត។ ប៉ុន្តែមូលដ្ឋានជាក់លាក់ ដើម្បីគាំទ្រដល់អង្គហេតុនៃ ការចោទប្រកាន់ ក្នុងពាក្យបណ្តឹងណាមួយ នឹងតម្រូវឲ្យដាក់នៅក្នុងនីតិវិធីបន្តបន្ទាប់ទៀត។ សំណុំរឿងនេះមិនទាន់ដំណើរការ ដល់នីតិវិធី ដែលតម្រូវឲ្យដាក់ភ័ស្តុតាងនៅឡើយទេ។ លោក Beres ដែលជាអ្នកជំនាញច្បាប់ សហរដ្ឋអាមេរិកយូរឆ្នាំ បានច្រានចោលព័ត៌មាន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកមួយចំនួន ខណៈដែលពួកគេមិនទាន់យល់ដឹង បញ្ហាច្បាស់ លាស់ ហើយលោកបាននិយាយថា ប្រជាជននៅ ក្នុងប្រទេសកម្ពុជា គួរស្វែងយល់អំពីការ ពិតក្នុងសំណុំរឿងនេះ។

លោកបានឲ្យដឹងថា៖ «ខ្ញុំចង់ឲ្យសាធារណជន យល់ច្បាស់ថាតើរឿងក្តីមួយ នៅសហរដ្ឋអាមេរិក មានដំណើរការបែបណា។ នៅពេលដែលពាក្យបណ្តឹង ត្រូវបានដាក់ទៅក្រឡាបញ្ជី ពាក្យបណ្តឹងនោះនឹងត្រូវ បញ្ជូនទៅចៅក្រម។ នៅក្នុងដំណាក់កាលនេះ ចៅក្រមពុំទាន់ពិនិត្យលើមូលដ្ឋាន ជាក់លាក់ដែលគាំទ្រដល់ អង្គហេតុនៃការចោទប្រកាន់ ក្នុងពាក្យបណ្តឹងនៅឡើយ។

«ជាគោលការណ៍ តុលាការនឹងអនុញ្ញាតឲ្យនីតិវិធីបន្តទៅមុខ។ ចំពោះករណីនេះវិញ ចុងចម្លើយជាឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលមានសញ្ជាតិខ្មែរ។ ដូច្នេះ ប្រសិនបើមានបណ្តឹងពាក់ព័ន្ធនឹង ជនបរទេសណាមួយ សំណួរទីមួយដែលតុលាការត្រូវពិចារណា គឺបញ្ហាសមត្ថកិច្ចរបស់តុលាការក្នុងការជំនុំជម្រះក្តី។

«តើតុលាការមានសមត្ថកិច្ចក្នុងការជំនុំជម្រះក្តី ដែលតម្រូវឲ្យជនបរទេសត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការអាមេរិក ដែរ ឬទេ? តើតុលាការអាចតម្រូវឲ្យជនបរទេសឲ្យបង្ហាញខ្លួន នៅតុលាការសហព័ន្ធបានដែរ ឬទេ? ដើម្បីឲ្យតុលាការសហរដ្ឋអាមេរិក សម្រេចថាខ្លួនមានសមត្ថកិច្ចក្នុងការជំនុំជម្រះក្តី ឬអាចតម្រូវឲ្យជនបរទេសត្រូវបង្ហាញខ្លួន ដើមបណ្តឹងត្រូវដាក់ភ័ស្តុតាង ជាក់លាក់ទៅតុលាការ»។

«ឧទាហរណ៍ ដើមបណ្តឹងអាចលើកឡើងថា ពលរដ្ឋបរទេសនោះមានផ្ទះ ឬទ្រព្យសម្បតិ្តក្នុងដែនសមត្ថកិច្ច របស់តុលាការនៅក្នុងសហរដ្ឋអាមេរិក ឬគាត់មានអាជីវកម្ម មួយក្នុងដែនសមត្ថកិច្ច របស់តុលាការនៅក្នុង សហរដ្ឋអាមេរិក។ ដើមបណ្តឹងត្រូវបង្ហាញភ័ស្តុតាងទាំងនេះ ទៅតុលាការដើម្បីឲ្យតុលាការសម្រេចថា មានសមត្ថកិច្ចក្នុងការជំនុំជម្រះ ក្តីនេះបាន។ លោកបានឆ្លើយតបតាម រយៈការដាក់ពាក្យសុំច្រានចោល ពាក្យបណ្តឹង ដោយឈរលើមូលដ្ឋានថា តុលាការមិនមានសមត្ថកិច្ចជំនុំជម្រះលើបណ្តឹង ដែលអាចតម្រូវឲ្យគាត់ចូលបង្ហាញខ្លួន នៅតុលាការសហព័ន្ ធសហរដ្ឋអាមេរិកឡើយ ហើយជំហររបស់គាត់គឺថា គាត់មិនមានចំណងទាក់ទង ឬមិនមានអ្នកទំនាក់ទំនង ក្នុងដែនសមត្ថកិច្ចរបស់តុលាការ ក្នុងរដ្ឋកាលីហ្វញ៉ានោះទេ។ លោកមិនមានទ្រព្យសម្បតិ្តនៅទីនោះ លោកមិនមានផ្ទះនៅទីនោះ ហើយលោកក៏មិនមានគណនីធនាគារនៅទីនោះដែរ។ លោកមិនមានអ្វីទាំងអស់នៅទីនោះ»។

យោងតាមលោក Beres មិនមែនត្រឹមតែលោក ហ៊ុន ម៉ាណែត មិនមានទំនាក់ទំនងដែល អាចតម្រូវឲ្យចូលបង្ហាញខ្លួន ក្នុងតុលាការសហព័ន្ធរដ្ឋកាលីហ្វញ៉ាប៉ុណ្ណោះទេ យោងតាមច្បាប់អាមេរិក លោក ហ៊ុន ម៉ាណែត គួរតែទទួលបានឯកសារពាក់ព័ន្ធនឹង បណ្តឹងដែលនៅក្នុងច្បាប់អាមេរិក ហៅថានីតិវិធីជូនដំណឹង នៃពាក្យបណ្តឹង (service of process) ឬអាចនិយាយសាមញ្ញថា លោកគួតែទទួលបានឯកសារ ជូនដំណឹងដោយផ្ទាល់ដៃ អំពីករណីនេះ។

មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានចុះផ្សាយថា មានលោក Paul Hayes ដែលជាភ្នាក់ងារជូនដំណឹង នៅក្នុងតុលាការអាមេរិក បានប៉ុនប៉ងប្រគល់ឯកសារដោយផ្ទាល់ដៃ ដែលទាក់ទងទៅនឹង ករណីនេះ ទៅលោក ហ៊ុន ម៉ាណែត នៅពេលដែលលោក នៅសហរដ្ឋអាមេរិក នៅក្នុងខែមេសា ហើយមានការចោទប្រកាន់ថា លោក Hayes ត្រូវវាយ ដោយអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត ខណៈពេលដែលព្យាយាមបញ្ជូនឯកសារនោះ។ ប៉ុន្តែលោក Beres និយាយថា លោកមិនបានដឹងអំពី បណ្តឹងព្រហ្មទណ្ឌណាមួយ ដែលកំពុងដំណើរការទាក់ទងនឹង ករណីនៃការព្យាយាមជូនដំណឹង នោះឡើយ។

លោកថ្លែងថា៖ «បញ្ហាចំពោះមុខតុលាការពេលនេះ គឺពុំមែនជាការសម្រេចលើអង្គសេចក្តីនៃពាក្យបណ្តឹងនោះទេ។ ការចោទប្រកាន់ក្នុងពាក្យបណ្តឹង ក៏មិនមែនជាបញ្ហាដែលត្រូវពិនិត្យ នៅក្នុងដំណាក់កាល នេះដែរ។ ដំណើររឿងនេះ គឺផ្អែកលើអង្គហេតុដែលលោក ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មសុច្ឆន្ទៈក្នុងរដ្ឋកាលីហ្វញ៉ា ហើយជាក់ស្តែងនាពេលនោះ មានការប៉ុនប៉ង ក្នុងការជូនដំណឹងពី ពាក្យបណ្តឹង ដោយផ្ទាល់ដៃពីបុគ្គលម្នាក់ ដើម្បីឲ្យលោក ហ៊ុន ម៉ាណែត ដឹងថាមានពាក្យបណ្តឹងប្រឆាំងរូបលោក នៅតុលាការ។

«ជំហររបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានភាពច្បាស់លាស់ យ៉ាងប្រាកដ។ លោកមិនបានដឹងអំពី ពាក្យបណ្តឹងប្រឆាំងរូបលោក មុនលោកធ្វើដំណើរទស្សនកិច្ច ទៅរដ្ឋកាលីហ្វញ៉ា ហើយលោក ក៍មិនបានដឹងថា មានបុគ្គលណាម្នាក់ព្យាយាមប៉ុនប៉ង ប្រគល់ឯកសារជូនលោក នៅពេលនោះដែរ។ គាត់បានដឹងអំពីរឿងទាំងនេះ នៅពេលដែលបានអានសារព័ត៌មាន នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៦៕