VOA
ហ៊ាន សុជាតា
|
វគ្គបណ្តុះបណ្តាលក្រុមការងារបច្ចេកទេសមួយស្តីពីច្បាប់សិទ្ធិទទួលព័ត៌មាន ក្រោមប្រធានបទ «ការការពារអ្នកផ្តល់ព័ត៌មាន និងការសម្ងាត់រដ្ឋ» ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA) |
គិតត្រឹមដើមខែកញ្ញាឆ្នាំ២០១៦នេះ សេចក្តីព្រាងច្បាប់«សិទ្ធិទទួលព័ត៌មាន» ត្រូវបានពិភាក្សាដល់ជំពូកទី៤ និងជំពូកទី៥ ត្រង់ចំណុចព័ត៌មានសម្ងាត់ និងការការពារអ្នកផ្តល់ព័ត៌មាន។
ភ្នំពេញ —
សេចក្តីព្រាងច្បាប់ «សិទ្ធិទទួលព័ត៌មាន» ត្រូវបានពិភាក្សាដល់ចំណុចព័ត៌មានសម្ងាត់ និងការការពារអ្នកផ្តល់ព័ត៌មាន គិតត្រឹមដើមខែកញ្ញាឆ្នាំ២០១៦នេះ។ អ្នកជំនាញយល់ថា ដំណើរការនៃការធ្វើច្បាប់ដែលឲ្យភាគីពាក់ព័ន្ធចូលរួមផ្តល់យោបល់ និងមានការផ្សព្វផ្សាយទូលំទូលាយបែបនេះ អាចជាគំរូល្អក្នុងការតាក់តែងច្បាប់ដទៃទៀត ចៀសវាងមានភាពចម្រូងចម្រាសកើតឡើងដូចច្បាប់ដទៃកន្លងមក។ ក៏ប៉ុន្តែ អ្នកជំនាញក៏អះអាងដែរថា ការកសាងទំនុកចិត្តពលរដ្ឋឲ្យជឿលើប្រព័ន្ធតុលាការក៏ជារឿងចាំបាច់ដែរ។
គិតត្រឹមដើមខែកញ្ញាឆ្នាំ២០១៦នេះ សេចក្តីព្រាងច្បាប់«សិទ្ធិទទួលព័ត៌មាន» ត្រូវបានពិភាក្សាដល់ជំពូកទី៤ និងជំពូកទី៥ ត្រង់ចំណុចព័ត៌មានសម្ងាត់ និងការការពារអ្នកផ្តល់ព័ត៌មាន។ អ្នកជំនាញពេញចិត្តចំពោះដំណើរការនៃការធ្វើច្បាប់«សិទ្ធិទទួលព័ត៌មាន»នេះ ដែលមានភាគីពាក់ព័ន្ធចូលរួមច្រើន និងមានកិច្ចពិភាក្សាលម្អិត ក៏ប៉ុន្តែពួកគេទាមទារឲ្យមានប្រព័ន្ធតុលាការឯករាជ្យ ដើម្បីការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព។
សេចក្តីព្រាងច្បាប់«សិទ្ធិទទួលព័ត៌មាន»ដែលមាន៩ជំពូកនិង៣៦មាត្រានេះ កំពុងស្ថិតក្រោមការពិភាក្សាដោយក្រុមអ្នកជំនាញមកពីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកជំនាញសារព័ត៌មាន ដើម្បីសម្រេចបានច្បាប់មួយដែលកាន់តែសុក្រឹត្យ និងអាចទទួលយកបានពីគ្រប់ភាគី។
សេចក្តីព្រាងច្បាប់ដដែលនេះបានកំណត់ភារកិច្ចដែលស្ថាប័នសាធារណៈនានាត្រូវផ្តល់ និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ព្រមទាំងកាត់បន្ថយព័ត៌មានសម្ងាត់ឲ្យមានកម្រិតទាបបំផុត។ ក៏ប៉ុន្តែនិយមន័យនៃពាក្យថា«ព័ត៌មានសម្ងាត់» ដែលសំដៅដល់ព័ត៌មានទាក់ទងនឹងសន្តិសុខជាតិនោះកំពុងពិភាក្សានៅឡើយ។
ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលក្រុមការងារបច្ចេកទេសមួយក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ«ការការពារអ្នកផ្តល់ព័ត៌មាន និងការសម្ងាត់រដ្ឋ» នាព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកស្រីវ៉ាន់ ហ៊ីលី (Wan Hea Lee) តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ថ្លែងតាមរយៈអ្នកបកប្រែភាសាយ៉ាងដូច្នេះថា៖
«អ្នកព័ត៌មានត្រូវការនូវច្បាប់ដើម្បីការពារសិទ្ធិរបស់ពួកគាត់។ កន្លងមកគឺថា អ្នកផ្តល់ព័ត៌មានតែងតែជួបនូវផលវិបាក។ ពួកគេភាគច្រើនត្រូវបានគេយកច្បាប់មកសង្កត់ ដាក់ទោសទណ្ឌទៅលើពួកគេ។ យើងមានច្បាប់ស្តីពីការផ្តល់នូវព័ត៌មាននេះដោយអ្នកជំនាញ។ ហើយយើងត្រូវការនូវតុលាការឯករាជ្យមួយដែលសិទ្ធិរបស់សាធារណជនត្រូវមានតុល្យភាព»។
លោកព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា យល់ថា ការតាក់តែងច្បាប់«សិទ្ធិទទួលព័ត៌មាន»ឲ្យមានភាពលម្អិត និងគ្រប់ជ្រុងជ្រោយនេះ អាចជួយជំរុញឲ្យមានការអនុវត្តច្បាប់កាន់តែប្រសើរ ក៏ប៉ុន្តែលោកថ្លែងថា ការកសាងទំនុកចិត្តពលរដ្ឋឲ្យជឿលើអ្នកអនុវត្តច្បាប់ក៏ជារឿងចាំបាច់ដែរ ជាពិសេសគឺប្រព័ន្ធតុលាការ។
«តុលាការឯករាជ្យ វាសំខាន់សម្រាប់ច្បាប់ទាំងអស់។ ពេលអនុវត្តត្រូវចូលទៅប្រព័ន្ធតុលាការ។ អញ្ចឹងភាពឯករាជ្យនៃប្រព័ន្ធយុត្តិធម៌គឺជាចាំបាច់បំផុត។ បញ្ហាទំនុកចិត្តពលរដ្ឋលើប្រព័ន្ធយុត្តិធម៌យើងនេះជាវិបត្តិសង្គម មានប្រភពមូលហេតុដោយសារអំពើពុករលួយ និងការជ្រៀតជ្រែកនយោបាយ។ ដំណោះស្រាយគឺធ្វើកំណែទម្រង់ស៊ីជម្រៅ ធ្វើឲ្យឃើញជាក់ស្តែងក្នុងរយៈពេលមិនយូរ ឲ្យពលរដ្ឋឃើញវិញថា អ្វីដែលជាការព្រួយបារម្ភពីមុនត្រូវបានកែសម្រួល»។
លោកព្រាប កុលបន្ថែមថា រដ្ឋាភិបាលអាចយកដំណើរការនៃការតាក់តែងច្បាប់ «សិទ្ធិទទួលព័ត៌មាន»នេះជាគំរូល្អមួយសម្រាប់ការតាក់តែងច្បាប់ផ្សេងៗទៀត ចៀសវាងមានភាពចម្រូងចម្រាសដូចច្បាប់មួយចំនួនកន្លងមក ជាឧទាហរណ៍ច្បាប់សហជីពជាដើម។
«គំរូល្អទី១គឺការតាក់តែងនៃច្បាប់នេះ អនុញ្ញាតឲ្យមានការផ្តល់ទិន្នន័យចូល ឬធាតុចូលពីភាគីពាក់ព័ន្ធ ទាំងសង្គមស៊ីវិល វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ រាជរដ្ឋាភិបាល សារព័ត៌មាន មហាជនទូទៅគឺគ្រប់សមាសភាព។ គំរូល្អទី២គឺពេលវេលាសម្រាប់ពិគ្រោះយោបល់គឺមានពេលគ្រប់គ្រាន់សម្រាប់ជជែកគ្នាដោយការជួបផ្ទាល់ជជែកគ្នាដោយក្រុមការងារបច្ចេកទេស។ ទី៣មានសិក្ខាសាលាដើម្បីឲ្យភាគីច្រើនទៀតផ្តល់យោបល់។ ហើយសំខាន់ជាងគេគឺមានលើគេហទំព័រ ផ្តល់ឲ្យសាធារណជនចូលរួមផ្តល់យោបល់»។
ទន្ទឹមនឹងដំណើរការសេចក្តីព្រាងច្បាប់«សិទ្ធិទទួលព័ត៌មាន» ដែលមានចែងអំពី «ព័ត៌មានសម្ងាត់» និង«ការការពារអ្នកផ្តល់ព័ត៌មាន» ហើយនោះ នាពេលថ្មីៗនេះអង្គភាពប្រឆាំងអំពើពុករលួយក៏កំពុងរៀបចំបង្កើតមាតិកានៃសេចក្តីព្រាងច្បាប់ស្តីពី«ការការពារសាក្សី និងបុគ្គលរាយការណ៍»ផងដែរ។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងវគ្គបណ្តុះបណ្តាលក្រុមការងារបច្ចេកទេសមួយស្តីពីច្បាប់សិទ្ធិទទួលព័ត៌មានក្រោមប្រធានបទ«ការការពារអ្នកផ្តល់ព័ត៌មាន និងការសម្ងាត់រដ្ឋ» ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដឹងថា ច្បាប់ស្តីពី«ការការពារសាក្សី និងបុគ្គលរាយការណ៍»គឺជាច្បាប់មួយដែលក្មេងជាងគេនៅលើពិភពលោក ដែលមានវត្តមានត្រឹមជាង១០ឆ្នាំប៉ុណ្ណោះ។ លោកឱម យ៉ិនទៀងឲ្យដឹងទៀតថា ច្បាប់ថ្មីនេះគ្រោងនឹងកំណត់ឲ្យមានអានុភាពគ្របដណ្តប់លើរាល់បុគ្គលរាយការណ៍ រាប់បញ្ចូលទាំងអ្នករាយការណ៍អំពីគ្រឿងញៀន ជួញដូរផ្លូវភេទ លាងលុយខ្មៅ ឧក្រិដ្ឋកម្ម និងអំពើពុករលួយជាដើម។
កាលពីដើមឆ្នាំ២០១៦ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថា CCIM បានចេញរបាយការណ៍មួយមានចំណងជើងថា«ឧបសគ្គនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ»។ របាយការណ៍នោះបញ្ជាក់ថា ជាទូទៅអ្នកសារព័ត៌មានមានការលំបាកក្នុងការទទួលបានព័ត៌មានពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ អំពើពុករលួយ ការរំលោភដីធ្លី ការប្រើប្រាស់ថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទ្រព្យសម្បត្តិរបស់មន្ត្រីសាធារណៈ សេចក្តីសម្រេច ឬឯកសាររបស់តុលាការ កំណត់ហេតុប្រជុំរបស់រដ្ឋសភា និងសេចក្តីព្រាងច្បាប់ចម្រូងចម្រាស់នានា៕